ក្រសួងរតនាគារអាមេរិច នៅថ្ងៃពុធម្សិលមិញនេះបានប្រកាសពីការដាក់ទណ្ឌកម្មថ្មីទៀតប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនមួយចំនួនរបស់រុស្ស៊ី ដោយសារការបន្តមិនគោរពចំពោះវិធាន ការអន្តរជាតិ។
ទណ្ឌកម្មទាំងនោះគឺប្រឆាំងនឹងក្រុមហ៊ុនរុស្ស៊ីមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងគំរោង Project Lakhta ដែលរតនាគារអាមេរិចបញ្ជាក់ថា គឺជាផ្នែកមួយពាក់ព័ន្ធនឹងភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណេត (Internet Research Agency) និងសមាជិក ព្រមទាំងអតីតសមាជិករបស់ GRU ដែលជាភ្នាក់ងារស៊ើបអង្កេតរបស់រុស្ស៊ី។ ក្រុមហ៊ុនទាំងនោះជាប់ពាក់ព័ន្ធទៅនឹងការព្យាយាមជ្រៀតជ្រែងឥទ្ធិពលលើការបោះឆ្នោតអាមេរិចកាលពីឆ្នាំ ២០១៦។
ទណ្ឌកម្មក៏បានប្រឆាំងទៅនឹងមន្ត្រីភ្នាក់ងារស៊ើបអង្កេតយោធារុស្ស៊ីមួយចំនួនផងដែរ ដែលអាមេរិចចោទប្រកាន់ថាគោលដៅអាក្រក់លើ ភ្នាក់ងារប្រឆាំងការប្រើប្រាស់សាធាតុញៀន (Anti-Doping Agency) អង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី (Organization for the Prohibition of Chemical Weapons) និងអង្គការអន្តរជាតិផ្សេងៗទៀត។ មន្ត្រីភ្នាក់ងារស៊ើបអង្កេតយោធារុស្ស៊ី បានព្យាយាមប្រើប្រាស់បច្ចេកទេសហេកតាមប្រព័ន្ធអ៊ីនធឺណេត។
ចុងបញ្ចប់ទណ្ឌកម្មបានប្រកាស់ប្រឆាំងនឹងមន្ត្រីនៃភ្នាក់ងារស៊ើបអង្កេតរុស្សី ២រូបឈ្មោះ Alexander Petrov និង Ruslan Boshirov ដែលមានទំនួសខុសត្រូវក្នុងការប្រើប្រាស់សារធាតុគីមីក្នុងការវាយប្រហារលើអតីតអ្នកស៊ើបអង្កេតរុស្ស៊ីម្នាក់ឈ្មោះ Sergei Skripal និងកូនស្រីរបស់គាត់ឈ្មោះ Yulia។ ការវាយប្រហារដោយសារធាតុគីមីលើឪពុកនឹងកូននោះ កើតឡើងក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស។
សូមបញ្ជាក់ថា ការប្រកាសពីទណ្ឌកម្មថ្មីប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនរុស្ស៊ី បានកើតឡើង ស្របពេលដែលក្រសួងរតនាគារអាមេរិច បានប្រកាសពីការដកទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនរុស្សីមួយចំនួន ដូចជាក្រុមហ៊ុន Rusal and EN+ Group៕ សុភ័ក្ត្រ
ប្រភព៖ CNN