មហាយក្សចិនបានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការងារជាមួយនឹងសហរដ្ឋអាមេរិចបន្ទាប់ពីកិច្ចចរចារពាណិជ្ជកម្មរបស់មហាអំណាចទាំងពីរមានភាពរីកចម្រើនទៅមុខ។
ចិនថ្លែងថា ខ្លួនមានឆន្ទៈក្នុងការធ្វើការជាមួយនឹងអាមេរិច ដើម្បីអនុវត្តការព្រមព្រៀងគ្នា ដែលបានព្រមព្រៀងគ្នាកាលពីកិច្ចប្រជុំកំពូល G20 ក្នុងខែធ្នូនេះ។
នៅកិច្ចប្រជុំកំពូល កាលពីដើមខែធ្នូនេះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការពន្យាពេលការកំណត់ពន្ធលើទំនិញនាំចូល រយៈពេលចំនួន ៩០ថ្ងៃដើម្បីធ្វើការចរចារគ្នា។
ការថ្លែងពីឆន្ទៈរបស់ចិន បានកើតឡើងក្រោយពេលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានធ្វើការបង្ហោះសារក្នុង Twitter ថា ទំនាក់ទំនងកំពុងរីកចម្រើន បន្ទាប់ពីមានការពិភាក្សាគ្នាតាមរយៈទូរស័ព្ទជាមួយនឹងប្រធានាធិបតីចិន ស៊ី ជីនពីង។
នៅក្នុងសារ លោក ត្រាំបញ្ជាក់ថា កិច្ចចរចារកំពុងធ្វើដំណើរទៅមុខយ៉ាងរលូន។
សូមបញ្ជាក់ថា មុនពេលមានកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសអាហ្សង់ទីន មហាអំណាចសេដ្ឋកិច្ចពិភពលោកអាមេរិច បានធ្វើការព្រមានថា ខ្លួនកំពុងពិចារណាកំណត់ពន្ធចំនួន ២៥ភាគរយលើទំនិញរបស់ចិន ដែលមានតម្លៃ ១៥២ពាន់លានដុល្លា ដែលអត្រាពន្ធនេះ ច្រើនជាង ២ដងលើពន្ធធម្មតា ដែលមានត្រឹមតែ ១០ភាគរយប៉ុណ្ណោះ៕ សុភ័ក្ត្រ
ប្រភព៖ BBC