បន្ទាយមានជ័យ ៖ កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្ក្រាបនិងចាប់ខ្លួនបុរសម្នាក់ ក្នុងករណី ប្រើអំពើហឹង្សា និងធ្វើទារុណកម្មលើកូនបង្កើត នៅពេលសុំទានមិនបាន ព្រោះត្រូវការលុយយកទៅទិញគ្រឿងញៀនជក់ និងទិញស្រាផឹក ដែលប្រព្រឹត្តកាលពីថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ខែធ្នូ បានឲ្យដឹងថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតផងនោះ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សា និងធ្វើទារុណកម្មលើកុមារ។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ដោយមើលឃើញព័ត៌មានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដែលបង្ហាញវីដេអូ ១ក្លិប របស់កុមារារងគ្រោះមានឈ្មោះ ធី នុល (ហៅ ប៉ូយ) អាយុ ៤ឆ្នាំ ៨ខែ ត្រូវឪពុកវាយធ្វើបាប បង្ខំឲ្យដើរសុំទាន តាមផ្សារ និងទីប្រជុំជននានាក្នុងក្រុងប៉ោយប៉ែត ។ ក្រោយពីទទួលបានព័ត៌មានស្តីពីករណីខាងលើ លោកបានរាយការណ៍ជូនលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការណ៍ចុះអនុវត្តន៍តាមនីតិវិធី ។ ក្រោយពីទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរួចមក លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ ហ៊ុំ រ៉ា ភេទ ប្រុស អាយុ ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដើម្បីយកមកសាកសួរ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។ ចំណែកកុមាររងគ្រោះ កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ជូនទៅជីដូនបង្កើតរបស់កុមាររងគ្រោះ មានឈ្មោះ សោម សារ៉េត អាយុ ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ដោយមើលឃើញពីស្ថានភាពជីវភាពរបស់ជីដូនកុមាររងគ្រោះជួបការលំបាក លោកវរសេនីយ៍ត្រី នួន នីណារ៉ូ និងសហការីបាននាំយកអំណោយមួយចំនួនជូនពួកគាត់ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញអាវុធហត្ថខេត្តធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានប្រើហឹង្សាទៅលើកូនពិតប្រាកដមែន នៅពេលដែលខ្លួនសុំទានមិនបាន ព្រោះខ្លួនត្រូវការលុយយកទៅទិញគ្រឿងញៀនជក់ និងទិញស្រាផឹក៕ ដោយ ៖ កូឡាប