ក្រចេះ ៖ ជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរ៣នាក់ ត្រូវបានលោកស្រី អ៊ិន ម៉ានិត្យ ប្រធានសាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ បានចេញដីកាសម្រេចឃុំខ្លួន ដាក់ពន្ធនាការ ក្រោមបទចោទប្រកាន់ “ពីបទបង្កើតឡគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត និងបង្កើតមូលដ្ឋានកែច្នៃផលអនុផលធនធានធម្មជាតិគ្រប់ប្រភេទ” តាមបទបញ្ញាតិ្តមាត្រា៥៨ ចំណុច១ និងមាត្រា៦១ ចំណុច២ នៃច្បាប់ស្ដីពីដំបន់ការពារធម្មជាតិ ប្រព្រឹត្តនៅចំណុចត្រពាំងត្រាច ស្ថិតនៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។
ប្រធានតុលាការខេត្តក្រចេះ បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តក្រចេះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ហើយប្រធានពន្ធនាគារ ត្រូវទទួលនិងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
លោក ឌួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឲ្យដឹងនៅល្ងាចថ្ងៃនេះថា ជនសង្ស័យទាំង៤នាក់ មានឈ្មោះ សួន វណ្ណឌី ឈ្មោះស៊ីវ គីលី ឈ្មោះ គាំ សុបិន និងឈ្មោះហូ ស៊ុនជឿន ដែលជាប់ពាក់ព័ន្ធនឹងករណីលួចបើកទីតាំងកែច្នៃផលអនុផលព្រៃឈើ ដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តកាលពីព្រឹកមិញ ដើម្បីបន្តរទៅតាមនីតិវិធីច្បាប់។
លោកប្រធានមន្ទីររូបនោះ បញ្ជាក់ទៀតថា ជនសង្ស័យចំនួន៤នាក់ មានជនជាតិវៀតណាមម្នាក់ ជាមេការនៅទីតាំងធ្វើអាជីវកម្មសិប្បកម្មឡធ្យូងខុសច្បាប់ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តក្រចេះ ឃាត់ខ្លួនបានចំនួន៣នាក់ ខណៈបម្រុងដឹកជញ្ជូនធ្យូងនាំឆ្លងដែនទៅវៀតណាម និងម្នាក់ទៀតត្រូវបានឃាត់ខ្លួននៅទីតាំងខាងលើ។
ជនសង្ស័យទាំង៤នាក់ បានសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាមានពាក់ព័ន្ធនឹងបើកធ្វើអាជីវកម្ម កែច្នៃផលអនុផលព្រៃឈើ ដោយគ្មានច្បាប់៕ ដោយ ៖ បញ្ញាស័ក្តិ