លោក វណ្ណ ផាណ្ណា អ្នកមើលការខុសត្រូវ និងជាអ្នកស្ថាបនា និងអភិវឌ្ឍន៍វត្ដរាជបូព៌ លោកមានប្រសាសន៍ថា វិចិត្រករនៅខេត្តសៀមរាប នៃអង្គការសិល្បៈខ្មែរអមតៈ បានច្នៃប្រឌិត ដោយយកដបទឹកសុទ្ធចំនួន៦.០០០ដប និងទុយោចំនួន ១៦.០០០ដើម មកច្នៃចេញជាចាប៉ីដងវែង មានប្រវែង៦ម៉ែត្រ ដើម្បីយកទៅដាក់តាំង នៅមហោស្រពចាប៉ីដងវែង នៅក្នុងបរិវេណវត្តរាជបូព៌ ក្នុងសៀមរាប ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមខនេះ ដើម្បីលើកស្ទួយដល់សិល្បៈចាប៉ី ដែលប្រឈមនឹងបាត់បង់ ខណៈកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនេះ បានដឹកតាមរយៈរទេះគោ ដោយមានកង់ធាក់ បង្ហាញជាសាធារណៈ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក នៅខេត្តសៀមរាប ។ នេះបើតាមការផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី២៤វិច្ឆិកានេះ។
លោក វណ្ណ ផាណ្ណា បានបញ្ជាក់ទៀតថា ការច្នៃជាចាប៉ីដងវែង ពីដបទឹកសុទ្ធនេះ គឺក្នុងគោលបំណងបង្ហាញ ដល់ពលរដ្ឋខ្មែរ ឲ្យចេះរក្សាទុកសំរាម និងបោះចោលសំរាម ឲ្យមានរបៀប និងត្រឹមត្រូវ ដើម្បីកុំឲ្យមានកាកសំណល់ប៉ះពាល់ ដល់សុខភាពមនុស្ស និងបង្ហាញពីសំរាម ក៏មានអត្ថប្រយោជន៍ផងដែរ ជាពិសេស ចង់ឲ្យកូនខ្មែរ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស់ស្ទីកផងដែរ ព្រោះវាបានជះឥទ្ធពល ពីបរិស្ថានមិនល្អ ដែលធ្វើប៉ះពាល់ទីក្រុងទេសចរណ៍អង្គរ មានភ្ញៀវទេសចររាប់លាននាក់មកទស្សនា ។
លោក វណ្ណ ផាណ្ណា បានអំពាវនាវដល់ពលរដ្ឋខ្មែរ សូមជួយរក្សាទុកសំរាម ជាពិសេសជាតិប្លាស់ស្ទីក ឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាបរិស្ថាន អនាម័យ នៅក្នុងតំបន់ទេសចរណ៍អង្គរ ជួយលើកស្ទួយទីក្រុងបុរាណមួយនេះ ឲ្យក្លាយជាតំបន់ទេសចរណ៍ពណ៌បៃតង ហើយអង្គការសិល្បៈខ្មែរអមតៈ បានជួយជ្រោមជ្រែងដល់យុវជន ឲ្យមានជំនាញសិល្បៈរាប់រយនាក់ ជាពិសេសបង្រៀនឲ្យចេះសម្បែងសិល្បៈបុរាណខ្មែរ ៕ ដោយ ៖ បញ្ញាស័ក្តិ