Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជធានី​ភ្នំពេញ ក្នុង​មួយ​ថ្ងៃ មាន​សំរាម​ជិត​៣.០០០​តោន ខណៈ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ៣​ថ្ងៃ​មាន​សំរាម​ជាង​៨.០០០​តោន

​ភ្នំពេញ ​៖ អភិបាលរង​រាជធានី​ភ្នំពេញ បាន​អះអាង​ថា នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយ​ថ្ងៃ មាន​សំរាម​សំណល់​រឹង ជិត​៣.០០០​តោន ក្នុង​មួយ​ថ្ងៃ ដែល​ចំនួន​៦០​ភាគរយ ជា​សំរាម​សើ​ម ២០​ភាគរយ​ជា​ប្រភេទ​សំរាម​ថង់ប្លាស្ទីក និង​១០​ភាគរយ​ទៀត ជា​សំរាម​សំណល់​រឹង​។ ចំណែកឯ​ការកែច្នៃ​សំរាម មាន​ត្រឹមតែ​២០​ភាគរយ​ប៉ុណ្ណោះ ដែល​ធ្វើ​អត្រា​សំណល់​សំរាម​រឹង ដែល​ប្រមូល​ដឹក​ទៅ​ចាក់​ទីលាន​ចាក់​សំរាម ៧០​ទៅ​៨០​ភាគរយ ចំណែកឯ​នៅ​សល់​យើងទាំងអស់គ្នា តែងតែ​ឃើញ​វត្តមាន​សំរាម ជាពិសេស​ថង់ប្លាស្ទីក នៅតែ​មាន​ការ​រាយប៉ាយ​តាម​ដងផ្លូវ តាម​ប្រព័ន្ធ​ប្រឡាយ​ទឹកលូ និង​តាម​ដីឡូត៍​។​ល​។ នៅ​ចំពោះមុខ នៃ​កំណើន​សំរាម គឺ​យើង​ទាំងអស់គ្នា ត្រូវ​ចាំបាច់​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​។

​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​សំអាត​អនាម័យ​បរិស្ថាន ក្រោយ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក ដើម្បី​អបអរសាទរ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣​វិច្ឆិកា ដែល​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សួន​វត្ត​បទុម​វ​តី លោក សេង គ្រី ប្រធានស្តីទី​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣​វិច្ឆិកា ត្រូវបាន​រៀបចំឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង គោលបំណង​លើកកម្ពស់​គុណភាព​បរិស្ថាន និង​អនាម័យ តាមរយៈ​ការធ្វើ​អនាម័យ​បរិស្ថាន​រួមគ្នា ផ្សព្វផ្សាយ អប់រំ​ដល់​សាធារណជន​ទូទៅ នូវ​ការផ្លាស់ប្តូរ​ឥរិយាបថ និង​ទម្លាប់​នៃ​ការរស់នៅ​ប្រចាំ​ថ្ងៃ​ឱ្យ​មាន​ការគិតគូ​អំពី​ការ សំអាត​អនាម័យ​បរិស្ថាន ដូច​ជា​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ចោល​សំរាម​ឱ្យចំ​ធុងសំរាម​ជាដើម​។​

​លោក​ប្រធាន​មន្ទីរ​ស្តីទី បាន​ថ្លែងបន្តថា តាំងពី​អតីតកាល រហូតដល់​បច្ចុប្បន្ន បញ្ហា​បរិស្ថាន​ទាក់ទិន​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​កំណើន​របស់​ប្រជាពលរដ្ឋ កំណើន​សកម្មភាព​អភិវឌ្ឍន៍ និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ ដែល​បង្ក​ឲ្យមាន​កង្វល់​ដល់​បរិស្ថាន​មួយចំនួន ដូចជា កំណើន​នូវ​សំណល់​រឹង សំរាម ដែល​កើនឡើង​ដោយ​ឆាប់រហ័ស​នៃ​ចំនួន​ប្រជាពលរដ្ឋ ទាំង​អ្នក​ដែល​លំនៅដ្ឋាន​អចិន្ត្រៃយ៍ អ្នក​ប្រកប​របរ និង​អ្នក​ទេសចរណ៍​រួមជាមួយ កំណើន​បច្ចេកវិជ្ជា ជីវភាព​ប្រចាំថ្ងៃ បាន​ធ្វើឲ្យ​បរិមាណ​សំរាម​មាន​ការកើនឡើ​ង នា​បច្ចុប្បន្ននេះ គឺ​នៅ​រាជធានី​ភ្នំពេញ ក្នុង​មួយ​ថ្ងៃ​មាន​បរិមាណ​សំរាម​ចំនួន​២៧.០០០​តោន​។ លោក​បន្តថា ក្នុង​រយៈពេល​៣​ថ្ងៃនេះ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប​សំពះ​ព្រះខែ​និង​អកអំបុក សំរាម​មាន​ចំនួន​៨.៣២១​តោន ដោយ​ថ្ងៃទី​១ មាន​៣.០០០​តោន ថ្ងៃទី​២ មាន​២.៧០០ តោន និង​ថ្ងៃ​ទី​៣ មាន​២.៦០០​តោន​។​

​លោក​បាន​ទទួលស្គាល់ថា “​ប្រសិទ្ធភាព​នៃ​កិច្ច​គាំ​បរិស្ថាន​នៅ​មាន​កម្រិត ដោយសារ​ខ្វះ​ធនធានមនុស្ស និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ អ្នកវិនិយោគ និង​ម្ចាស់​ប្រភព​បំពុល​មួយចំនួន ស្រប​ជាមួយនឹង​ការអនុវត្ត​ច្បាប់ របស់​មន្ត្រី​ស្ថាប័ន អង្គភាព​មួយ​ចំនួន​នៅមានកម្រិត ហើយ​ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ​មាន​បរិស្ថាន​ល្អ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ រៀបចំ​យុទ្ធនាការ រួមគ្នា​ធ្វើ​បរិស្ថាន ហើយ​អង្គពិធី​ថ្ងៃនេះ​ផ្សារភ្ជាប់​ចំណេះដឹង ទៅ​សកម្មភាព​រើស​សំរាម​តាម​ទីសាធារណៈ ដែល​ជា​សារ​បង្ហាញ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ សូម​កុំ​បោះ​សំរាម​ចោល​ផ្តេសផ្តាស់ និង​សូម​កាន់​សំរាម​ទៅ​បោះចោល​ឲ្យបាន​ត្រឹមត្រូវ​”​។

​នា​ឱកាស​នោះ លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា ការ​ប្រារព្ធ​ទិវា អនាម័យ​បរិស្ថាន​ជាតិ ២៣​វិច្ឆិកា គឺជា​ចលនា​បង្កើន​ការចូលរួម​យ៉ាង​ផុសផុល ពី​សាធារណជន ក្នុង​ការលើកកម្ពស់​គុណ​ភាព​បរិស្ថាន កែលម្អ​សោភ័ណភាព​ទីក្រុង ទីប្រជុំជន សំដៅ​បំបាត់​ភាពកខ្វក់ សំរាម និង​កាក​សំណល់​ផ្សេងៗ​។ លោក​អភិបាលរង បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​កែប្រែ​ឥរិយាបថ និង​ទម្លាប់​ក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ​ឲ្យមាន​ការគិតគូរ ពី​បញ្ហា​បរិស្ថាន ជា​ពិសេស​ធ្វើ​យ៉ាងណា​ត្រូវ​ចេះ​គិតគូរ​វេច​ខ្ចប់​កាក​សំណល់​រឹង ឲ្យបាន​ត្រឹមត្រូវ ស្រប​តាម​ប្រធានបទ តោះ​រួមគ្នា​សំ​អាម​ផ្ទះ​របស់​យើង​។​

​លោក​បាន​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ត្រូវ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទីក ជា​អតិបរមា​នៅ​កំណើន​មិនចាំបាច់ គឺ​ថង់ប្លាស្ទីក​បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ទៅ​ដល់​សោភ័ណភាព​ទីក្រុង ការកកស្ទះ​ប្រព័ន្ធ​លូ បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​សត្វ និង​បរិស្ថាន ដោយសារ​តែ​សំណល់​នេះ​ជា​ប្រភេទ​សំណល់​មិន​ងាយ​ពុកផុយ និង​ពោរពេញ​ទៅ​ដោយ​សារធាតុ​ខ្ពស់​ប្រភេទ​ឧស្ម័ន​កាបូ​និក ដែល​ជា​ភ្នាក់ងារ​បង្កើត​មេរោគ និង​ជំងឺ​មហារីក​នៅពេលដែល យក​ថង់ប្លាស្ទីក​ទៅ​ដាក់​របស់​ក្តៅ​ដូចជា សម្ល បាយ បណ្តាល​ឲ្យ​រលាយ ជាតិ​វិទ្យុសកម្ម ហើយ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទីក​ជា​ជម្រើសដ៏​ល្អ​បំផុត​៕​ ​ដោយ​៖​កូឡាប​

×