យោងតាម Okezone បុរសឥណ្ឌូនេស៊ីឈ្មោះ Karna Radheya និងនារីអង់គ្លេសឈ្មោះ Polly Alexandria Robinson បានរួមរស់នៅជាមួយគ្នាយ៉ាងផ្អែមល្ហែម មុនពេលពួកគេសម្រេចចិត្តចូលរោងការទៅតាមប្រពៃណីមូស្ទីម កាលពីថ្ងៃអាទិត្យ (៦ ធ្នូ) ។
អ្នកទាំងពីរត្រូវបានដឹងថា បានស្គាល់គ្នាជាង១ឆ្នាំមកហើយ នៅក្នុង Bali ក្នុងអំឡុងខែសីហា ឆ្នាំ២០១៧ ។ នៅពេលនោះ Karna ដែលកំពុងធ្វើការនៅ Bali បានជួប Polly ហើយអ្នកទាំងពីរក៏បានចាប់ចិត្តស្រលាញ់គ្នាទៅវិញទៅមកតែម្តង ។
បន្ទាប់ពីមានទំនាក់ទំនងស្នេហានឹងគ្នា អស់រយៈពេល១ឆ្នាំកន្លះ ពួកគេក៏បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី១៦ ធ្នូ ។ ដំបូង Karna បាននិយាយថា គាត់ពុំអាចជឿថាស្រីស្អាតម្នាក់នេះ នឹងបាក់ចិត្តស្រលាញ់គាត់នោះទេ ។ អ្នកដទៃតែងនិយាយចំអកអំពីទំនាក់ទំនងរបស់ពួកគេ ប៉ុន្តែ ទោះយ៉ាងណា ចំណងស្នេហ៍របស់ពួកគេនៅរក្សា និងកាន់តែរឹងមាំខ្លាំងឡើង ។
បុរសរូបនេះបាននិយាយថា៖ «នេះជាជោគវាសនា ។ ខ្ញុំមិនដែលស្វែងរកចង់បានប្រពន្ធបរទេសនោះទេ ប៉ុន្តែ ព្រះបានសម្រេចចិត្តថា Polly គួរតែជាប្រពន្ធជាទីស្រលាញ់របស់ខ្ញុំ ហើយពិតជាអរគុណខ្លាំងណាស់» ។ ចំណែក Polly ក៏បានសម្រេចចិត្តក្លាយជាអ្នកឥស្លាមរយៈពេល៦ខែ មុនពេលពិធីមង្គលការរបស់ពួកគេ ព្រោះនាងពិតជាចង់រៀបការជាមួយ Karna ។ ហើយ Karna ក៏បាននិយាយថា គាត់កំពុងស្នើសុំសញ្ជាតិសម្រាប់ប្រពន្ធរបស់គាត់ផងដែរ ៕ ដោយ៖ ឧត្តម