កណ្តាល ៖ នគរបាលស្រុកល្វាឯម បានឲ្យដឹងថា ជនសង្ស័យ២ នាក់ ត្រូវបានឃាត់ខ្លួន ក្នុងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ម៉ាទឹកកក នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៣ នៅចំណុច កំពង់ចំលងអរិយក្សត្រ ភូមិ អរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុក ល្វាឯម ខេត្តកណ្តាល ។ ក្នុងដំណាក់កាលសមត្ថកិច្ចប៉ូលិស ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះ មេ ប្រើឲ្យយកមកឲ្យគេ នៅត្រើយខាងកើតទន្លេមេគង្គ ហើយមិនស្គាល់មុខមេទេ ដោយគាត់ពាក់ម៉ាស់ មិនឲ្យឃើញមុខ។
ជនសង្ស័យ ឈ្មោះ ហែម ពៅ អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី ទីលំនៅបច្ចុប្បន្ន សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ និងឈ្មោះ ណា ទ្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។ វត្ថុតាងចាប់យកមាន ៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១៣ កញ្ចប់ (ធំមធ្យម ៧ កញ្ចប់,តូច ៦ កញ្ចប់ ។ ទូរស័ព្ទ៣ គ្រឿង ម៉ាក iphone5 ០១ គ្រឿង Nokia ០២ គ្រឿង។ កាំបិតចុច ០១។ បំពង់សម្រាប់ជក់ថ្នាំញៀន០១ និង កាបូប ស្ពាយ ០១ កញ្ចប់បារី MEVIUS ០២។ ម៉ូតូ កង់បី ចំនួន ០១គ្រឿង។ ប្រាក់ ដុល្លា ១០$ និង ប្រាក់រៀល ២០០០០រៀល។
នៅថ្ងៃខែឆ្នាំ កើតហេតុខាងលើ កំលាំងប៉ុស្តិ៍ សារិកាកែវ និង ប៉ុស្តិ៍អរិយក្សត្រ បានសហការជាមួយកម្លាំងជំនាញស្រុក តាមដានមុខសញ្ញានេះ ជាច្រើនថ្ងៃមកហើយ លុះដល់ថ្ងៃកើតហេតុ ក៏ឃើញមុខសញ្ញាឆ្លងដរមកពីភ្នំពេញ តាមកំពង់ចម្លងអរិយក្សត្រ កម្លាំងនគរបាល ក៏បានហៅត្រួតពិនិត្យ ក៏ឃើញមានថ្នាំញៀន ចំនួន ១៣ កញ្ចប់។ បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យ មកអធិការដ្ឋានដើម្បីចាត់ការតាមផ្លូវច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះ មេគាត់ជាអ្នកប្រើឲ្យយកមកឲ្យគេនៅត្រើយខាងកើតទន្លេមេគង្គ ហើយមិនស្គាល់មុខមេទេ គឺពេលត្រូវកាប្រើមេតេហៅឲ្យទៅយក ឬយកមកឲ្យដោយពាក់ម៉ាស់ មិនឲ្យឃើញមុខឡើយ៕ ដោយ៖បញ្ញាស័ក្តិ