ខេត្តពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាកសិករ ត្រូវផ្តោតការយកចិត្តទុកដាក់ បង្កបង្កើនផលទាំងដំណាំស្រូវ និងដំណាំបន្លែបង្ការគ្រប់ប្រភេទ ដោយគិតទៅលើគុណភាពនិងប្រសិទ្ធភាពផលិតផល ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងទីផ្សារ និងការនាំចេញទៅក្រៅប្រទេស ។
ការអំពាវនាវបែបនេះ កាលពីថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២០ នៅបរិវេណវត្តក្តីឈ្វិត (ហៅវត្តក្តីឧត្តម) ក្នុងឱកាសចុះចែកស្រូវពូជសែនក្រអូប ប្រមាណ៤តោនកន្លះ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ជូនដល់ប្រជាកសិករសម្រាប់ធ្វើស្រែដើមរដូវ ចំនួន១៥០គ្រួសារ ដែលមកពី៨ភូមិ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថា ផ្តើមចេញពីការគិតគូដោះស្រាយ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខនិងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ដោយសារគ្រោះធម្មជាតិរាំងស្ងួត ធ្វើឱ្យដំណាំស្រូវទទួលរងការខូចខាតនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមជួយដោះស្រាយពូជស្រូវ ជូនដល់បងប្អូនប្រជាកសិករណាដែលខ្វះខាតជាបន្ទាន់។
ជាក់ស្តែងថ្ងៃនេះ ប្រជាកសិករចំនួន១៥០គ្រួសារ មកពី៨ភូមិ ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ពិតជាមានការខ្វះខាត និងបានទទួលយកស្រូវពូជសែនក្រអូប យកទៅសាបព្រោះបើកធ្វើស្រែដើមរដូវ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៣០គីឡូក្រាម។ ការផ្តល់ជូនពូជស្រូវនាពេលនេះ គឺសំដៅធ្វើយ៉ាងណា ឱ្យការងារបង្កបង្កើនផលស្រូវរដូវវស្សា ទូទាំងខេត្តពោធិ៍សាត់ឆ្នាំនេះ កាន់តែមានសន្ទុះជាងបណ្តាឆ្នាំកន្លងមក។ ខេត្តពោធិ៍សាត់របស់យើង ពិតជាមានភ័ព្វសំណាងណាស់ ដែលទទួលបាននូវសមិទ្ធផលជាច្រើនពី សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា រួមមានទំនប់ស្ទាក់ទឹកទី៣និងទី៥នៅក្នុងស្រុកភ្នំក្រវាញ ប្រព័ន្ធស្រោចស្រពធំៗចំនួន២កន្លែង គឺប្រឡាយមេដំណាក់អំពិល និងប្រឡាយមេចារឹក ក្នុងភូមិសាស្ត្រប៉ែកខាងលើ រួមមានស្រុកភ្នំក្រវាញ ស្រុកតាលោសែនជ័យ ស្រុកបាកាន ក្រុងពោធិ៍សាត់និងប៉ែកខាងក្រោម ក្នុងស្រុកកណ្តៀង។
ឯកឧត្តម ម៉ៅ ធនិន នៅចំពោះមុខប្រជាពលរដ្ឋ បានស្នើឱ្យមន្ទីរធនធានទឹក និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ដើម្បីជួយសម្រួលដោះស្រាយទឹក ចេញពីប្រឡាយមេ ជូនបងប្អូនប្រជាជនយើងប្រើប្រាស់ ឱ្យបានសមស្របទៅតាមរដូវកាល។ សូមផ្ដាំផ្ញើដល់ប្រជាកសិករ ធ្វើការពិភាក្សាជាមួយរោងម៉ាស៊ីនកិនស្រូវ ឬភ្នាក់ងារកសិកម្ម ដែលចុះជាប់ជាប្រចាំ ត្រូវជ្រើសរើសពូជស្រូវណា ដែលជាតម្រូវការទីផ្សារ និងធានាតម្លៃនាំចេញ១០០ភាគរយ៕
ដោយ៖អ៊ុងសារុំ