ភ្នំពេញ ៖ ក្រុមហ៊ុណាហ្គាវើល និងក្រុមហ៊ុនហង្សមាសបានស្នើសុំការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសុំរៀបចំការប្រគំតន្ត្រីក្នុងឱកាសឆ្លងឆ្នាំ២០១៧ ចូលឆ្នាំ២០១៨ នៅយប់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅ រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញម្ចាស់សំណើដែលស្នើសុំរៀបចំប្រគំតន្ត្រីក្នុងឱកាសឆ្លងឆ្នាំខាងមុខដើម្បីត្រួតពិនិត្យនិងរៀបចំថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ឱ្យបានច្បាស់លាស់ជូនបងប្អូនប្រជាពលរដ្ឋមកកំសាន្តប្រកបដោយសុវត្ថិភាពនិងសប្បាយរីករាយ។ កិច្ចប្រជុំនេះលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញជាអធិបតីភាពរួមជាមួយមន្ទីរពាក់ព័ន្ធកងកម្លាំងមានសមត្ថកិច្ចប៉ូលិសនិងកងរាជអាវុធហត្ថរាជធានីនិងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ។
ទាក់ទិននឹងការរៀបចំខាងលើនារសៀលថ្ងៃទី៨ខែធ្នូនេះលោក ម៉េត មាសភ័ក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ក្រុមហ៊ុនឯកជនធំចំនួន២បានស្នើសុំការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញដើម្បីសុំរៀបចំការប្រគំតន្ត្រីក្នុងឱកាសឆ្លងនោះមានក្រុមហ៊ុណាហ្គាវើលនិងក្រុមហ៊ុនហង្សមាស។ដោយក្រុមហ៊ុនណាហ្គាវើលសុំធ្វើនៅលើសួនច្បារមុខណាហ្គាវើលតែម្ដងតែរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យធ្វើនៅលើសួនច្បារឡើយខ្លាចខូចស្មៅសួននិងខូចសណ្ដាប់ធ្នាប់ដោយឱ្យរើសទីតាំងផ្សេងពីនោះនិងនៅក្បែរណាហ្គាវើលនេះដែរ។រដ្ឋបាលរាជធានីភ្នំពេញបានណែនាំដល់ក្រុមហ៊ុនឱ្យទាក់ទងពិភាក្សាជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាមួយខណ្ឌចំកាមនក្រោយពិភាក្សាគ្នានិងរកទីតាំងរួចចាំដាក់ឆ្លងមករដ្ឋបាលរាជធានីភ្នំពេញម្ដងទៀតដើម្បីអនុញ្ញាតជាក់ស្ដែងនៅពេលក្រោយ។
ចំណែកកក្រុមហ៊ុនហង្សមាសអ្នកនាំពាក្យបានបញ្ជាប់ថា៖រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតឱ្យរៀបចំប្រគំតន្ត្រីតាមសំណូមពរនៅទីលានសួនច្បារមុខវត្តបទុមវតីដោយការរៀបចំនោះនៅលើថ្មក្រានីតមិនមែនលើសួនច្បារនិងខូចស្មៅឬផ្កានោះទេ។ក្រោយចប់ការប្រគំតន្ត្រីក្រុមហ៊ុនដាក់សំណើរៀបចំប្រមូលសំរាមនិងកាកសំណល់និងសងការខូចខាតដល់រដ្ឋបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា៖ជារៀងរាល់ឆ្នាំនៅរាជធានីភ្នំពេញមានការរៀបចំប្រគំតន្ត្រីឆ្លងឆ្នាំនេះជាច្រើនកន្លែងនៅតាមទីតាំងឯកជនរបស់គេដូចជានៅតាមសណ្ឋាគារ ក្រុមហ៊ុន រោងចក្រសហគ្រាសនាចំណែកទីតាំងសាធារណៈមានតែក្រុមហ៊ុនធំៗដូចណាហ្គាវើលនិងក្រុមហ៊ុនហង្សមាសជាដើមធ្វើក្នុងនោះមានរដ្ឋបាលរាជធានីភ្នំពេញធ្វើនៅវត្តភ្នំមានការបាញ់កាំជ្រួចឆ្លងឆ្នាំថែមទៀតផង៕ ដោយ៖កូឡាប