ខេត្តស្វាយរៀ ៖ ទន្ទឹមនឹងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ដែលរាជរដ្ឋាភិបាល បាន រៀបចំនៅឯរាជធានីភ្នំពេញ នោះដោយឡែកបងប្អូនប្រជាពលរដ្ឋ ក៏ដូចអាជ្ញាធរនៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក៏បានរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែនេះ ដើម្បីបង្កើតភាពសប្បាយៗដល់បងប្អូនមកកម្សាន្តលេង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ភោគ វណ្ណថន តំណាងលោកឧត្តមសេនីយ៍ឯក សូ សូច័ន្ទ នាយកវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចុះជួយឃុំក្រោលគោ និងលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រុមការងារផងដែរ។
លោក ភោគ វណ្ណថន មេឃុំក្រោលគោ ឲ្យដឹងថា កម្មវិធីនេះ មានការចូលរួមឧបត្ថម្ភថវិកាពីសំណាក់ឧត្តមសេនីយ៍ឯក សូ សូច័ន្ទ និងលោក ថាច់ រតនា ដើម្បីធ្វើឲ្យកម្មវិធីដំណើរការដោយរលូន និងមានភាពសប្បាយរីករាយនាឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។ ពិធីនេះ រៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិឃួច ឃុំគ្រោលគោ ស្រុកស្វាយជ្រំ។ លោកបានបញ្ជាក់ថា ដោយសារប្រទេសជាតិ មានការសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍឥតឈប់ឈរទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ទើបយើងទាំងអស់គ្នាបានធ្វើបុណ្យទានដូចថ្ងៃនេះ។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះ មានការប្រណាំងពាង ប្រណាំងទូក រត់ប្រណាំង ហែលទឹក ប្រឡងចម្រៀងតន្ត្រីសម័យ បាញ់កាំជ្រួច និងមានល្បែងកម្សាន្តជាច្រើនទៀត៕ ដោយ ៖ វ៉ៃគោ