ខេត្តស្វាយរៀង ៖ ប្រជាកសិករដែលរស់នៅក្នុងឃុំចន្ទ្រាស្រុកចន្ទាខេត្តស្វាយរៀងបានធ្វើការបរិសេដ្ឋចំពោះការឡើង របស់លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ តាមគណនី Facebook ផ្ទាល់ខ្លួនរបស់លោក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា មានការឃុបឃិតគ្នាពីសំណាក់អាជ្ញាធរខ្មែរ ក្នុងការរៀបចំជួលដីរាប់រយហិកតា ទៅឲ្យវៀតណាមធ្វើស្រែចំការ ដោយក្នុងមួយហិកតា មានតម្លៃប្រមាណ១លានរៀល នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង និងសូមអោយម្ចាស់facebookនេះធ្វើកែតម្រូវឡើងវិញ។
បើតាមប្រជាពលរដ្ឋឈ្មោះអៀម សារិទ្ធរស់នៅភូមិគោកតែកឃុំចន្ទ្រាស្រុកចន្ទ្រាខេត្តស្វាយរៀង បានអោយដឹងនៅរសៀលថ្ងៃទី៣ខែធ្នូឆ្នាំ២០១៨នេះថា សព្វថ្ងៃលោកមានមុខរបរធ្វើស្រែនិងចិញ្ចឹមសត្វគោក្របីមាន់ទារួមផ្សំដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃ ហើយលោកបានអះអាងថា ប្រជាពលរដ្ឋនៅឃុំចន្ទ្រានេះពុំបានជួលដីស្រែទៅអោយពលរដ្ឋវៀតណាមធ្វើនោះទេ ហើយសូមធ្វើការបដិសេដ្ឋចំពោះការចោទប្រកាន់ពីបណ្តាញfacebookរបស់គណបក្សឆន្ទៈខ្មែរ។
លោកបានបញ្ជាក់ថា ពលរដ្ឋនៅឃុំចន្ទ្រានេះ ខណះដែលដល់រដូវធ្វើស្រែតែងតែទៅទិញស្រូវពូជពីប្រទេសវៀតណាម ហើយអាជីវករលក់ស្រូវពូជ គេបានដឹកស្រូវពូជមកឲ្យដល់ទីកន្លែង រួចគេក៏ត្រឡប់ទៅវិញ។ ចំពោះការថែទាំ និងបច្ចេកទេស គឺលោកបានជួលប្រជាជនវៀតណាមមកបង្ហាត់បង្ហាញដល់កម្មករខ្មែរ ល្ងាចត្រឡប់ទៅប្រទេសវៀតណាមវិញផងដែរ។
ចំណែកឯបងស្រីឈ្មោះនង ចិន្តារស់នៅភូមិចន្ទ្រា ក៏បានបញ្ជាក់ថាប្រជាពលរដ្ឋនៅឃុំចន្ទ្រានេះ មិនបានជួលដីស្រែទៅអោយពលរដ្ឋវៀតណាមធ្វើស្រែនោះទេ គ្រាន់តែជួលខាងបច្ចេកទេសអោយមកបង្ហាត់បង្ហាញក្នុងការធ្វើស្រែតែប៉ុណ្ណោះដោយព្រឹកមកល្ងាចទៅវិញ។
បើតាមលោកអភិបាលស្រុកចន្ទ្រា បានអោយដឹងថា ក្រោយពីមានព័ត៌មានថា មានការជួយដីស្រែអោយពលរដ្ឋវៀតណាមដែលបានបង្ហោះជាសារធារណៈតាមបណ្តាញសង្គមfacebookពីលោកគង់ម៉ូលីការប្រធានគណបក្ស ឆន្ទះខ្មែរ លោកបានចាត់តាំងក្រុមការងារថ្នាក់ស្រុក ១ក្រុម ដឹកនាំដោយលោក រាជ បុន អភិបាលរងស្រុក បានចុះពិនិត្យករណីដែលលើកឡើងថាមានជនជាតិវៀតណាម ចូលមកជួលដីស្រែលើទឹកដីខ្មែរ ។
ក្រុមការងាររបស់ស្រុក.ឃុំ.ភូមិរួមនិងអ្នកសារព័ត៍មាន បានចុះដល់ទីតាំងជាក់ស្តែងឃើញថាៈ នៅចំណុចដីស្រែដែលស្ថិតនៅចម្ងាយប្រមាណ ១គ.ម ពីបង្គោលព្រំដែនលេខ២០០ ក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលប្រជាពលរដ្ឋខ្មែរឈ្មោះ ហួត យ៉ិត ភេទប្រុស ជាអ្នកធ្វើស្រែ។ ក្រុមការងារ បានពិនិត្យឃើញមានខ្ទម ០៣ខ្នង ស្រូវពូជ ០២ពុំនូក ត្រាក់ទ័រ ០១គ្រឿង និងមានប្រជាពលរដ្ឋខ្មែរ ស្នាក់នៅទីនោះ ដើម្បីបង្កបង្កើនផលស្រូវប្រដេញទឹក ពុំមានជនជាតិវៀតណាម មកធ្វើស្រែលើដីខ្មែរទេ។
បើតាមការផ្តល់ព័ត៌មានពីលោក ហួត យ៉ិត ប្រជាពលរដ្ឋធ្វើស្រែនៅឃុំចន្ទ្រានោះ បានប្រាប់ឲ្យដឹងថាៈ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកបានទៅទិញស្រូវពូជពីប្រទេសវៀតណាម ហើយអាជីវករលក់ស្រូវពូជ គេបានដឹកស្រូវពូជមកឲ្យដល់ទីកន្លែង រួចគេក៏ត្រឡប់ទៅវិញ។ ចំពោះការថែទាំ និងបច្ចេកទេស គឺលោកបានជួលប្រជាជនវៀតណាមមកបង្ហាត់បង្ហាញដល់កម្មករខ្មែរ ល្ងាចត្រឡប់ទៅប្រទេសវៀតណាមវិញ។
តាមការស្រាវជ្រាវ ក្រុមការងារស្រុក រកឃើញថាៈ គ្មានជនជាតិវៀតណាម មកជួលដីធ្វើស្រែលើទឹកដីខ្មែរក្នុងភូមិសាស្ត្រ ដូចការលើកឡើងនោះឡើយ។
ចំពោះប្រជាពលរដ្ឋវៀតណាមដែលចូលមកនេះគឺគាត់មកបង្ហាត់បង្ហាញបច្ចេកទេសដល់កសិករខ្មែរ និងជួយដល់ម្ចាស់ស្រែក្នុងការបំបែកគុម្ភស្រូវ បាញ់ថ្នាំបំផ្លាញសត្វល្អិត និងពេលល្ងាចត្រឡប់ទៅប្រទេសវៀតណាមវិញ។ ដូចនេះ ការលើកឡើងរបស់លោក គង់ ម៉ូនីការ ប្រធានគណបក្សឆន្ទៈខ្មែរ មិនពិតឡើយ។ដោយ រដ្ឋបាលស្រុកចន្ទ្រា សុំស្នើលោកប្រធានគណបក្សឆន្ទៈខ្មែរ ធ្វើការកែតម្រូវ និងសុំទោសសាធារណមតិ នូវការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ខ្លួន ជៀសវាងការភាន់ច្រឡំពីសាធារណៈជន។
ប្រជាពលរដ្ឋនៅឃុំចន្ទ្រាស្រុកចន្ទ្រាក៏បានសំណូមទៅអាជ្ញាធរខេត្តក៏ដូចជាក្រសួងដែលពាក់ពន្ធ័សូមជួយជីកប្រឡាយទឹក និងផ្តល់គ្រាប់ពូជស្រូវព្រោះសព្វថ្ងៃការធ្វើស្រែត្រូវទិញទឹកពីវៀតណាម ទិញពូជស្រូវ ជី ថ្នាំ សំលាប់សត្វល្អិតនិងបច្ចេកទេសរបៀបធ្វើស្រែការថែទាំក៏ត្រូវជួលគេដូច្នេះគោលបំណងដែលធំអោយអាជ្ញាធរជួយនោះគឺជីកប្រឡាយទឹកនិងផ្តល់ពូជស្រូវ៕ ដោយ ៖ វ៉ៃគោ