ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស បានអះអាងថា នៅអឺរ៉ុបក៏នៅមានបញ្ហាសិទ្ធិមនុស្ស ហើយនៅអូស្រា្តលី ក៏មានបញ្ហាសិទ្ធិមនុស្សដែរ ពាក់ព័ន្ធនឹងការសុំសិទ្ធិជ្រកកោនពីជនភៀសខ្លួន។ ដោយឡែក សហរដ្ឋអាមេរិកវិញ ក៏មានបញ្ហាសិទ្ធិមនុស្សច្រើនដូចគ្នា ហើយបើនិយាយអំពីសិទ្ធិមនុស្សវិញ កម្ពុជាមានភាពល្អប្រើសើរជាងអាមេរិក។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ ក្នុងឱកាសដែលកម្ពុជា ប្រារព្ធពិធីខួបលើកទី៧០ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ “រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស” ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅសាលមហោស្រពកោះពេជ្រ។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា សហរដ្ឋអាមេរិក មិនមែនជាបិតាប្រជាធិបតេយ្យនោះទេ។
លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក មានបងប្អូនប្រជាជនខ្មែរយើងខ្លះ លោកមានការយល់ច្រឡំថា ជាបិតាប្រជាធិបតេយ្យ តាមពិតមិនមែនទេ។ បញ្ហាច្រើនណាស់”។
លោក បានលើកឡើងថា មានបងប្អូនប្រជាជនខ្មែរយើងខ្លះ មានការយល់ច្រឡំ ថាសហរដ្ឋអាមេរិក ជាប្រទេសបិតាលទ្ធិប្រជាធិប តេយ្យ និងសិទ្ធិមនុស្ស ជាការពិតគឺមិនមែនទេ ។ អាមេរិក មានបញ្ហាច្រើនណាស់ ពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្ស។ លោក កែវ រ៉េមី បានឲ្យដឹងថា ប្រជាជនអាមេរិក ស្មើនឹង៥ភាគរយ នៃប្រជាជននៅលើសកលលោក។ ក៏ប៉ុន្តែអ្នកដែលជាប់ពន្ធនាគារ មិនមែនតួលេខ៥ភាគរយ ដូចប្រជាជនលើសកលលោកទេ គឺ២៥ភាគរយ ស្នើនឹងចំនួនអ្នកជាប់គុកទូទាំងសកលលោក។ លោកថា បើគិតអត្រានៃអ្នកជាប់គុកនៅអាមេរិក គឺខ្ពស់មែនទែន ហើយបើគិតជាតួលេខ គឺ២,៤លាននាក់ បើគិតជាប្រជាជននៅរាជធានីភ្នំពេញ ប្រហាក់ ប្រហែលនៅទីក្រុងភ្នំពេញ។ លោក កែវ រ៉េមី បានបន្តថា គេសង្កេតឃើញទៀតថា អ្នកជាប់គុកនៅសហរដ្ឋអាមេរិក ៦០ភាគរយ សម្បុរមិនមែនពណ៌សទេ គឺដូចជា ស្បែកខ្មៅ ម៉ិចស៊ីកូ និងអាស៊ី។ល។ លោក កែវ រ៉េមី បានថ្លែងថា យើងអាចនិយាយបានថា បញ្ហាសិទ្ធិ មនុស្សមានច្រើនណាស់នៅលើសកលលោក ។ មិនមានប្រទេសណាមួយនៅលើសាកលលោក មានការគោរពសិទ្ធិមនុស្សបានពេញលេញនោះទេ។ ខ្ញុំ បានសិក្សាស្រាវជ្រាវទាក់ទងបណ្តាប្រទេសទាំងអស់នៅជុំវិញពិភពលោក គឺមានបញ្ហាសិទ្ធិមនុស្សទាំងអស់ គ្រាន់តែបញ្ហាសិទ្ធិមនុស្សនេះ មានតិចឬច្រើន ប៉ុណ្ណោះ។ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈល្អប្រសើរណាស់ បើប្រៀបជាមួយសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសមួយចំនួននៅតំបន់អាស៊ី រួមទាំងប្រទេសជិតខាងផងដែរ។
លោកបញ្ជាក់បន្ថែមថា “មានបងប្អូនខ្លះបានចូលក្នុងហ្វេសប៊ុកហើយ សួរខ្ញុំថា កម្ពុជា មានសិទ្ធិមនុស្សឬទេ? មានការគោរពសិទ្ធិមនុស្សឬអត់? អ៊ីចឹងខ្ញុំសុំជម្រាបជូនទៅវិញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈល្អប្រសើរណាស់ ប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង ប្រទេសមួយចំនួន នៅអាស៊ី នៅអឺរ៉ុប នៅអាមេរិក ស្ថានភាពរបស់យើង មានលក្ខណៈល្អប្រសើរ។ អ៊ីចឹងខ្ញុំ សូមជម្រាបជូនបន្តទៀតថា កត្តាសន្តិភាព រក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស សន្តិភាពជា គឺជាគន្លឹះមួយ នៃការអបអរសាទរនៃខួបទី៧០របស់យើងនាពេលនេះ នៅក្នុងការលើកកម្ពស់សិទ្ធិមនុស្ស”៕ ដោយ ៖ រចនា