ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្សយ័លួចប្លន់យករថយន្តពីម្ចាស់ផ្ទះ ដែលខ្លួននៅបំរើការជាមួយ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនបានហើយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង៣០នាទី ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាយ សុផន ភេទប្រុស អាយុ៣៩ឆ្នាំ ឃាត់ខ្លួនបាននៅចំណុចស្រុកពញាឮ ខេត្តកណ្ដាល ពាក់ព័ន្ធករណីលួចមានស្ងានទម្ងន់ទោស (ប្លន់រថយន្ដ) ដែលប្រព្រឹត្តនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបានដកហូតរថយន្ដមួយគ្រឿងម៉ាក Fortuner ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-2718។
សមត្ថកិច្ចបន្តថា បន្ទាប់ពីឃាត់ខ្លួន និងឆ្លងតាមការសួរនាំ កម្លាំងការិយាល័យ បានបន្ដទៅឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ ហុង សារឿន អាយុ៥០ឆ្នាំ នៅចំណុចភូមិពុទ្ធសាំង ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ដោយឈានដល់ការដកហូតអាវុធខ្លីមួយដើម ដែលដាក់ក្នុងកំសៀវកប់ដីក្រោមដើមត្របែកនៅក្រោយផ្ទះ ស្ថិតក្នុងភូមិឃុំខាងលើ ម៉ាកCZ2075 លេខA257297 បង់មួយ គ្រាប់១០គ្រាប់។
តាមរបាយការណ៍ពីនគរបាលឲ្យដឹងថា ជនសង្ស័យឈ្មោះ ហុង សារឿន កាលពីអំឡុងឆ្នាំ២០០០ ធ្លាប់ធ្វើសកម្មភាពបាញ់សម្លាប់មនុស្ស២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ដោយប្រើកាំភ្លើងវែងម៉ាក AK47 នៅភូមិរវាង ស្រុកទ្រាំង ខេត្តតាកែវ និងបានជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ ចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០០ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៣ នៅពន្ធនាគារខេត្តតាកែវ។
ដោយឡែកឈ្មោះ ឡាយ សុផល ក៏ធ្លាប់ជាប់ពន្ធនាគារចំនួន ១១ឆ្នាំផងដែរ ពីបទប្លន់នៅឆ្នាំ២០០០ ដល់ឆ្នាំ២០១១ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា ក្រោយការឃាត់ខ្លួនកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យទាំង២នាក់ និងសម្ភារៈដកហូតខាងលើ មកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ រួចបានប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាបប់៕ ដោយ៖ ដែន សីមា