តាកែវ ៖ តំណាងអោយក្រុមអាជីវករក្នុងផ្សារព្រៃសណ្តែក ស្រុកទ្រាំង លោក សាន សារ៉េត បាននិយាយថា អាជិវករមួយចំនួនប្រមាណជា១៥ភាគរយ ចោទអ្នកវិនិយោគផ្សារថាមិនគោរពទៅ តាមកិច្ចសន្យាដែលបានសន្យាជាមួយពួកគាត់មុនពេលសាងសង់ផ្សារថ្មី ដល់ពេលសាងសង់ជិតរួចរាល់បែជាតម្រូវអោយពួកគាត់ទិញតូបទៅតាមតម្លៃហាងឆេងខាងមុខ និងក្រោយទៅវិញ ដែលមុនពេលចូលមកធ្វើការអភិវឌ្ឍន៏ផ្សារព្រៃសណ្តែកនេះ ក្រុមហ៊ុនបាននិយាយថានិងធ្វើការអភិវឌ្ឍន៏ផ្សារនេះអោយល្អស្អាតឡើងវិញ ដោយមានការផ្តិតមេដៃទទួលស្គាល់ពីអាជីវករ យល់ព្រមអោយក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍នៅលើទីតាំងរបស់ខ្លួនដែលធ្លាប់លក់ដូរពីមុនមក ដោយគ្រាន់តែទិញក្នុងតម្លៃមួយសមរម្យសម្រាប់អាជីវករចាស់ និងតម្លៃមួយផ្សេងទៀតសម្រាប់អាជីវករថ្មី ។ ដោយឡែកក្នុងនោះដែរ ក៏មានក្រុមអាជីវករប្រមាណជា ៨៥ភាគរយបានចេញមុខនាំគ្នាគាំទ្រ និងធ្វើការអំណសារទរដល់ក្រុមហ៊ុនដែលសាងសង់ផ្សារព្រៃសណ្តែកនេះបានល្អស្អាត និងរួចផុតពីភួក់ជ្រំ សម្រាមស្អុយក្នុងផ្សារទៅវិញ ។
លោកស្រី យស សុន ជាអាជីវករចាស់លក់ដូរក្នុងផ្សារព្រៃសណ្តែកនេះតាំងពីឆ្នាំ១៩៩០ តំណាងអោយក្រុមអាជីវករចាស់ដែលគាំទ្រលើក្រុមហ៊ុន បាននិយាយថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ នៅមិនទាន់មានក្រុមហ៊ុនណា ហានចូលធ្វើមកការវិនិយោគផ្សារព្រៃសណ្តែកនោះទេ ដោយទុកអោយផ្សារនេះ ធ្លាក់ទៅជាផ្សារមួយដែលពពេញទៅដោយភួក់ជ្រំ សម្រាមគរជាគំនរដូចភ្នំនៅចំកណ្តាលផ្សារ ដែលធ្វើអោយពួកគាត់ជាអាជីវករលក់ដូរមួយចំនួន មានការពិបាកខ្លាំងក្នុងការទ្រាំលក់ដូរដោយមានក្លិនស្អុយចេញពីកណ្តាលផ្សារ ធ្វើអោយប៉ះពាល់ដល់សុខភាពជាខ្លាំង រហូតមកដល់ឆ្នាំ ២០១៧នេះ ក៏មានក្រុមហ៊ុន ខេង យ៉ារី ឌីវេឡប់មែន បានសុំចូលមកធ្វើការវិនិយោគលើផ្សារព្រៃសណ្តែកនេះ ដោយសុំសាងសង់ផ្សារនេះអោយថ្មីឡើងវិញ ។ លោកស្រីបន្តថា បន្ទាប់ពីទទួលដំនឹងថា មានក្រុមហ៊ុនចង់វិនិយោគ និងជួសជុលផ្សារនេះអោយថ្មី និងល្អស្អាតឡើងវិញនោះ អាជីវករទាំងអស់ក៏បានសំដែងនៅសេចក្តីសប្បាយរីករាយ យ៉ាងខ្លាំងព្រោះបានផ្សារល្អស្អាត ងាយស្រួលក្នុងការលក់ដូរ ទើបក្រុមអាជីវករទាំងអស់បាននាំគ្នាចូលមកចុះឈ្មោះ និងផ្តិតមេដៃជាសម្គាល់ ដើម្បីយល់ព្រមអោយក្រុមហ៊ុនធ្វើការវិនិយោគ ។ លោកស្រីបានបន្តទៀតថា បន្ទាប់ក្រុមហ៊ុនចាប់ផ្តើមសាងសង់នៅសំណង់ផ្សារនេះ គឺក្រុមហ៊ុនបានតម្រូវអោយអាជីវករលក់ដូរទាំងអស់ដែលមានបំណងចង់ទិញតូប និងអាជីវករចាស់ ចូលមកធ្វើការបង់លុយកក់ មុនធ្វើការបុកគ្រឹះសចំនួន ៣៥ភាគរយ ហើយក្រោយពេលផ្សារសាងសង់បាន ៥០ភាគរយ គឺតម្រូវអោយបង់ ៣៥ភាគរយបន្តទៀត រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានសាងសង់ផ្សារហើយជិតរួចរាល់បាន ៩៥ភាគរយ ក៏តម្រូវអោយក្រុមអាជីវករទាំងនោះធ្វើការបង់ផ្តាច់ មុនពេលចូលមកលក់ដូរផងដែរ ។
ជុំវិញការចោទប្រកាន់របស់ក្រុមអាជីវករមួយចំនួនតូចខាងលើនេះដែរម្ចាស់វិនិយោគឈ្មោះ ខេង យ៉ារី ដែលជាប្រធានក្រុមហ៊ុន ខេង យ៉ារី ឌីវើឡុបមែន បាននិយាយប្រាប់ក្រុមអ្នកសារពត័មានវិញថា ការវិនិយោគលើផ្សារព្រៃសណ្តែកខាងលើនេះ គឺរូបលោកផ្ទាល់មានឯកសារគ្រប់ជ្រុងជ្រោយនៃការសុំអនុញ្ញាតច្បាប់វនិយោគទាំងអស់ មួយវិញទៀតចំពោះការចោទប្រកាន់ខាងលើរបស់ក្រុមអាជីវករ លោកបានអះអាងថា គឺមានតែអាជីវករតែ ៦ ទៅ ៧នាក់តែប៉ុណ្ណោះដែលកំពុងមានជម្លោះ និងបង្កើតជាក្រុមធ្វើការតវ៉ាជាមួយនិងក្រុមហ៊ុនតែប៉ុណ្ណោះ ដោយឡែកមានអាជីវករ ជាច្រើនផ្សេងទៀតប្រមាណជា៨៥ភាគរយទៅ ៩០ភាគរយហើយ បានអនុវត្តទៅតាមគោលការណ៏ណែនាំរបស់ក្រុមហ៊ុន និងសារទរជាមួយនិងក្រុមហ៊ុនដែលបានធ្វើផ្សារនេះបានល្អស្អាត មានប្រព័ន្ធលូរបង្ហូរទឹកស្អុយ ទីតាំងស្តុកសម្រាម និងមានសភាពរឹងមាំ ថែមទៀត ។ ក្នុងនោះដែរលោកបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះ ក្រុមអាជីវករដែលមិនសុខចិត្ត និងកំពុងមានជម្លោះជាមួយនិងក្រុមហ៊ុននោះ លោកនិងបើកទ្វារជានិច្ចជាមួយនិងការចរចាររកដំណោះស្រាយស្របតាមលក្ខណ្ឌដែលអាចទទួលយកបានទាំងសងខាង បើសិនជាពួកគាត់ ចូលមកធ្វើការដោះស្រាយដើម្បីបានតបលក់ដូរក្នុងផ្សារព្រៃសណ្តែកនេះដូចមុនដូចគេដូចឯងដែរ ។ សូមបញ្ជាក់ថា ផ្សារព្រៃសណ្តែកនេះ បានធ្វើហើយជតិរួចរាល់ហើយ និងធ្វើការបើកអោយក្រុមអាជីវករដែលបានធ្វើការទិញនៅតូបរបស់ខ្លួននោះ ចូលមកលក់ដូរជាធម្មតាឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ ។
លោក ឈួន ផានី អភិបាលស្រុកទ្រាំង បាននិយាយថា ជុំវិញបញ្ហា ការតវ៉ារបស់ក្រុមអាជីវករ ជាមួយនិងអ្នកវិនិយោគផ្សារព្រៃសណ្តែកនេះ គឺអាជ្ញាធរស្រុកធ្លាប់បានធ្វើការដោះស្រាយជាច្រើនលើកមកហើយ តែនៅមិនទាន់ទទួលបានលទ្ធផលវិជ្ជមាននៅឡើយ ដោយសារក្រុមអាជីវកមិនទទួលយកការសម្របសម្រួលជាមួយនិងក្រុមហ៊ុន ។ លោកអភិបាលស្រុកបានបន្តថា ចំពោះអជីវករដែលធ្វើការតវ៉ានោះ គឺមានតែ ៧នាក់តែប៉ុណ្ណោះ ដែលកំពុងមានជម្លោះ ជាមួយនិងអ្នកវិនិយោគ លើលក្ខណ្ឌតម្លៃ និងទំហំតូបលក់ដូរក្នុងផ្សារ ។ លោកបានបន្តថា ការសម្របសម្រួលនេះគឺមានភាពងាយស្រួលទេ បើសិនជាអ្នកវិនិយោគ ធ្វើការចរចារ បន្ធូរបន្ថយនៅតម្លៃបន្តិច នោះនិងត្រូវរូវគ្នាវិញហើយ ៕ ដោយ ៖ តាកែវ