ខេត្តសៀមរាប ៖ អំពើឃាតកម្មមួយ គឺឪពុកបានកាប់សម្លាប់កូនប្រុស ហើយអូសសពយកទៅទម្លាប់ចោល ក្នុងទឹកស្រះខាងក្រោយផ្ទះ ដែលហេតុការណ៍នោះ បានកើតឡើងនៅភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀម រាប កាលពីម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៣ វិច្ឆិកា។
ជនរងគ្រោះឈ្មោះ ស៊ុន ថា ភេទប្រុស អាយុ២៩ឆ្នាំ ជាមនុស្សវិកលចរិត ចំណែកសង្ស័យឈ្មោះ ស៊ិន ធុល ភេទប្រុស អាយុ៥៥ឆ្នាំ ត្រូវជាឪពុកបង្កើតជនរងគ្រោះ។ តាមសាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់ សមត្ថកិច្ចថា ជនរងគ្រោះដែលជាកូន មានសតិមិនប្រក្រតី ហើយតែងតែបង្ករឿងរកាំរកុះក្នុងក្រុមគ្រួសារ ទើប ធ្វើឲ្យឪពុកទ្រាំលែងបាន ក៏ដាច់ចិត្តលើកដៃកាប់សម្លាប់កូន រួចអូសសព យកទៅទម្លាប់ក្នុងស្រះខាងក្រោយផ្ទះ ហើយគេចខ្លួនបាត់។ ទោះជាយ៉ាងក្តី ឪពុកដែលជាជន ដៃដល់ ពេលនេះសមត្ថកិច្ចកំពុងតាមប្រមាញ់ ចាប់ខ្លួនដើម្បីនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ