តំណាងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំតំណាងសហគមន៍រងគ្រោះដីធ្លីមូលដ្ឋាននេះចំនួន ១៧សហគមន៍ បានរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៦៩ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំខេត្ត ព្រះសីហនុ។
ទិវាសិទ្ធិមនុស្សឆ្នាំនេះក្រោមប្រធានបទ៖ « យើងទាំងអស់គ្នាត្រូវការ យុត្តិធ៌ម សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង កិច្ចគាំពារសង្គមសម្រាប់កសិករនៅកម្ពុជា »។
តំណាងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ស៊ី.ស៊ី.អែហ្វ.ស៊ី. (CCFC) ប្រចាំខេត្តព្រះសីហនុ លោក យូ វាសនា មានប្រសាសន៍ថា សមាគមនេះ បានកំណត់យករសៀលថ្ងៃសុក្រ ទី៨ ខែធ្នូ សម្រាប់ប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០១៧នេះ។ ទិវានេះ រៀបចំនៅសាលប្រជុំសាលាខេត្តព្រះសីហនុ ហើយលោក យន្ត មីនអភិបាលខេត្តព្រះសីហនុ និលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីសង្គមស៊ីវិល ព្រមទាំងតំណាងពលរដ្ឋរងគ្រោះដីធ្លីមកពី ១៧សហគមន៍ ចំនួនជិត ៥រយនាក់ចូលរួម។
នាឱកាសនោះដែរ តំណាងឲ្យពលរដ្ឋរងគ្រោះដីធ្លីនាមូលដ្ឋានខេត្តព្រះសីហនុ បានលើកយកសំណូមពរមួយចំនួនដាក់ជូនថ្នាក់ដឹកនាំខេត្តព្រះសីហនុ ឲ្យជួយដោះស្រាយរួមមាន៖ ស្នើឲ្យអាជ្ញាធរចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ឲ្យបង្កើតកិច្ចសហការជាមួយសង្គមស៊ីវិល និងពលរដ្ឋ ដើម្បីរួមចំណែកក្នុងការងារអភិវឌ្ឍសង្គម ស្របតាមរដ្ឋធម្មនុញ្ញ និងបទដ្ឋានស្តីពីសិទ្ធិមនុស្សអន្តរជាតិ។ ស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ និងថ្នាក់ជាតិ ឲ្យជួយពន្លឿនដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ ដោយឈរលើគោលការច្បាប់ ឲ្យមានភាពយុត្តិធ៌ម សមធ៌ម សិទ្ធិមនុស្សជាមូលដ្ឋានឲ្យរីកចំរើន និងមានប្រសិទ្ធភាព។ ស្នើឲ្យរដ្ឋាភិបាល ដាក់បញ្ចូលកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសកសិករ ឲ្យទទួលបាន កិច្ចគាំពារសង្គមស្របទៅតាមយុទ្ធសាស្ត្រ និងគោលយោបាយ ដែលរដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់ថ្មីៗនេះ។ ស្នើឲ្យរដ្ឋាភិបាល ចាត់វិធានការច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាប្រឈម របស់កសិករកំពុងជួបប្រទះនាពេលបច្ចុប្បន្នរួមមាន៖ អសុវត្ថិភាពស្បៀង បញ្ហាចំណាកស្រុក បញ្ហាទីផ្សារកសិករ និងប្រព័ន្ធធារាសាស្ត្រ ដោយបង្កើនថវិការជាតិលើវិស័យកសិកម្មសម្រាប់គាំទ្រដល់កសិករក្នុងប្រទេសកម្ពុជា។
តំណាង ស៊ី.ស៊ី.អែហ្វ.ស៊ី ខេត្តព្រះសីហនុ លោក យូ វាសនា ឲ្យដឹងថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ សមាគមនេះ ត្រៀមរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិនេះ នៅទីកន្លែងចំនួន ៥ផ្សេងគ្នា ក្នុងខេត្តចំនួន ៣ គឺខេត្តព្រះសីហនុ ស្វាយរៀង និងខេត្តព្រៃវែង ដោយមានកិច្ចសហការជាមួយអាជ្ញាធរចាប់ថ្នាក់មូលដ្ឋាន ដល់ថ្នាក់ខេត្ត និងមានប្រជាកសិករចូលរួមរាប់ពាន់នាក់។
លោកថា ទិវាឆ្នាំនេះ ក្រោមប្រធានបទ ៖ « យើងទាំងអស់គ្នាត្រូវការ យុត្តិធ៌ម សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងកិច្ចគាំពារសង្គមសម្រាប់កសិករនៅកម្ពុជា»។
ការអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៦៩ ឆ្នាំនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និង លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តបានចូលរួមជាអធិបតី និងបានទទួលយកសំណូមពរ របស់តំណាងសហគមន៍មានទំនាស់ដីធ្លី ដើម្បីឈានទៅជួយរកដំណោះស្រាយទៅតាមដំណាក់កាល និងឲ្យស្របតាមនីតិវិធីច្បាប់។
លោក យន្ត មីន ក៏បានយកទិវានេះ ស្នើដល់ប្រជាពលរដ្ឋ ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីថែរក្សាសុខសន្តិសភាពជាមួយរាជរដ្ឋាភិបាល ឈានទៅរួមគ្នាអភិវឌ្ឍមូលដ្ឋាននេះឲ្យរីកចំរើនថែមទៀតនាថ្ងៃអនាគត។ លោកថា រាល់សំណូមពរ របស់សហគមន៍ពលរដ្ឋ គឺស្ថិតក្នុងការងារដែលរដ្ឋបាលខេត្តព្រះសីហនុ កំពុងជួយដោះស្រាយជូនពលរដ្ឋរួចហើយៗ ស្នើឲ្យប្រជាពលរដ្ឋមានចិត្តត្រជាក់ និងត្រូវទុកពេលវេលា ជូនមន្ត្រីជំនាញ ចុះអនុវត្តការងារឲ្យមានប្រសិទ្ធភាព៕ ដោយ៖ ដែន សីមា