អ្នកបើកបររថយន្តតាក់ស៊ី ត្រូវបានអតិថិជន សំណូមពរឲ្យបើករថយន្តឡើងកំពូលភ្នំខ្ពស់ បំណងធ្វើអត្តឃាត។
អ្នកបើកបររថយន្តតាក់ស៊ីម្នាក់ បានប្រើសុរា ដើម្បីសង្គ្រោះជីវិតរបស់អតិថិជនម្នាក់ ដែលប៉ុនប៉ងធ្វើអត្តឃាត -កាសែតចិន SCMP ចុះផ្សាយ។
តាមនោះគឺនៅល្ងាចថ្ងៃអង្គារ សប្តាហ៍មុន អ្នកបើកបរតាក់ស៊ីត្រកូលវ៉ាង បានដឹកអតិថិជនវ័យ ២៧ឆ្នាំម្នាក់ នៅខេត្ត ហ្ស៊ីជៀង ប្រទេសចិន ហើយដោយសង្កេតឃើញអតិថិជននេះមានសញ្ញាចង់ធ្វើអត្តឃាត ថែមទាំងនៅដៃមានស្នាមអារហូរឈាមផង។ ម្យ៉ាងទៀត គាត់បែរជាបញ្ជាឲ្យវ៉ាង បើកបររថយន្តទៅកាន់កំពូលភ្នំខ្ពស់បំផុត ធ្វើឲ្យការសង្ស័យរបស់វ៉ាងត្រូវបានពង្រឹងបន្ថែម។
ក្នុងវ័យ ៤០ឆ្នាំ វ៉ាង គិតភ្លាមៗ ហើយប្រឹងប្រែងទប់ស្កាត់ការប៉ុនប៉ងធ្វើអត្តឃាតនេះ។ គាត់ក៏ធ្វើពុតជាមនុស្ស “កំពុងធុញថប់” នឹងជីវិតចង់បញ្ចប់ជីវិតដែរ។
វ៉ាង បានផ្តើមគំនិតថា គួរផឹកស៊ី១ចម្អែត មុនពេលស្លាប់។ លោកក៏ទាញយកស្រា និងប៊ីយ៊ែនៅគូថឡានមក ហើយហៅយុវជនរូបនេះមកអង្គុយផឹកជាមួយ។
វ៉ាង ផឹកតែប៊ីយ៊ែទេ ខណៈបញ្ចុះបញ្ចូលបុរសនោះឲ្យផឹកស្រា។
វ៉ាង ប្រាប់បុរសនោះថា ខ្ញុំពុំអាចផឹកស្រាបានតាំងពី ១០ឆ្នាំមុនម្ល៉េះ -គ្រាក្នុងពាហ៍ពិពាហ៍របស់ខ្ញុំ ហើយខ្ញុំពុំចង់ធ្វើខុសទម្លាប់។
ក្រោយពេលផឹកស្រា ប៊ីយ៊ែប្រហែល១ម៉ោង បុរសវ័យក្មេងដែលកំពុងកើតទុក្ខស្រាប់នោះ ក៏ “សន្លប់”។
ស្របពេលនោះ ប៉ូលិសនៅតំបន់បានទទួលទូរស័ព្ទពីនារីម្នាក់ បញ្ជាក់ថា ខ្លួនជាសង្សាររបស់បុរសនោះ ហើយថាគាត់បានគំរាមសម្លាប់ខ្លួន ក្រោយការឈ្លោះប្រកែកគ្នា។ ប៉ូលិសទូរស័ព្ទចូលលេខរបស់ជនប៉ុនប៉ង ហើយអ្នកបើកតាក់ស៊ីក៏ទទួល រួចប្រាប់កន្លែងពួកគេកំពុងស្ថិតនៅ។ បុរសរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯ Wang វិញត្រូវបានក្រុមហ៊ុនឲ្យរង្វាន់ ១៥០ដុល្លារ ដោយស្នាដៃសង្គ្រោះជីវិតមនុស្ស៕ ចន្ទ្រា