នេះជាសកម្មភាពដ៏ហ៊ានមួយ ដែលចោរស្រីដៃឆៅ២នាក់ បានប្រើវិធីយកវត្ថុរាវអ្វីម្យ៉ាង ចាក់ស្រោចលើក្បាលស្ត្រីអ្នកជិះម្នាក់ និងបន្ទាប់មក បានឆក់យកកាបូបរបស់នាងចេញពីលើភ្លៅរបស់នាង ខណៈនាងកំពុងព្យាយាមជូតសម្អាតក្បាលរបស់នាង, នេះបើយោងតាមវីដេអូកាមេរ៉ាឃ្លាំមើលបង្ហាញ ។
ប៉ូលីសនិយាយថា ជនរងគ្រោះបានកំពុងធ្វើដំណើរនៅលើរថយន្តក្រុង Bx40 ស្ថិតនៅលើផ្លូវ East Tremont Avenue នៅក្នុងតំបន់ Bronx វេលាម៉ោងប្រហែល ២ និង ៤៥ នាទី រសៀលថ្ងៃទី១២ វិច្ឆិកា នៅពេលនោះ ស្ត្រី២នាក់បានចាក់វត្ថុរាវមួយ ទៅលើខាងក្រោយក្បាលរបស់នាងតែម្តង ។
NYPD និយាយថា នៅពេលរថយន្តក្រុងឈប់នៅចំណុចផ្លូវ St. Peters Avenue និង East Tremont Avenue ម្នាក់ក្នុងចំណោមចោរស្រីទាំងពីរ បានច្បាមកាបូបពីភ្លៅរបស់ស្ត្រីរងគ្រោះ នៅពេលនាងកំពុងព្យាយាមជូតសម្អាតក្បាលរបស់នាងដែលទទឹកជោគ ។
ចោរស្រីទាំងពីរបានប្រញាប់ប្រញាល់ចុះចេញពីរថយន្តក្រុងយ៉ាងលឿន ជាមួយកាបូបរបស់ជនរងគ្រោះ ដែលមានក្នុងនោះលុយ ៦០ ដុល្លារ និងកាតឥណទានចំនួន ២ ផងដែរ ៕ ដោយ៖ ចន្ទី (ប្រភព៖ Liveleak)