ភ្នំពេញ ៖ អតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋានមួយចំនួន ក្នុងប្រទេសកម្ពុជា ត្រូវបានអាជ្ញាធរកោះហៅឲ្យទៅឆ្លើយបំភ្លឺនិងធ្វើកិច្ចសន្យា បន្ទាប់ពីពួកគេបានបង្ហោះវីដេអីឃ្លីប បង្ហាញពីការគាំទ្រលោក សម រង្ស៊ី ជាប្រធានស្តីទី អតីតគណបក្សសង្គ្រោះជាតិ។
គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល នៃប្រទេសកម្ពុជា សម្រេចរំលាយ កាលពីមួយឆ្នាំមុន។
បើតាមផេកសមរង្ស៊ី បានសរសេរថា “ការគំរាមកំហែង មកលើមន្ត្រីជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋានដែលគាំទ្រតួនាទីខ្ញុំ ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងគាំទ្រគោលជំហរ “សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ”។
ក្នុងនោះអធិការដ្ឋាននគរបាលស្រុកស្អាង កោះហៅឈ្មោះលី ម៉េងឃៀង ភេទប្រុស អាយុ៣៣ឆ្នាំ ដែលរស់នៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ធ្វើកិច្ចសន្យា ជាលាយលក្ខណ៍អក្សរជាមួយសមត្ថកិច្ចនគរបាលស្រុកស្អាង ដោយបានបញ្ជាក់ថា “ចាប់ពីថ្ងៃនេះតទៅខ្ញុំបាទ ឈប់បង្ហោះវីដេអូឃ្លីប ដែលគាំទ្របក្សសង្គ្រោះជាតិ បន្តទៅមុខទៀតហើយ និងមិនធ្វើអ្វីមួយឲ្យប៉ះពាល់ដល់សន្តិសុខជាតិទេ បើថ្ងៃក្រោយខ្ញុំបាទមិនគោរពទៅតាមកិច្ចសន្យាខាងលើនេះទេ ខ្ញុំបាទទទួលកំហុសទៅតាមច្បាប់”។
បើតាមផេកសមរង្ស៊ី កាលពីថ្ងៃ២៤ ធ្នូ ២០១៨ បានលើកឡើងថា “ទាក់ទងទៅនឹងការគំរាមកំហែង មកលើមន្ត្រីជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន ដែលគាំទ្រតួនាទីខ្ញុំ ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងគាំទ្រគោលជំហរ “សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ” ខ្ញុំទើបតែបានប្តឹងទៅអង្គការអន្តរជាតិនានា ដែលឃ្លាំមើលស្ថានការណ៍ នៅប្រទេសកម្ពុជា សូមឲ្យគេដាក់សម្ពាធថែមទៀត មកលើរបបផ្តាច់ការ របស់លោក ហ៊ុន សែន។ សូមរំលឹកថា ក្នុងញត្តិស្តីពីប្រទេសកម្ពុជា ដែលសភាអឺរ៉ុបបានអនុម័ត ថ្ងៃ ១៣ កញ្ញា ២០១៨ មានការបញ្ជាក់យ៉ាងច្បាស់ថារបបផ្តាច់ការ របស់លោក ហ៊ុន សែន នេះ ត្រូវតែទម្លាក់ចោលការចោទប្រកាន់ទាំងអស់ និងបញ្ឈប់ការគំរាមកំហែងគ្រប់បែបយ៉ាង មកលើលោក កឹម សុខា និងលោក សម រង្ស៊ី ព្រមទាំងមន្ត្រីគណបក្សសង្គ្រោះជាតិគ្រប់រូប។ បើអាជ្ញាធរប្រទេសកម្ពុជាសព្វថ្ងៃ មិនបញ្ឈប់ការគំរាមកំហែង ដូចមានចែងខាងលើនេះទេ របបផ្តាច់ការរបស់លោក ហ៊ុន សែន នឹងទទួលទណ្ឌកម្មពីអន្តរជាតិ ជាពិសេសទណ្ឌកម្មពាណិជ្ជកម្មពីសហភាពអឺរ៉ុប យ៉ាងពេញទំហឹង”៕ ដោយ ៖ រចនា