ភ្នំពេញ ៖ នៅលើហ្វេសប៊ុករបស់ខ្លួន លោកព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា ដែលជាបុត្រសម្ព័ន្ធរបស់អង្គការតម្លាភាពអន្តរជាតិមួយ មានមូលដ្ឋាននៅបរទេស បានអួតក្អេងក្អាង ពីការទទួលបានទិដ្ឋាការ ដោយងាយស្រួលបំផុត ដើម្បីទៅសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប មួយចំនួន ដោយមិនចាំបាច់ ចំណាយពេលយូរ ដូចប្រជាពលរដ្ឋធម្មតា និងមន្ត្រីមួយចំនួនឡើយ។ ការសរសេរដៀមដាមនេះ ធ្វើឡើងក្រោយពេលដែលលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីភាពតឹងរ៉ឺង ក្នុងការផ្តល់ទិដ្ឋាការ ដល់រូបគាត់ ដែលនឹកកូន ចង់ទៅសាកសួរសុខទុក្ខកូនខ្លួន ដែលកំពុងតែរស់នៅ និងបំពេញការងារ ជាមេធាវីការពារឱ្យជនក្រីក្រ នៅសហរដ្ឋអាមេរិក។
មនុស្សកំពូលអួត លោកព្រាប កុល នេះ បានសរសេរលើហ្វេសប៊ុកខ្លួនថា៖ ” ខ្ញុំគ្រាន់តែជាសាមញជនម្នាក់ គ្មានមុខងារជាឧត្តមមន្ត្រីអី្វទេ ហើយកាន់លិខិតឆ្លងដែនរាស្ត្រ ដែលរលប់អក្សរនៅក្របខាងលើទៀត។ ប៉ុន្តែពេលខ្ញុំសុំទិដ្ឋាកា (VISA) ទៅអាមេរិកចំនួនត្រឹមតែ៣ថ្ងៃ អាមេរិកយល់ព្រមឱ្យទិដ្ឋាកាខ្ញុំរហូតដល់ទៅ ៣ ខែ។ ពេលខ្ញុំសុំទិដ្ឋាកាទៅអឺរ៉ុប ត្រឹមតែ ២ សប្តាហ៍ អឺរ៉ុបឱ្យទិដ្ឋាកាខ្ញុំ រហូតដល់ទៅ ២ ឆ្នាំ។ ហេតុអ្វីអាមេរិក ធ្វើបែបហ្នឹងដាក់ឧត្តមមន្ត្រីខ្មែរ ដែលកាន់ប៉ាស្ព័រការទូតអញ្ចឹង? ម៉ិចក៏ធ្វើអញ្ចឹង អស់លោកអាគាំង?”។
ក្នុងផេករបស់លោកព្រាប កុល ដែលសរសេរតភាគ បានបញ្ជាក់បន្ថែមថា “អ្នកលាបពណ៌ឱ្យខ្ញុំមធ្យមទេ តែងុំអ្នកចុច Like ការលាបពណ៌បែបនេះ។ ខ្ញុំទទួលបានការបោះឆ្នោត ដើម្បីបម្រើឱ្យសមាជិក នៅជាងមួយរយប្រទេស ដូច្នេះខ្ញុំមានបេសកកម្ម និងកាតព្វកិច្ចនៅលើឆាកអន្តរជាតិ ដែលតម្រូវឱ្យខ្ញុំចេញចូល ប្រទេសទាំងអស់នោះជារឿយៗ។ ដូច្នេះគេឱ្យទិដ្ឋាការខ្ញុំ គ្មានអ្វីចម្លែកទេ។
ការពិតគឺ គ្មានប្រទេសណា១ មានអានុភាព និងឥទ្ធិពលមកលើមនសិកា និងឧត្តមគតិរបស់ខ្ញុំឡើយ។ ប្រាក់ខែខ្ញុំទទួលបាន គឺជាថ្លៃសេវាកម្ម ពេលវេលា កម្លាំងកាយ និងផលិតផល នៃប្រាជ្ញារបស់ខ្ញុំ ដែលនេះជារឿងធម្មតា។
ដល់ពេលចប់អាណត្តិ នៃមុខងារខ្ញុំ ខ្ញុំនឹងស្វែងរកការងារសុចរិតផ្សេងទៀត ធ្វើដើម្បីចិញ្ចឹមជីវិត និងបម្រើមនសិកា/ឧត្តមគតិបន្តទៀត។ បើរកការងារមិនបាន ខ្ញុំសុខចិត្តដាំបន្លែលក់ចិញ្ចឹមជីវិត ក្នុងនាមជាកសិករ។ ប៉ុន្តែទោះស្ថិតក្នុងតម្លៃ ឬលក្ខខណ្ឌណាក៏ដោយ ដាច់ខាត ខ្ញុំមិនបម្រើបរទេស ដែលបំផ្លាញប្រទេសខ្ញុំ និងបំផ្លាញផលប្រយោជន៍ នៃបងប្អូនរួមជាតិ និងរួមពូជអំបូររបស់ខ្ញុំឡើយ។
នេះជាសម្តីស៊ីនរបស់ខ្ញុំ សូមចាំទុកចុះ!”។
ជាមួយនឹងករណីឌឺដងឆ្លងឆ្លើយ ដែលសុទ្ធតែមនុស្សមានចំណេះខ្ពស់ ធ្វើការងារខ្ពស់ចង់ទល់មេឃនោះ ក៏មានលោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសរសេរបញ្ចេញនូវទស្សនផ្ទាល់ខ្លួនលើបណ្តាញសង្គមហ្វេសប៊ុកថា ” យី! ខ្មែរក្រហម ចាប់ជាតិ ឬព្រលឹងជនពាលចូលសណ្ឋិតទេដឹង? គ្រាន់តែករណី “ឪពុក សុំ Visa ទៅសួរសុខទុក្ខកូន” បង្ហោះដៀមដាមតភាគ។ មិនតែប៉ុណ្ណោះ គូសក្រហម លើមុខសញ្ញាចូល Like ការរិះគន់ទៅទៀត។ រៀនពីមនោគមន៍បរទេសណាលោក? យល់ទេ មនោសញ្ចេតនាឪពុកកូន ដែលរស់នៅឆ្ងាយពីគ្នា៖ ស្អប់ស្រឡាញ់យ៉ាងណា ក៏គួរអប់រំចិត្តចេះថ្លឹងថ្លែង អ្វីគួរនិយាយ អ្វីមិនគួរនិយាយ។ វាមិនដែល ម៉ែអាណា តម្លាភាព រហូតស្រាតខោរដើរទេ វេស!។ ឈប់បាន ឈប់ទៅ។ អាយុគាត់ក៏ស្មើ បងប្រុស ឬឪពុកខ្លួនដែរ។ របៀបនេះពិន្ទុឲ្យ សូន្យ”។
ឯលោក Sothea Thai បាននិយាយក្នុងខំមិនថា “មិនគាំទ្រទាំងសងខាង ដែលពាក់ព័ន្ធនឹងប្រធានបទមួយនេះ ! សុទ្ធតែរៀនបានច្រើនគួរសម គួរចេះនាំគ្នាផឹកកាហ្វេ ជជែកគ្នាដោយថ្លៃថ្នូរខ្លះទៅ។ បង វណ្ណៈ បើអាច ឧស្សាហបើកវេទិកាក្រៅផ្លូវការ ជជែកគ្នាខ្លះទៅ បង! Tolerance and agreeing to disagree, we need this culture!”។
លោក Huy Vannak តាមបតថា “មនោសញ្ចេតនា ឪពុក កូន នៃប្រទេសដែលមានប្រវត្តិសាស្ត្រជូរចត់ យើងគួរតែចេះថ្លឹងថ្លែង។ មកធ្វើតួឯកប្រមាថកាតទានគ្នាធ្វើអី។ ក៏គួរដឹងថា អ្វីត្រូវនិយាយ អ្វីមិនត្រូវនិយាយ ទើបហៅមនុស្សចេះ “ក្រែង” = respect!”។
ចំណែកលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា “មានអីត្រូវឆ្ងល់ មួយស៊ីលុយរដ្ឋាភិបាល បម្រើនយោបាយរដ្ឋាភិបាល ហើយមួយទៀតស៊ីលុយចៅហ្វាយបរទេស បម្រើនិន្នាការនយោបាយបរទេស សុំទិដ្ឋការទៅលេងផ្ទះចៅហ្វាយខ្លួនមានអីពិបាក”។
បណ្តាញសង្គម និងមជ្ឈដ្ឋាននានា បានបញ្ចេញនូវសារជាច្រើនដែលមានខ្លឹមសារថា ភាពក្អេងក្អាងក្រអឺតក្រទមប្រមាថខ្មែរ មិនមែនគ្រាន់តែចៅហ្វាយបរទេសរបស់ខ្លួនឡើយ ប៉ុន្តែសូម្បីតែកញ្ជះដាច់ថ្លៃរបស់បរទេសទាំងនោះ ដែលជាជនជាតិខ្មែរ ក៏បានប្រមាថជនជាតិខ្មែរគ្នាឯងមួយទំហឹងដែរ និងបានប្រើប្រាស់ពាក្យពេចន៍ប្រកបដោយការប្រមាថ និងឌឺដង ហើយទះដៃអបអរសាទរនៅពេលដែលចៅហ្វាយនាយខ្លួន បន្តធ្វើបាបមកលើប្រទេសកម្ពុជា និងមកលើជនជាតិខ្មែរ៕ ដោយ ៖ រចនា