កំពង់ស្ពឺ ៖ ព្រោះតែគំនុំជិតមួយឆ្នាំមុន ជនសង្ស័យម្នាក់ ឈ្មោះសុង ប៊ុនស៊ី ហៅញាញ់បានបង្កគ្រោះថ្នាក់ចរាចរ ដែលបើករថយន្ដ Land Cruiser ដេញបុកប៉ុនប៉ងធ្វើឃាតលើ មន្ដ្រីកងរាជអាវុធហត្ថខេត្ដកំពង់ស្ពឺ កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ កន្លងមកថ្មីៗនេះ ត្រូវបានលោក ថៃ គឹមមុនី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដកំពង់ស្ពឺ សម្រេចដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ប៉ុនប៉ងឃាតកម្ម តាមបញ្ញត្តិ មាត្រា២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា និងបង្គាប់ឲ្យឃុំខ្លួនជននេះជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្ដកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្ដមួយគ្រឿង ម៉ាក Land Cruiserពណ៌ស្លែ បុកម៉ូតូម៉ាក Hon da Scoopy ពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូអូសក្រោមឡានជាង៥០ម៉ែត្រ អ្នកបើកបររថយន្ដមានឈ្មោះសុង ប៊ុនស៊ី ហៅ ញាញ់រស់នៅក្រុងច្បារមន។
កម្លាំងជំនាញចរាចរណ៍ខេត្ដចុះពិនិត្យករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅលេីកំណាត់ផ្លូវជាតិលេខ ៤ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩និង៤០នាទី ចន្លោះគីឡូម៉ែត្រលេខ៤៦.៤៧ ចំណុចភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្ដ ១គ្រឿង ម៉ាក Land Cruiser ពណ៌ស្លែស្លាកលេខ ភ្នំពេញ2C-6259 បើកបរដោយឈ្មោះសុង ប៊ុនស៊ី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិតាំងទន្លេរ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ ជាអាជីវករលក់ឡានTico មុនកើតហេតុគេឃើញរថយន្ដបើកបរពីទិសខាងកើតទៅទិសខាងលិចលុះមកដល់ចំណុចខាងលើបានទៅបុកម៉ូតូ ០១ គ្រឿង ម៉ាកស្កុបពី ពណ៌ស ស្លាកលេខកំពង់ស្ពឺ1J-4497បើកបរដោយឈ្មោះ អៀន ផាន់ដា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាមន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្នាក់នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម្ចាស់រថយន្តបានធ្វើការចោទប្រកាន់ ទៅលើម្ចាស់ម៉ូតូថាបើកបរគ្មានគោរពច្បាប់ព្រោះផ្លូវជាតិគេបើកបរក្នុងល្បឿនលឿនតែម៉ូតូនេះបើកយឺតពេកទើបបណ្ដាលឲ្យរថយន្តបុកពីក្រោយ ថែមទាំងប្រើអាកប្បកិរិយាច្រងែងច្រងាងមិនព្រមអោយជំនាញនគរបាលផ្នែកចរាចរណ៍ធ្វើការវាស់វែងនិងយករថយន្ដទៅកន្លែងនោះទេ ដោយស្ថានភាពបុគ្គលជាម្ចាស់រថយន្ដបង្កមានការរឹងទទឹង ទើបនគរបាលជំនាញស្នើសុំការអន្ដរាគមន៍ពីកំលាំងនគរបាលព្រហ្មទណ្ឌខេត្ដធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចំណាត់ការនិងចាត់ការតាមនីតិវិធី។
តាមការបញ្ជាក់ពីមន្ដ្រីនគរបាលជំនាញចរាចរណ៍ម្នាក់បានឲ្យដឹងថាករណីខាងលើនេះជនរងគ្រោះបានដាក់ពាក្យបណ្ដឹងបន្ថែមមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ចោទប្រកាន់ពីបទ មនុស្សឃាតដោយចេតនា ដោយសំអាងថាជនរងគ្រោះកន្លងមកធ្លាប់បានអនុវត្ដ ដីកាបញ្ជាឲ្យចូលខ្លួនឈ្មោះសុង ប៊ុនស៊ី កាលពីថៃ្ងទី០៧ ខែមករា ឆ្នាំ២០១៨ ពេលនោះជនសង្ស័យ បានប្រើពាក្យសម្ដីជេរប្រមាថ ដល់សមត្ថកិច្ចថា មិនអីទេពួកឯងថៃ្ងណាមួយដឹងខ្លួន មិនខានទេ «ជុងមិនភ្លេចកុក» ។
បច្ចុប្បន្នមធ្យោបាយវត្ថុតាងទាំងពីរ ជំនាញខេត្ដបានយកមករក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ដ ដើម្បីកសាងសំណុំរឿង បញ្ជូនចាត់ការតាមនីតិវិធីច្បាប់។
ចំពោះករណីនេះគេបានសន្និដ្ឋានថា ជនបង្កគឺមានចេតនា បើកឡានបំបុកជនរងគ្រោះតែម្ដង ។ ខណៈលោកឧត្តមសេនីយ៍ទោ សម សាមួន បញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ ជនបង្ក មិនជាន់ហ្វាំងទេឈប់ទេ ជាហេតុនាំឲ្យបុកម៉ូតូជនរងគ្រោះអូសជាង៥០ម៉ែត្រ។សំណាងល្អជនរងគ្រោះមិនប៉ះពាល់ដល់អាយុជីវិត៕ ដោយ ៖ រចនា