ខេត្តស្វាយរៀង ៖ គិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ដែលជាថ្ងៃរៀបចំពិធី ក្រុងពាលី រហូតមកដល់នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ ទីសក្ការៈបូជា អាស្រម លោកតាគង់ យាយដើង ដែលជាគំនិតផ្តួចផ្តើមគំនិតកសាងដោយលោកស្រី ម៉ែន សំអន បានសាងសង់រួចរាល់ជាស្ថាពរ រង់ចាំតែថ្ងៃសម្ពោធសម្រាប់បងប្អូនប្រជាពលរដ្ឋចូលគោរពបន់ស្រន់តាមជំនឿសាសនារៀងៗខ្លួនតែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថាៈក្រោមគំនិតផ្តួចផ្តើមឡើងដោយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោកស្រី បានរៀបចំកសាងនូវទីសក្ការៈបូជា ស្ថិតនៅលើទីតាំងចាស់គឺអាស្រម (លោកតាគង់ យាយដើងដែលជាកន្លែងទីសក្ការៈមួយសំរាប់អ្នកខេត្តស្វាយរៀងជាពិសេសនៅពេលមានកម្មវិធីបុណ្យទានធំៗម្តងៗថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើពិធីសែនព្រេនទៅតាមជំនឿតាំងពីយូរលង់ណាស់មកហើយ) ខាងកើតមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង ជាប់នឹងទំនប់តាណេងទន្លេវ៉ៃគោ៕ វ៉ៃគោ