ព្រះសីហនុ ៖ បច្ចុប្បន្នវត្តមានរបស់ជនជាតិចិន បានចូលមកស្នាក់នៅ និងប្រកបការងារច្រើន សន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់ទេសចរណ៍ខេត្តព្រះសីហនុ ។ វត្តមានរបស់ជនជាតិចិន ដែលចូលមកស្នាក់នៅ និងប្រកបការងារ បើកកន្លែងរកស៊ីផ្ទាល់ខ្លួន ច្រើនសន្ធឹកសន្ធាប់ នៅពេលបច្ចុប្បន្ននេះ ។ ជនជាតិចិន ទាំងនេះ ហ៊ានជួលសណ្ឋាគារប្រណិតៗ លំដាប់ផ្កាយ ឬជួលភូមិគ្រឹះ និងវិឡាធំស្កឹមស្កៃ ជួលផ្ទះសំណាក់ មានតម្លៃខ្ពស់រាប់ម៉ឺនដុល្លារក្នុង ១ខែៗ ដើម្បីស្នាក់នៅ ឬធ្វើជំនួញជាដើម។
ជាក់ស្តែងៗថ្មីៗ តាមរយៈអ្នកនាងស្រេង កាន់ដា ហៅខ្ញុង ដែលជាតារាកំប្លែងស្រី ដ៏ល្បីនាពេលបច្ចុប្បន្ន តាមរយៈហ្វេសប៊ុក ក៏បានបង្ហោះនូវវីដេអូ ក្នុងឱកាសដែលអ្នកនាង និងក្រុមគ្រួសារទៅលេងកម្សាន្តក្នុងទឹកដីខេត្តព្រះសីហនុ ហើយអ្នកនាងបាននិយាយពីស្ថានភាពខេត្តព្រះសីហនុ ជាពិសេសការកើនឡើងតម្លៃនៃផ្ទះសំណាក់ សណ្ឋាគារ ដោយតម្លៃមិនអាចទទួលយកបាន ដោយសារតែកើនតម្លៃខ្លាំងពេក។ អ្នកនាងបន្ថែមទៀតថា មុនដំបូងអ្នកនាងមិនជឿគេនិយាយទេ ដូចពាក្យចាស់ពោលថា លឺគេថាមួយពាន់ដង មិនស្មើឃើញផ្ទាល់ភ្នែកម្តង ជាសំណាងល្អ អ្នកនាងមានបងប្អូននៅទីនោះ ទើបជួយសម្រួលកន្លែងស្នាក់នៅ លេងកម្សាន្ត ហូបចុកបាន បើមិនមានទេប្រហែលយ៉ាប់ហើយមើលទៅ។
អ្នកនាងខ្ញុង ដែលជាតារាកំប្លែង បាននិយាយក្នុងឡាយវីដេអូថា “ឮគេនិយាយមួយពាន់ដង ស្មើមិនបានមកឃើញផ្ទាល់មួយដងទេ មកក្រុងព្រះសីហនុ ធ្លាប់តែឮគេនិយាយថាមិនហ៊ានមកលេងទៀតទេ គ្មានកន្លែងលេង គ្មានផ្ទះសំណាក់ គេង ព្រោះចិនជួលយកអស់ហើយ ។ វាមិនអត់ទេ វាមាន ប៉ុន្តែវាមិនតម្លៃសម្រាប់ខ្មែរយើងទទួលយកបានទេ ព្រោះវាថ្លៃសម្រាប់យើងអ្នកអត់ ។ ខ្ញុំក៏មិនជឿគេដែរ ទើបតែថ្ងៃនេះទេ បានមកផ្ទាល់ គឺឃើញហើយ ដែលសំណាងល្អដែលខ្ញុំមានបងប្អូនធម៌នៅហ្នឹង ហើយពួកគាត់បានធ្វើរបស់ឲ្យញ៉ាំ និងរកកន្លែងឲ្យអង្គុយលេងបាន ហើយប្រសិនបើខ្ញុំអត់មានវិញ មិនដឹងជាទៅញ៉ាំអី នៅទីណាទេ ព្រោះរបស់របរថ្លៃៗ ហើយខ្មែរយើង ពួកគាត់ចង់ឈប់លក់អស់ហើយ មិនដឹងថាលក់ឲ្យអ្នកណាហូបទៀតទេ ។ ចំណែកចិនៗវិញ ពួកគាត់លក់ឲ្យគ្នាគាត់ ។ ឯខ្មែរៗ គ្នាយើង មិនហ៊ានលក់ឡើងថ្លៃទេ ព្រោះលក់ឡើងថ្លៃឲ្យចិន ចិនអត់ទិញ ចិន គ្នាជួយគ្នាគេ គេទិញគ្នាគេ ។ ចំពោះផ្ទះសំណាក់វិញ គឺមិនអាចទេ គ្មានសោះតែម្តង អត់មានកន្លែងគេងតែម្តង ។
ចំពោះបងប្អូនអ្នកមានលុយ អាចមកលេងបាន ប៉ុន្តែចំពោះខ្ញុំអ្នកក្រវិញ មិនអាចទេ។ ថាពីមុនអត់ជឿគេនិយាយ តែឥឡូវសណ្ឋាគារថ្លៃតែជាង១០០ដុល្លារក្នុងមួយយប់ហ្នឹង ហើយបងប្អូនណាដែលមានលុយ អាចមកលេងបាន តែសម្រាប់ខ្ញុំវិញ គ្មានអ្នកជួលមកកម្មវិធីទេ ឈប់មកហើយ លាហើយកំពង់សោមអើយ”។
ចំណែកឯបណ្តាញសង្គមហ្វេសប៊ុក បានបញ្ចេញទស្សនថា “ឱអ្នកនាងខ្ញុងអើយ កុំតូចចិត្តនឹងកំពង់សោមអី ។ អ្នកនាងលេងហ្វេសប៊ុកមានដែលតាមដានគ្រប់ជ្រុងជ្រោយអត់ហ្នឹង។ អ្វីៗត្រូវសម្របខ្លួនតាមកាលៈទេសៈ។ គួរណាស់ក៏ត្រូវមើលធី សុវណ្ណថា (ហៅមី លី ម៉ក់ឆូវ) ជាគំរូដែរ។ វាចេះសម្របខ្លួនតាមកាលៈទេសៈល្អណាស់ របៀបឆ្អិនក្បាលស៊ីក្បាល កន្ទុយមិនទាន់ឆ្អិនក៏វាស៊ីបានដែរ។ ខ្វល់អីត្រឹមចិនចូលស្រុកច្រើន វាអាចធ្វើចិនក៏បាននិងធើចិនក៏បានដូចគ្នា….ថ្ងៃក្រោយខ្ញុង គួរតែតែងចិនមុនទៅលេងកំពង់សោម…”៕ ដោយ៖រចនា