ភ្នំពេញ៖ លោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំកម្ពុជា បានលើកឡើងថា ចំនួនប្រជាជនដែលរស់នៅក្រោមបន្ទាត់ នៃភាពក្រីក្រ ដែលមានរហូតទៅដល់លើសពីពាក់កណ្តាល នៅក្នុងឆ្នាំ១៩៩២ បានធ្លាក់ចុះមកក្រោម១៤% ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៤ បានធ្វើឱ្យ កម្ពុជាស្ថិតក្នុងចំណាត់ ថ្នាក់ជាប្រទេសជោគជ័យបំផុត និងឈានមុខគេលើពិភពលោក ក្នុងការកាត់បន្ថយអត្រានៃភាពក្រីក្រ។
កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នេះ បានរួមគ្នារៀបចំនូវសិក្ខាសាលាស្តីពី «ការវាយតម្លៃយុទ្ធសាស្ត្រ ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៤-២០១៨ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា» នៅស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាភ្នំពេញ។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីរួមគ្នាធ្វើការពិនិត្យ និងវាយតម្លៃលើការអនុវត្តនូវយុទ្ធសាស្ត្រភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៤-២០១៨ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងដើម្បីធ្វើការពិភាក្សា និងគិតគូរនូវអាទិភាពគោល នយោបាយ និងយុទ្ធសាស្ត្រនានា ដែលមានលក្ខណៈសមស្រប ទៅនឹងស្ថានភាពជាក់ស្តែង និងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសការឆ្លើយតបទៅនឹងការផ្លាស់ប្ដូរ ជារចនាសម្ព័ន្ធរបស់សង្គម-សេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិការណ៍ថ្មី ទាំងកម្រិតជាតិ និងអន្តរជាតិ ដូចជា បញ្ហាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបរិស្ថានជាដើម ដើម្បីជាធាតុចូលក្នុងការ រៀបចំនូវយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ២០១៩-២០២៣ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការវាងកម្ពុជា និង ADB។
លោក Samiuela Tukuafu បានថ្លែងថា ADB នឹងបញ្ចប់នូវការវាយតម្លៃលើយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៤-២០១៨ នៅក្នុងខែសីហាឆ្នាំ២០១៨ ខាងមុខនេះ និងបន្ទាប់មក យើងនឹងដាក់ចេញនូវយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍ កម្ពុជាថ្មី សម្រាប់ពីឆ្នាំ២០១៩-២០២៣ ត្រឹមពាក់កណ្តាលឆ្នាំ២០១៩។ លោកបានបន្តលើកឡើងថា ការសម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់ជាង ៧% នៅក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសឯកទត្តករ កំណើនសេដ្ឋកិច្ចទាំង៦ នៅក្នុងពិភពលោក។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា សិក្ខាសាលាថ្ងៃនេះ គឺពិតជាវេទិកានៃការពិភាក្សាដ៏មានសារសំខាន់ នៅក្នុងយន្តការនៃភាពជាដៃគូរវាងកម្ពុជា និង ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏ពិតប្រាកដ និងគួរឱ្យទុកចិត្ត។ លោកបានបន្តថា ជារួម នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានឆ្លើយតបជាសារវ័ន្តទៅនឹងឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ពិសេស រាជរដ្ឋាភិបាលសម្រេចបានជាអតិបរមា នូវអាទិភាពគោលនយោបាយទាំងឡាយ ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដើម្បី កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាពនៅកម្ពុជា ក៏ដូចជាបានបង្កើតបាននូវមូលដ្ឋាន សម្រាប់ទ្រទ្រង់ នូវដំណើរការវិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាតទៅមុខទៀត។
ក្នុងរយៈពេល៥ឆ្នាំមកនេះ រាជរដ្ឋាភិបាលធានា និងរក្សាបាននូវសន្តិភាព សន្តិសុខ អធិបតេយ្យភាព ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ជាពិសេស ការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ក្នុងទិដ្ឋភាពខាង សេដ្ឋកិច្ច ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ក្នុងបរិការណ៍ អត្រាអតិផរណាទាបនិងអត្រាប្តូរប្រាក់មានស្ថិរភាព ក្នុងរយៈ ពេល ៥ឆ្នាំ កន្លងមកនេះ គឺជាកំណើនមួយដ៏ខ្ពស់។ កំណើននេះ បានជួយបង្កើតឱកាសការងារកាន់តែច្រើន និងឱកាសរកប្រាក់ ចំណូលកាន់តែសមរម្យជូនប្រជាជន ដោយក្នុងនោះ កំណើននៃប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើង លឿនជាងកំណើននៃសេដ្ឋកិច្ច (កំណើននៃ ផសស តាមថ្លៃបច្ចុប្បន្ន) ទៅ ទៀត។
ជាក់ស្តែង ក្នុងរយៈពេល៥ឆ្នាំនេះ ប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការបានកើនឡើងបីដង ហើយប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក៏បានកើនឡើងជាងពីរដងផងដែរ។ ក្រៅពីបានបង្កើតឱកាសការងារ និងប្រាក់ ចំណូលជូនប្រជាជន រាជរដ្ឋាភិបាលក៏បានបន្ធូរបន្ថយពន្ធ និងអនុគ្រោះពន្ធមួយចំនួនទៀត ពិសេស សម្រាប់អ្នកមានចំណូលទាប និងអ្នកប្រកបអាជីវកម្មតូចតាច ដើម្បីកាត់ បន្ថយបន្ទុកចំណាយ និងលើកកម្ពស់ជីវជភាពរបស់ប្រជាជន។ លើសពីនេះទៀត រាជ រដ្ឋាភិបាល ក៏លុបចោលមិនយកកម្រៃពីសេវាសាធារណៈចាំបាច់មួយចំនួនថែមទៀត។
ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានបង្កើនចំណាយយ៉ាងច្រើន ទៅលើវិស័យអាទិភាពនានា រួមទាំងការ លើកកម្ពស់គុណភាព និងការពង្រីកវិសាលភាពនៃសេវាសាធារណៈជូនប្រជាជនផងដែរ។ ជាក់ស្តែង ចំណាយសរុបថវិកាជាតិបានកើនឡើងមិនដល់ពីរដងផង តែចំណាយថវិការបស់ក្រសួងអប់រំវិញ ត្រូវបានបង្កើនឡើងរហូតទៅដល់ជាង ៣ ឯណោះ ហើយក្រសួង សុខាភិបាល រហូតទៅដល់ពីរដងកន្លះ និងក្រសួងកសិកម្មរហូតដល់បីដង។
ក្រៅពីការបង្កើនទំហំនៃចំណាយ យើងក៏បានខិតខំបង្កើនគុណភាពចំណាយថែមទៀត តាមរយៈការបន្តបង្កើនប្រសិទ្ធភាពនៃការវិភាជថវិកា និងការលើកកម្ពស់ប្រសិទ្ធភាព ប្រតិបត្តិការ និងបច្ចេកទេស។ ដូច្នេះជារួមក្នុងរយៈ ពេល ៥ឆ្នាំមកនេះ រាជរដ្ឋាភិបាល បានបែង ចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដែលបាន សម្រេច ប្រកបដោយសមធម៌ និងបានទៅដល់ដៃប្រជាជនយ៉ាងពិតប្រាកដ ជា ពិសេស អ្នកមានចំណូលទាប និងក្រុមជន ងាយរងគ្រោះ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានចាប់ផ្តើមអនុវត្ត ជាបណ្តើរៗ នូវកម្មវិធីគាំពារសង្គមមួយចំនួនជាបន្តបន្ទាប់ ក្នុងក្របខ័ណ្ឌគោល នយោបាយជាតិ គាំពារសង្គម ២០១៦ -២០២៥ ផងដែរ។លោក វង្សី វិស្សុត បានលើកឡើងផងដែរថា ទន្ទឹមគ្នានឹងការសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមគួរឱ្យកត់ សម្គាល់ខាងលើ កម្ពុជាក៏ត្រូវប្រឈមនឹងបញ្ហា មួយចំនួនផងដែរ ទាំងជាបញ្ហាដែលនៅសេសសល់ និងទាំងបញ្ហាដែលទើបលេច ចេញថ្មី។
ម្យ៉ាងវិញទៀត និន្នាការនៃការផ្លាស់ប្តូរថ្មីនៅក្នុងបរិការណ៍ពិភពលោក ទាំងក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏កាន់តែស្មុគស្មាញជាងមុន។ ដូចនេះ ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃភាពជាដៃគូរវាងកម្ពុជា និង ADB ចាំបាច់ត្រូវឆ្លើយតបចំពោះបញ្ហាប្រឈមទាំងនេះ ក៏ដូចជាដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពជូនប្រជាជន។ ថ្វីត្បិតតែក្របខ័ណ្ឌនៃយុទ្ធសាស្ត្រភាពជាដៃគូនេះ ត្រូវដើរតាមយុទ្ធសាស្ត្រឆ្នាំ ២០៣០ (ADB Strategy 2030) របស់ ADB ក្តី តែយុទ្ធសាស្ត្រភាពជាដៃគូនេះ ក៏ត្រូវតែឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់កម្ពុជាផងដែរ ជា ពិសេស ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្សេងៗទៀត ដែលរាជ រដ្ឋាភិបាលនឹងដាក់ចេញនៅក្នុងពេលខាងមុខ។ ក្របខ័ណ្ឌនេះ ក៏ត្រូវគិតគូរផងដែរអំពីការអនុវត្តសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
កម្ពុជា ផ្តោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាលើវិស័យអប់រំ ដោយប្រកាន់យកនូវគោលការណ៍ម្ខាងខិតខំពង្រឹងវិស័យអប់រំទាំងមូលឱ្យឡើងកម្រិតគុណភាព និងម្ខាង ទៀត សម្រួចលើសិស្សពូកែ ដើម្បីឆ្លើយតបទៅ នឹងបរិការណ៍នៃការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេស ដើម្បីធ្វើឱ្យការអប់រំបណ្តុះបណ្តាលបច្ចេកទេស អាចឡើងដល់កម្រិតប្រហាក់ប្រហែល នឹងបណ្តាប្រទេសនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រៅពីការបន្តលើកកម្ពស់ការអភិវឌ្ឍន៍វិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានធម្មជាតិ គឺយើងក៏ត្រូវបង្កើនការវិនិយោគប្រកបដោយភាពឆ្លាតវៃផងដែរ (Smart Investment) លើការតភ្ជាប់លើវិស័យអាទិភាពចំនួន ៣ គឺវិស័យដឹកជញ្ជូន ថាមពល និងឌីជីថល។ ទន្ទឹមនឹងនេះ យើងក៏ត្រូវបន្តកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលប្រកបដោយអភិបាល កិច្ចរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ (Strong and Effective Government) តាមរយៈការបន្តកែទម្រង់ដោយសង្គតភាព និងប្រទាក់ ក្រឡាគ្នារវាងការដ្ឋានកែទម្រង់ចំនួន ០៣ គឺការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើវិសហមជ្ឈការ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ៕ ដោយ៖កូឡាប