Sunday, February 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវថ្មើរជើង ក្រោយដាក់ឱ្យដំណើរការសាកល្បង មានអ្នកគាំទ្រ និងចូលទៅដើរលេងកំសាន្តច្រើន

ភ្នំពេញ ៖ ផ្លូវថ្មើរជើង (Walk Street) ដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ គឺថ្ងៃសៅ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ កាលពីសប្ដាហ៌មុននោះ នៅសប្ដាហ៌ទី២ ក្នុងថ្ងៃទី១ នាយប់ថ្ងៃសៅរ៍ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតែមានអ្នកគាំទ្រ និងចូលទៅដើរលេងកំសាន្តច្រើន ពោលគឺបានកើនឡើងច្រើនបន្តបន្ទាប់ នេះបានបង្ហាញឱ្យឃើញពីភាពជោគជ័យមួយជំហាន ហើយក្រោយពីបើកសាល្បងផ្លូវថ្មើជើង(Walk street) រយៈពេល២ថ្ងៃ កាលពីសប្តាហ៍មុននេះ។

លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរាត្រីថ្ងៃទី៨កុម្ភៈនេះថា៖ នៅផ្លូវថ្មើរជើង (Walk Street) បងប្អូនខ្មែរនិងបរទេសមកទស្សនាមានចំនួនច្រើនគិតត្រឹមម៉ោង៩យប់ទៅហើយក៏នៅតែមានភ្ញៀវជាតិនិងអន្តរជាតិដើរកំសាន្តអ៊ូអរដដែល ជាពិសេសច្រើននៅចំណុចរូបសំណាកតេជោមាស និងតេជោយ៉តឬមុខវត្តឧណ្ណាឡោម ពីព្រោះទីតាំងនេះរដ្ឋបាលរាជធានី បានដាក់ក្រុមតន្ត្រីប្រគំនៅទីនោះ ជាការទាក់ទាញមួយទាំងជនបរទេស និងខ្មែរ នាំគ្នារាំលេងយ៉ាងសប្បាយរីករាយ។

លោកស្រីអ្នកនាំពាក្យបន្តថា នៅសប្ដាហ៌ក្រោយសង្ឃឹមថា នឹងមានអ្នកមកលេងកាន់តែច្រើនជាងនេះបន្ថែមទៀត ពីព្រោះយើងអាចរៀបចំកន្លែងសប្បាយភាពនិងដាក់របស់របរសម្រាប់កម្សាន្តច្រើនប្រភេទ។

សូមបញ្ជាក់ថា៖គម្រោងបើកផ្លូវថ្មើជើង(Walk street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីជំហរគឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។

គួរបញ្ជាក់ថា៖ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៧កុម្ភៈ២០២៥ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជាជំហានបន្តនេះ យើងត្រូវដោះស្រាយរកចំណតសម្រាប់ម៉ូតូ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកដើរលេងកំសាន្តនៅផ្លូវថ្មើជើង(Walk street)នេះ។ បន្តមកទៀតការរៀបចំឱ្យការប្រគំតន្ត្រីសម័យ បុរាណ(របាំងគោះត្រឡោក ចាប៉ីដងវែង)កន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងវត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។ តាមរយៈការបើកដំណើរការសាល្បងផ្លូវថ្មើជើង(Walk street) ២ថ្ងៃកន្លងមកនេះ បើយើងបន្ថែម ការរៀបចំចំណតម៉ូតូនិងការរៀបចំការប្រគុំតន្ត្រីសម័យ បុរាណច្រើនទៀតនោះ ភ្ញៀវនឹងមកលេងកំសាន្តកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្ដមឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ដាក់ភ្លើងបំភ្លឺនៅកន្លែងដែលមានភាពងងឹត បំពាក់អំពូលភ្លើងទាក់ទាញ ជម្រុញឱ្យមានការសំអាតអនាម័យបរិស្ថាន សំខាន់ទីតាំងនេះត្រូវតែស្អាតមានសោភណ្ឌភាព ជាកន្លែងទាក់ទាញ។

ជាមួយគ្នានេះត្រូវបន្ថែមខ្សែរត់ របស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈចំនួន៣ខ្សែដែលមានស្រាប់មកកាន់ទីតាំងផ្លូវថ្មើជើង(Walk street) ដោយបន្ថែមម៉ោងរហូតដល់ម៉ោង១១យប់ ដើម្បីដឹកប្រជាពលរដ្ឋទៅចំណតវិញ។ខ្សែរត់រថយន្តក្រុងដែល កំពុងប្រតិបត្តិការនៅក្បែរតំបន់ ផ្លូវ ថ្មើរ ជើង មានចំនួនមាន៣ខ្សែរត់ ទី២A, ៣ និង៤A៖
-ខ្សែ ទី ២A ចេញដំណើរពីស្ថានីយរថយន្ត ក្រុងកួចកាណុង ដល់ស្ថានីយរថយន្តក្រុងព្រែកសំរោង (ក្រុងតាខ្មៅ)
-ខ្សែទី៣ ចេញដំណើរពីស្ថានីយសួនច្បារ ឬស្សីកែវ ដល់ស្ថានីយបុរីសន្តិភាព ២
-ខ្សែទី៤Aចេញដំណើរពីស្ថានីយសួនច្បារ ឬស្សីកែវ ដល់ស្ថានីយបុរីសន្តិភាព ២។

គួរបញ្ជាក់ផងដែរថា៖ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street)នេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណង់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×