អំពើហិង្សាបានចាប់ផ្តើមផ្ទុះឡើងពាសពេញមជ្ឈិមបូព៌ា សំខាន់រវាងជនជាតិ Palestine និងពលរដ្ឋអ៊ីស្រាអែល ជុំវិញរឿងអាមេរិក ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល។
គិតត្រឹមថ្ងៃទី ៨/១២ ពលរដ្ឋប៉ាឡេស្ទីន ជាង១០០នាក់ បានរងរបួសក្នុងការផ្ទុះហិង្សាកើតឡើងពេញតំបន់ West Bank ជ្រលង Gaza និង Jerusalem ។
បន្ទាប់ពី Hamas (ចលនាតស៊ូអ៊ីស្លាម) បញ្ជាក់ថា បានបាញ់កាំជ្រួច២គ្រាប់សំដៅ បណ្តាគោលដៅរបស់អ៊ីស្រាអែល បាតុករជាង ៤០០.០០០នាក់ របស់ ប៉ាឡេស្ទីន បានសំរុកចុះពេញដងវិថី ធ្វើបាតុកម្មយ៉ាងស្វិតស្វាញប្រឆាំងនឹងការសម្រេចចិត្តទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល របស់រដ្ឋការអាមេរិក។
ភាគីកងទ័ពអ៊ីស្រាអែលឲ្យដឹងថា កាំជ្រួច២គ្រាប់ ដែលបាញ់ចេញពីតំបន់ជ្រលង Gaza បានធ្លាក់ចុះដែនដី ប៉ាឡេស្ទីន។ ប៉ុន្តែយោធា ២កន្លែងរបស់អ៊ីស្រាអែលនៅ Gaza ក៏បានត្រូវរថក្រោះ និងយន្តហោះរបស់ Hamas វាយលុកដែរ។
មុនថ្ងៃ Hamas បាញ់បង្ហោះកាំជ្រួច អ៊ីស្រាអែលក៏បានបន្ទុះគ្រាប់បែកសំឡេងច្រើនគ្រាប់ បាញ់កាំជ្រួចពន្លឺភ្លឺពេញ Gaza។
នៅ West Bank វិញ បាតុកម្មបានផ្ទុះឡើងជាបន្តបន្ទាប់នៅតាមតំបន់ Ramallah, Bethlehem, Nablus, Jenin តាមភូមិ និងជំរំជនភៀសខ្លួនដទៃទៀត។
តាម Almasdar News ដើម្បីប្រឆាំងតប កងកម្លាំងអ៊ីស្រាអែល បានប្រើប្រាស់យោធភ័ណ្ឌយោធាច្រើនប្រភេទ ក្នុងនោះមានប្រភេទឧស្ម័នហ្គាសក្រហាយភ្នែក ដែលអន្តរជាតិបានហាមឃាត់ គ្រាប់កាំភ្លើងពិត គ្រាប់បែកធ្វើឲ្យថ្លង់ គ្រាប់កាំភ្លើងដែកស្រោបកៅស៊ូ និងអាវុធបង្ករបួសដទៃទៀត។
Hamas បានចលនាឲ្យយុវជនប៉ាឡេស្ទីន ក្រោកឈរទាមទារផលប្រយោជន៍ដោយតម្លៃណាក៏ដោយ។ រីឯរដ្ឋអំណាចប្រជាជាតិប៉ាឡេស្ទីន (PA) បានដកថយពីដំណើរការចរចាសន្តិភាពដោយបដិសេធពុំជួបជាមួយអនុប្រធានាធិបតីអាមេរិក Mike Pence ៕ សូយន
ប្រកាសទទួលស្គាល់ Jarusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល របស់លោក Trump បង្កចលាចលពេញមជ្ឈិមបូព៌ា និងពិភពលោក។