ភ្នំពេញ៖ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាសរុបចំនួន៣២៩.៧៣៦ដុល្លារ ដល់អង្គភាពទទួលជំនួយចំនួនបួន។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ នារសៀលថ្ងៃទី៥ខែធ្នូឆ្នាំ២០១៧ នៅស្ថានទូតជប៉ុន លោកហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាសរុបចំនួន៣២៩.៧៣៦ដុល្លារ ដល់អង្គភាពទទួលជំនួយចំនួនបួន គឺ១)ថវិកាចំនួន៨៧៥៨៧ដុល្លារ សម្រាប់គម្រោងជួលជុលផ្លូវមួយខ្សែ ក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ។ ២) ថវិកាចំនួន៨៩៦៣២ដុល្លារ សម្រាប់គម្រោងសាងសង់អគារមណ្ឌលសុខភាពក្រញូងសែនជ័យ ខេត្តក្រចេះ ដល់មន្ទីរសុខាភិបាលខេត្តក្រចេះ។ ៣)ថវិកាចំនួន៨៤៩៧២ដុល្លារ សម្រាប់គម្រោងសាងសង់អគារមណ្ឌលសុខភាពបារ៉ុង ខេត្តកណ្តាល ដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម ខេត្តកណ្តាល។ និង៤) ថវិកាចំនួន៦៧៥៤៥ដុល្លារ សម្រាប់គម្រោងបំពាក់ម៉ាស៊ីនកាំរស្មីអ៊ិចនិងម៉ាស៊ីនឆ្លុះអេកូនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាម ដល់មន្ទីរពេទ្យកុមារអង្គរ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះហត្ថលេខា ដើម្បីទទួលជំនួយសម្រាប់គម្រោងធ្វើផ្លូវអោយប្រសើរឡើងវិញ ក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។ លោក សំ លាងទ្រី បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេជប៉ុន រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋជប៉ុនដែលតែងតែផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសជំនួយគូសាណូណិ។
លោកប្រធានមន្ទីរ បានថ្លែងថា ជំនួសមុខអោយក្រុមប្រឹក្សា និងអាជ្ញាធរខេត្តព្រះវិហារនិងប្រជាពលរដ្ឋខេត្តព្រះវិហារនិងនិយាយដោយឡែកប្រជាពលរដ្ឋស្រុលរវៀង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា តាមរយ:ការផ្តល់ជំនួយឥតសំណងយ៉ាងច្រើនសំរាប់ការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូរវន្តដល់ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ ប្រទេសជប៉ុន បានគាំទ្រចំពោះការអភិវឌ្ឍន៍មូលដ្ឋានភូមិ-ឃុំ ក្រោមជំនួយគូសាណូណិជាដើម គឺសំដៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជានៅតំបន់ដាច់ស្រយាលយ៉ាងមានប្រសិទ្ធភាព។ លោកប្រធានបន្តទាំងក្ដីសង្ឃឹមថា រដ្ឋាភិបាលជប៉ុន នឹងបន្តបង្កើនការជួយដល់កម្ពុជាក្នុងការអភិវឌ្ឍមូលដ្ឋានបែបនេះ នៅពេលខាងមុខជាបន្តបន្ទាប់ទៅទៀត។
លោកបានបន្តថា ទន្ទឹមនឹងការទទួលបាននូវគម្រោងនេះ និងបន្ទាប់ពីការសាងសង់រួច វាពិតជាជួយសម្រួលដល់ជីវភាពប្រជាជន ដោយចំណាយពេលវេលាតិចក្នុងការធ្វើដំណើរទៅកាន់សាលារៀន វត្តអារាម និងមន្ទីរពេទ្យជាដើម ជាពិសេសនោះ វាបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដែលជាយន្តការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង៕ ដោយ៖កូឡាប