ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា នគរបាលបង្ក្រាបបានករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា ទៅលើជនជាតិចិន ដែលជនសង្សយ័បានប្រព្រឹត្តជាបន្តបន្ទាប់ក្នុងនោះរួមមាន៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២ និង០០នាទីយប់ នៅចំណុចផ្លូវដំណាក់ស្តេច ស្ថិតនៅក្រុមទី៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជនសង្ស័យមានគ្នា ០៤នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពប្រើដាវកាប់និងវាយ ទៅលើបុរសជនជាតិចិនម្នាក់ ពេលដែលជនរងគ្រោះកំពុងឈរបទជើងតូច បណ្តាលឲ្យរងរបួសជាទម្ងន់។
បន្ទាប់មកទៀតនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៣ និង៣០នាទី នៅចំណុចផ្លូវកាស៊ីណូ ឡាយអ៊ិនស៊ីធី ចាស់ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏មានករណី ប៉ុនប៉ងមនុស្សឃាតដោយចេតនា (ទៅលើជនជាតិចិន) ចំនួន០២ករណីទៀតបានកើតឡើងជាបន្តបន្ទាប់បង្កឡើងដោយជនសង្ស័យ០៤នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពប្រើដាវកាប់និងវាយ ទៅលើបុរសជនជាតិចិន០២នាក់ ពេលដែលជនរងគ្រោះកំពុងដើរតាមផ្លូវ បណ្តាលឲ្យរងរបួសជាទម្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅ រាជធានីភ្នំពេញ ភ្លាមៗ។
សមត្ថកិច្ចនគរបាល ឱ្យដឹងថា បន្ទាប់ពីបានទទួលបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ បានចុះស្រាវជ្រាវ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង០០នាទី ទើបឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ រួចបន្តទៅឃាត់ខ្លួនបក្ខពួក របស់ពួកគេបានម្នាក់ទៀត។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា ជនរងគ្រោះទាំងពីរលើកមានឈ្មោះ ៖
-ទី១ រងគ្រោះនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ LIANG GUIBIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ HUNG LEI ស្នាក់នៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
-ទី២ រងគ្រោះនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានចំនួន ០២នាក់ ៖ ១- ឈ្មោះ ZHOU WENBING ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅកាស៊ីណូយ៉ាឌួលី ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។ ២- ឈ្មោះ WANG SI REA ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យរាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលឱ្យដឹងបន្តថា ជនសង្ស័យចំនួន ០៣នាក់រួមមាន៖
១- ឈ្មោះ យ៉ា សុក្រី ហៅ កា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ អ្នកបើកម៉ូតូ)។
២- ឈ្មោះ ហាស់ អាល់ហ្វារី ហៅ ឌួង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់)។
៣- ឈ្មោះ ធឿន សាធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់)។
ចំណែកវត្ថុតាងចាប់យកបាន៖
– ដាវ ០១ដើម (ឧបករណ៍ធ្វើសកម្មភាព)
– ដំបងដែករលាស់ ០១ដើម (ឧបករណ៍ធ្វើសកម្មភាព)
– ម៉ូតូ ០១គ្រឿង ម៉ាក វេវ ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ ១FP-៨៨១២ (មធ្យោបាយជិះធ្វើសកម្មភាព) ។
សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់ខាងលើនេះ បានសារភាពចំពោះសកម្មភាពដែលពួកគេបានប៉ុនប៉ងមនុស្សឃាតដោយចេតនា (ទៅលើជនជាតិចិន) ដូចដែលបានកើតឡើងខាងលើពិតប្រាកដមែន ដោយសារជនសង្ស័យបានខឹង និងជនរងគ្រោះ ដែលបានមកផឹកស៊ីនៅលើផែទូកទេសចរណ៍ ហើយចាប់អោបមិត្តស្រី របស់ជនសង្ស័យ ជាហេតុធ្វើអោយជនសង្ស័យខឹងជាខ្លាំង ក៏នាំគ្នាជិះម៉ូតូ០២គ្រឿង និងមានគ្នា០៤នាក់ ទៅតាមកាប់ជនរងគ្រោះតែម្តង។ ហើយម្យ៉ាងទៀត ក្រុមជនសង្ស័យបញ្ជាក់ថា ពួកគេមិនចូលចិត្ត ឬស្អប់ជនជាតិចិនតែម្តង។
ចំពោះករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងបីនាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕ ដោយ ៖ ដែន សីមា