មជ្ឈដ្ឋានអ្នកបុរាណវិទូចាត់ទុកថា Computer បុរាណបំផុតមនុស្សលោក គឺជាបរិក្ខារបុរាណរបស់ជនជាតិក្រិក ប្រើប្រាស់ដើម្បីគណនាបណ្តាទីតាំងរបស់កញ្ចុំផ្កាយទាំងឡាយ ហើយវាមានអាយុកាលយ៉ាងតិច ២០០០ ឆ្នាំ ។
គេហទំព័រ Daily Beast ថ្មីៗនេះឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបានរំជើបរំជួលខ្លាំងក្លាជាងមុន គ្រាដែលមជ្ឈដ្ឋានបុរាណវិទ្យាប្រកាសជាសាធារណៈថា បានរកឃើញវត្ថុមួយផ្សេងទៀតត្រូវបានចាត់ទុកថាជាថាស (Disk) មួយមានទាក់ទិនដល់ម៉ាស៊ីន Computer Antikythera នៅឯបាតសមុទ្រ Aegean ។
ម៉ាស៊ីន Computer ដែលគេដាក់ឈ្មោះថា Antikythera បានបាត់ខ្លួនតាំងពីជាង២០០០ឆ្នាំមុន គ្រាដែលនាវាដឹកទំនិញមានផ្ទុកវានោះបានលិចនៅឯតំបន់សមុទ្រនៃកោះ Antikythera របស់ក្រិក។
Computer បុរាណនោះហើយ ដំបូងឡើងគេនឹកស្មានថាវាជាដុំពណ៌បៃតងមួយមានសម្បករឹងខាងក្រៅ ហើយនាំគ្នាហៅថាជាផ្ទាំងថ្មមួយដុំ។
ពួកគេបាននាំវាយកទៅឱ្យបុរាណវិទូ Valerios Stais នៃសារមន្ទីរបុរាណវិទ្យាជាតិនៅ Athens ។ពេលនោះក៏គេមិនដឹងថាដុំពណ៌បៃតងជាអ្វីដែរ។
ពីរទសវត្ស ត្រូវបានទឹកសមុទ្រធ្វើវាឱ្យរេចរឹល ទាំងកប៉ាល់ និងទំនិញទាំងឡាយ។ ប៉ុន្តែសំណាងល្អ បងប្រុសរបស់អ្នកបុរាណវិទូខាងលើ គឺលោក Spyridon Stais គឺជាគណិតវិទូម្នាក់ ហើយក៏ជាជនដំបូងដែលបានស្រាយបញ្ជាក់អំពីស្ពឺទាំងឡាយនៅក្នុងម៉ាស៊ីនComputer។
ក្រោយមក អាស្រ័យដោយការអភិវឌ្ឍរបស់បច្ចេកវិជ្ជា X-ray និងការរួមចំណែករបស់អ្នកវិទ្យាសាស្ត្រផ្សេងទៀត ទើបគេអាចកំណត់ច្បាស់ថាដុំពណ៌បៃតងនោះគឺជាម៉ាស៊ីនComputer ដែលមានបច្ចេកវិជ្ជាជឿនលឿននាសម័យកាលបុរាណ កាលពីជាង ២០០០ឆ្នាំមុន។
Computer នេះមានស្ពឺជាង៣០ ត្រូវបានបង្កើតឡើងតាមបែបសិប្បកម្ម។ គេប្រៀបធៀបថាចំនួនស្ពឺនេះវាមានប្រហាក់ប្រហែលនឹងចំនួនស្ពឺនៃនាឡិកាធុនមធ្យមរបស់ស្វីសក្នុងសម័យបច្ចុប្បន្ន។ ម៉ាស៊ីននេះអាចគណនាបាននូវចំណោទមួយចំនួន គិតគូរបានអំពីចលនារបស់ព្រះចន្ទ ព្រះអាទិត្យ តាមឃ្លាំមើលចលនារបស់បណ្ដាកញ្ចុំផ្កាយនិងភពដទៃទៀត ក៏ដូចជាអាចព្យាករណ៍ដឹងមុនអំពីសូរ្យគ្រាសនិងចន្ទគ្រាស។ល។
នៅឆ្នាំ ២០១២ អ្នកវិទ្យាសាស្ត្រមួយក្រុមបាននាំគ្នាចុះទៅស្រាវជ្រាវនៅតំបន់សមុទ្រដែលរកឃើញម៉ាស៊ីន Computer ខាងលើ ហើយបានបន្តប្រទះឃើញថាស (Disk) ពិសេសមួយដែលរងភាពរេចរឹល មានវិជ្ឈមាត្រ ៨សង់ទីម៉ែត្រ។
តាមការវិភាគដោយ X-ray ក្រោយមកក៏ពិនិត្យឃើញថាថាសនេះមានចម្លាក់និមិត្តសញ្ញានៃផ្កាយ Taurus ។ ដូច្នេះទន្ទឹមនឹងការរកឃើញម៉ាស៊ីន Computer ប្រើប្រាស់បច្ចេកវិជ្ជា analog បុរាណបំផុតនោះ ការរកឃើញថាសនេះបានត្រួសត្រាយផ្លូវបង្កើនជំនឿចិត្តសម្រាប់ទិសដៅស្រាវជ្រាវមួយថ្មី។
ពេលនេះអ្នកវិទ្យាសាស្ត្រមិនទាន់អះអាងថាថាសដែលគេរកឃើញនោះជារបស់Computer Antikythera Mechanism ដែលគេបានរកឃើញ ឬជារបស់បរិក្ខារមួយផ្សេង។ ម្យ៉ាងទៀត ចម្លាក់និមិត្តរូបនៃកញ្ចុំផ្កាយTaurus នៅលើថាសដែលគេរកឃើញគឺជាចំណោទដ៏អាថ៌កំបាំងសម្រាប់ការស្រាវជ្រាវនាថ្ងៃអនាគត៕លីសា