ភ្នំពេញ ៖ វេទិកាសាធារណៈ និងការចូលរួមមតិយោបល់ពីប្រជាពលរដ្ឋ គឺជាធាតុផ្សំ ដ៏សំខាន់នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ
នៅថ្នាក់ក្រោមជាតិ និងជារបៀបវារៈ ដ៏ចាំបាច់នៃការធ្វើកំណែទម្រង់របស់រដ្ឋ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអភិបាលកិច្ចល្អជាស្នូល។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកសូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដូនពេញ ។ វេទិកានេះ ពិតជាទទួលបាននូវមតិយោបល់ សំណើ-សំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ។
ទិដ្ឋភាពនេះ ក៏បានសបញ្ជាក់ផងដែរថា ដរាបណាប្រទេសជាតិរបស់យើងមានសុខសន្តិភាព នោះ សំណើ-សំណូមពរ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ នឹងត្រូវដោះស្រាយជូនជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព។
នៅក្នុងវេទិកានេះ ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរជួយកាប់ដើមឈើ ដែលមានសភាពទ្រុឌទ្រោម និងមានវិធានការទៅលើ
ការដ្ឋានសំណង់ ដែលបានសាង់សង់របស់រោងកុនលុច្ស ធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យប្រះស្រាំ ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋ មិនបានលើកឡើងពីបញ្ហា ចោរកម្ម សន្តិសុខ សណ្តាប់ធ្នាប់នោះទេ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។
លោកម៉ប់ សារិន បានមានប្រសាសន៍ថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានាពេលកន្លងមក ដើម្បីអោយរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ។
លោកបន្តថា វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង សម្រាប់មួយខណ្ឌៗ មានន័យថា ទាំង១២ខណ្ឌចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើឡើងចំនួន១២ដង ស្របពេលដែលឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកវេទិកា បានចំនួន១១ខណ្ឌរួចមកហើយ។ នេះជាខណ្ឌទី១២ហើយ ជាខណ្ឌចុងបញ្ចប់ផងដែរ។
លោកបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា អ្វីដែលចាំបាច់ត្រូវតែលើកឡើង ដើម្បីឲ្យអាជ្ញាធរដោះស្រាយជូន ព្រោះវេទិកានេះ ក្នុងមួយឆ្នាំមានតែម្តង។
លោកឃួង ស្រេង បានលើកឡើងថា ការដោះស្រាយរាល់កង្វល់ សំណូមពរប្រជាពលរដ្ឋ គឺពិតជាដោះស្រាយមិនងាយ នឹងអស់ទេ ពោលគឺតែងតែកើតមាន ដូចយើងរៀនអញ្ចឹងដែរ គឺរៀនមិនចេះបញ្ចប់នោះទេ ដូច្នេះទេក្នុងនាមអាជ្ញាធរ និងមន្ត្រីជំនញយើងត្រូវរួមគ្នា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមដែលប្រជាពលរដ្ឋលើកឡើង។
លោកឃួង ស្រេងបានបន្តថា វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ខាងលើនេះ មានសំណួរសំណូមពរផ្ទាល់មាត់ចំនួន៥នាក់និង លាយលក្ខណ៍អក្សរចំនួន៥៩បញ្ហា ដែលនាំឲ្យរដ្ឋបាលរាជធានី មើលឃើញពីចំណុចខ្វះខាត ដើម្បីបន្តដោះស្រាយជូនប្រជាពលរដ្ឋ ។ ក្នុងនាមជាតំណាងប្រជាពលរដ្ឋ យើងត្រូវដោះស្រាយជូនប្រជាពលរដ្ឋដោយមានតម្លាភាព ។ ក្រៅពីនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញឲ្យលោកអភិបាលខណ្ឌដូនពេញ ត្រូវតែចុះទៅមើលភ្លាមៗ បើមានបណ្តឹងប្រជាពលរដ្ឋ ពោលគឺបើរឿងសំណង់ ត្រូវហៅអ្នកជំនាញទៅពិនិត្យ បើពិនិត្យឃើញថា ប្រជាជនត្រូវយើងត្រូវឃាត់សំណង់ទាំងនោះ ។ កុំបិទភ្នែក ព្រោះនេះជាកិច្ចការងាររបស់យើង ដែលត្រូវតែធ្វើជូនពួកគាត់។
ជុំវិញបញ្ហាសំរាមវិញ លោកអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា ចាប់ពីចូលឆ្នាំថ្មីនេះទៅ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអន្តរក្រសួង អាចនឹងមានវិធានការម៉ឺងម៉ាតបំផុតជាមួយនឹងអ្នកចោលសំរាម ផ្តេសផ្តាស នៅតាមទីសាធារណៈ។
លោកបន្តថា ផុតចូលឆ្នាំនេះយើងក៏នឹងទៅប្រទេសចិន ដើម្បីសូមការជួយពីចិន លើការងារប្រមូលសំរាមនេះតាមរយ:ការសុំរថយន្តសំអាតសំរាម។ ពាក់ព័ន្ធនឹងរឿងអគ្គិសនី លោកអភិបាល ក៏បានបញ្ជាក់បន្ថែមថា អគ្គិសនីសម្រាប់ផ្គត់ផ្គង់អាជីវកម្មធុនតូច នៅតាមផ្សារ គឺមានតម្លាំ៧៤០រៀល ក្នុងមួយគីឡូវ៉ាតម៉ោង តែសម្រាប់អគ្គិសនីផ្គត់ផ្គង់ ឲ្យប្រជាពលរដ្ឋនៅតាមផ្ទះ មានតម្លៃ៤៨០រៀល ក្នុងមួយគីឡូវ៉ាតម៉ោង នេះជាកាដូថ្មីមួយទៀត របស់សម្តេចតជោ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា អ្នកម៉ៅការធំពីអគ្គិសនីកម្ពុជា ត្រូវប្រញាប់ទំនាក់ទំនង ជាមួយអគ្គិសនីកម្ពុជា ដើម្បីឲ្យខាងអគ្គិសនីកម្ពុជា ជួយសម្រាលលើការងារនេះ។ ចំណែកបញ្ហាការដាំដើមឈើ សម្រាប់លម្អនៅរាជធានីភ្នំពេញ ពុំដែលឃើញរដ្ឋបាលព្រៃឈើ ចេញរបាយការណ៍ជូនសាលារាជធានីនោះទេ គឺមានតែរដ្ឋបាលរាជធានីបានទិញកូនឈើរាប់ពាន់ដើម មកដាំដើម្បីលម្អរាជធានី ៕ ដោយ ៖ កូឡាប