Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​ឈានមុខ​គេ​ផ្នែក FinTech នៅ​កម្ពុជា បានឈ្នះ​ពាន “​សេវា​ប្រតិបត្តិការ មិន​ប្រើ​សាច់ប្រាក់​ល្អ​បំផុត ឆ្នាំ​២០១៨”

​ភ្នំពេញ ​៖ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨ បានឲ្យដឹងថា ធនាគារ​ឯកទេស វី​ង ដែល​ជា​ធនាគារ​ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) នៅ​កម្ពុជា បាន​ទទួលពាន​រង្វាន់ “​សេវា​ប្រតិបត្តិការ មិន​ប្រើ​សាច់ប្រាក់​ល្អ​បំផុត ឆ្នាំ ២០១៨ (Best Non-Cash Transaction Service 2018)” នៅក្នុង​កម្មវិធី​ពានរង្វាន់​ប្រចាំឆ្នាំ Cambodia Telecom & FinTech Awards ដែល​ត្រូវបាន​រៀបចំ​ដោយ​ក្រុមហ៊ុន International Data Group (IDG ASEAN) នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​បាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន IDG ASEAN​។

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ បានសរសេរថា​៖ “​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូឌា​) លីមីត​ធី​ត ទទួលបាន​ពាន “​សេវា​ប្រតិបត្តិការ មិន​ប្រើ​សាច់ប្រាក់​ល្អ​បំផុត ឆ្នាំ​២០១៨” ព្រោះ​ក្នុង​អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វី​ង បាន​ផ្តល់ជូន​នូវ​សេវាកម្ម និង​ដំណោះស្រាយ​ជាច្រើន សម្រាប់​ការទូទាត់​ប្រាក់ ដោយ​មិន​ប្រើ​សាច់ប្រាក់ នៅក្នុង​ប្រទេស​កម្ពុជា​។ វី​ង ត្រូវបាន​អតិថិជន​ទទួល​ស្គាល់​ថា មាន​ភាពងាយស្រួល​, មាន​សុវត្ថិភាព​ក្នុងពេល​ប្រតិបត្តិការ និង​មាន​ប្រជាប្រិយភាព​”​។​

ពិធី​ប្រគល់​ពានរង្វាន់​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​កាលពី​សប្តាហ៍​មុន នៅ​សណ្ឋាគារ The Great Duke ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ធនាគារជាតិ​នៃ​កម្ពុជា​, សមាគម FinTech, សមាគម​នៃ​សហ​ព័ន្ធ​​ទូរគមនាគមន៍ ព័ត៌មានវិទ្យា កម្ពុជា រួម​ជាមួយ​តំណាង​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគា​រឯក​ទេស វី​ង ដែល​បាន​ចូលរួម​ដើម្បី​ទទួលយក​ពានរង្វាន់ នៅក្នុង​កម្មវិធី​នា​រាត្រី​នោះ បាន​មានប្រសាសន៍ថា លោក​មាន​មោទនភាព​ខ្លាំង​ណាស់ ដែល វី​ង ទទួលបាន​ពានរង្វាន់​នេះ បន្ទាប់​ពី​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ខែ​មុននេះ វី​ង បាន​ទទួលពាន​រង្វាន់​ចំនួន ២ ពី​កម្មវិធី ASEAN Business Awards នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​បន្តទៀតថា​៖ “​វី​ង មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការជួយ​ឲ្យ​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​ភាពងាយស្រួល និង​សុវត្ថិភាព នៅពេល​និយាយ​អំពី​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ​។ ពានរង្វាន់​ដែល​យើង​ទទួលបាន​នៅថ្ងៃនេះ គឺជា​សក្ខីភាព​នៃ​ការប្ដេជ្ញាចិត្ត​របស់​យើង ក្នុង​ការដោះស្រាយ​តម្រូវការ​របស់​ប្រជាជន ដែល​មិន​មាន​គណនី​ធនាគារ និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារ នៅក្នុង​ប្រទេស​។ កាលពី​អតីតកាល ពួកគេ បាន​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន ហើយ​បាន​ប្រឈម​ទៅ​នឹង​ហានិភ័យ ដោយ​ពួកគេ​ពឹង​ផ្អែក​លើ​ភាគី​ទី​៣ ដើម្បី​បញ្ចូន​សាច់ប្រាក់ ទៅ​គ្រួសារ​របស់​ពួកគេ​។ សេវា​ផ្ទេរ​ប្រាក់​របស់​វី​ង បាន​ផ្លាស់ប្តូរ​នូវ​អ្វីៗ​ទាំងអស់នេះ ដោយ​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា ដែល​មិន​មាន​គណនី​ធនាគារ ធ្វើការ​ផ្ទេរ​និង​ទទួល​ប្រាក់ ប្រកបដោយ​សុវត្ថិភាព និង​បាន​ភ្លាមៗ តាមរយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ​។​”

​គួរ​រម្លឹក​ផងដែរ​ថា មុនពេល​ធ្វើ​ការសម្រេច​ផ្តល់​រង្វាន់ ក្រុមហ៊ុន IDG ASEAN បាន​ធ្វើ​ការស្ទង់មតិ​ចំពោះ​ការពេញចិត្ត របស់​អតិថិជន​លើ​សេវាកម្ម 4G, សេវា​អ៊ិន​ធើ​ណេត និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​ឆ្នាំ​២០១៨​។ ក្នុង​អំឡុងពេល​នោះ ក្រុមហ៊ុន IDG ASEAN បាន​បញ្ជូន​ការស្ទង់មតិ ចំនួន ៤០.០០០ និង​ទទួលបាន​ដោយ​ជោគជ័យ នៃ​ការ​ស្ទង់មតិ​ចំនួន ៨០០០​។ ៦០% នៃ​ការស្ទង់មតិ ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត និង​៤០% ធ្វើឡើង​ដោយ​ការសំភាសន៍​ផ្ទាល់ នៅក្នុង​ខេត្ត​ក្រុង​ធំ ៗ ចំនួន ៥ របស់​ប្រទេស​កម្ពុជា រួមមាន រាជធានី​ភ្នំពេញ​, ខេត្ត​បាត់ដំបង​, ខេត្ត​ព្រៃវែង​, ខេត្តសៀមរាប និង​ទី​ក្រុងព្រះសីហនុ​។ កម្រង​សំណួរ​មាន​ប្រធានបទ​ចំនួន ៧ ដែលមាន ១៨ សំណួរ​៕​ ដោយ ​៖ ​កូឡាប​

×