កំពង់ស្ពឺ ៖ ព្រះចៅអធិការវត្តគិរីស្ដេងគង់ ដែលមានចរិតខិលខូចរួមគំនិតជាមួយពុទ្ធបរិស័ទជើងវត្ត បានយល់ព្រមប្រគល់ ចារឹកមួយផ្ទាំង មានអក្សរថា “សុវណ្ណភូមិ” ជូនអាជ្ញាធរ ដើម្បីយកមកតម្កល់ទុកជា សម្បត្តិបេតិកភណ្ឌជាតិ នៅសារមន្ទីរជាតិ ។
ព្រះចៅអធិការវត្តគិរីស្ដេងគង់ បានយកសិលាចារឹកមួយផ្ទាំង ទៅកប់លាក់ទុកក្នុងដី ក្នុងបំណងបិទតាំងមិនឲ្យគេឃើញ និងមិនឲ្យអាជ្ញាធរ យកទៅថែរក្សាទុក ទោះបីជាអាជ្ញាធរបានចុះទៅយកជាច្រើនហើយក្តី ប៉ុន្តែ ត្រូវបានរកឃើញ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ នៅវត្តគិរីស្តេចគង់ ស្ថិតក្នុងឃុំស្វាយចចឹប ស្រុកបរសេដ្ឋ។ សិលាចារឹកខាងលើនេះ ជាសិលាចារឹកដ៏សំខាន់មួយផ្ទាំងក្នុង ចំណោម ៣៦ផ្ទាំង។
លោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការដែលអាជ្ញាធរស្នើយកសិលាចារឹកពីវត្តគិរីស្ដេចគង់នោះ គឺក្នុងគោលបំណងនាំយកសម្បត្តិដ៏មានតម្លៃនេះ ទៅតម្កល់ទុកជាសម្បត្តិបេតិកភណ្ឌជាតិនៅសារមន្ទីរជាតិ ដើម្បីការពារសុវត្ថិភាពផង និងប្រើប្រាស់ជាប្រយោជន៍យ៉ាងច្រើនសម្រាប់ជាតិកម្ពុជាផង។ ប៉ុន្តែព្រះចៅអធិការវត្ត និងប្រជាពលរដ្ឋមិនព្រមប្រគល់សិលាចារឹកនោះជូនអាជ្ញាធរសោះឡើយ ថែមទាំងយកសិលាចារឹកនោះទៅលាក់ទុកទៀត ជាហេតុបង្កឱ្យមានការព្រួយបារម្ភខ្លាំងក្លាពីសំណាក់មហាជន និងប្រជាជាតិខ្មែរទាំងមូល ចំពោះសុវត្ថិភាពសិលាចារឹករបស់ខ្មែរមួយផ្ទាំងនេះ។
ដោយសារមានការសម្របសម្រួលពីថ្នាក់ដឹកនាំខេត្ត និងពីសំណាក់សម្ដេចព្រះសង្ឃនាយក នន់ ង៉ែត ជូនចំពោះព្រះចៅអធិការវត្តគិរីស្តេចគង់ផងនោះ ទើបនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រះចៅអធិការវត្តគិរីស្ដេចគង់ ព្រមប្រគល់សិលាចារឹកជូនសមត្ថកិច្ច។
ខណៈនេះដែរ ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ព្រមទាំងកម្លាំងសមត្ថកិច្ចកំពុងរៀបចំដំណើរនាំយកសិលាចារឹកនោះ មកតម្កល់ទុកនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ ដើម្បីជម្រះមន្ទិលជូនមហាជន និងដើម្បីពង្រឹងការការពារសុវត្ថិភាពចំពោះសម្បត្តិបេតិកភណ្ឌជាតិ។
សូមបញ្ជាក់ថា នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ព្រឹកថ្ងៃទី ៧ ធ្នូ ២០១៨ វេលាម៉ោង ៩ព្រឹក លោកឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសហការី បានចូលរួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដឹកនាំដោយលោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌ និងលោក ហេង កំសាន្ត ប្រធាននាយកដ្ឋានបុរាណវត្ថុ ព្រមទាំងមានការចូលរួមពីមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ស្ពឺ មន្ទីរធម្មការខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចុះដល់ទីតាំងវត្តគីរីស្តេចគង់ ភូមិត្រពាំងខ្ទុំ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អនុវត្តតាមសំណើលេខ ៧០៥ ស.ណ ចុះថ្ងៃទី ០៣ ធ្នូ ២០១៨ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចូលរួមយកសិលាចារឹកចំនួន១ផ្ទាំង មកថែរក្សាទុកក្នុងសារមនី្ទរជាតិភ្នំពេញ។ ខណៈពេលចុះអនុវត្តការងារ សមត្ថកិច្ចចម្រុះយើងមិនបានឃើញសិលាចារឹក នៅទីតាំងនោះទេ ហើយមិនទទួលបានកិច្ចសហការពីព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តគីរីស្តេចគង់ឡើយ ហេតុដូច្នេះហើយក្រុមសមត្ថកិច្ចចម្រុះ ក៏បានសម្រេចបញ្ឈប់នូវការអនុវត្ត តាមគោលការណ៍ខាងលើ នៅវេលាម៉ោង ១០:៤០នាទីព្រឹកថ្ងៃដដែល។ ជុំវិញបញ្ហានេះ លោកប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ បាននិងកំពុងមានចំណាត់ការយ៉ាងសកម្ម ជាមួយសមាសភាពក្នុងគណកម្មាធិការចម្រុះ ដើម្បីសុំគោលការណ៍ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលពាក់ព័ន្ធ៕ ដោយ ៖ បញ្ញាស័ក្តិ