មហាអំណាចយោធាពិភពលោក សហរដ្ឋអាមេរិចបានស្នើដល់សហភាពអ៊ឺរ៉ុប អោយអនុម័តទណ្ឌកម្មរបស់ខ្លួនប្រឆាំងទៅនឹងប្រទេសអ៊ឺរ៉ង ជុំវិញការបាញ់សាកល្បងមីស៊ីលរបស់របបនេះ កាលពីពេលថ្មីៗកន្លេងទៅនេះ។ នេះបើតាមការចេញផ្សាយរបស់សារពត៌មានអាមេរិច CNN នៅថ្ងៃអង្គារនេះ។
មន្ត្រីក្រសួងការបរទេសអាមេរិច លោក Brian Hook បានថ្លែងថា “ពួកយើងចង់ឃើញសហភាពអ៊ឺរ៉ុបអនុវត្តទណ្ឌកម្មសំដៅប្រឆាំងទៅនឹងកម្មវិធីមីស៊ីលរបស់អ៊ឺរ៉ង”។
លោក Brian Hook ដែលជាអ្នកត្រួតពិនិត្យមើលគោលនយោបាយរបស់ប្រទេសអ៊ឺរ៉ងបានថ្លែងប្រាប់អ្នកសារពត៌មានថា ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិបានធ្វើកិច្ចការអស់រយៈពេល ១២ឆ្នាំចុងក្រោយ ក្នុងការប្រាប់អ៊ឺរ៉ងអោយបញ្ឍប់ការបាញ់សាកល្បងមីស៊ីល តែអ៊ឺរ៉ងមិនបានធ្វើតាមក្រុមប្រឹក្សាឡើយ។
រដ្ឋមន្ត្រីការបរទេសអាមេរិច លោក Pompeo កាលពីថ្ងៃសៅរិ៍កន្លងទៅ បាននិយាយថា ប្រទេសអ៊ឺរ៉ងបានធ្វើការបាញ់សាកល្បងមីស៊ីលរយៈចំងាយឆ្ងាយ ដោយល្មើសទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ចំណែកអ៊ឺរ៉ងវិញ បាននិយាយថា កម្មវិធីមីស៊ីលរបស់ខ្លួនគឺទុកសម្រាប់ការពារប្រទេសប៉ុណ្ណោះ៕ សុភ័ក្ត្រ
ប្រភព៖ CNN