ភ្នំពេញ ៖ ក្នុងខែវិច្ឆិកាឆ្នាំ២០១៧នេះអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទប្រមាណជា១៤៣,៧២លានដុល្លារ
ខណៈរយៈពេល១១ខែ ឆ្នាំ២០១៧ ប្រមូលចំណូលពន្ធបានប្រមាណ ១៨២៧,៦៣ដុល្លារ។
កិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧នេះ ធ្វើឡើងក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១១ខែធ្នូឆ្នាំ២០១៧។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ជាលទ្ធផលក្នុងខែវិច្ឆិកាឆ្នាំ២០១៧នេះចំណូលពន្ធអាករគ្រប់ប្រភេទដែលប្រមូលបានមានចំនួន៥៧៤,៨៧ពាន់លានរៀល(ប្រមាណជា១៤៣,៧២លានដុល្លារអាមេរិក) ។ សម្រាប់រយៈពេល១១ ខែ ឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៧៣១០,៥១ ពាន់លានរៀល (ប្រមាណ ១៨២៧,៦៣ លានដុល្លារអាមេរិក) ស្មើនឹង ១០៦,៥២% នៃគោលដៅកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ប្រសិនបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់រយៈពេល ១១ ខែ ឆ្នាំ២០១៧ កើនឡើងចំនួន ១៦៧៦,១៥ ពាន់លានរៀល (ប្រមាណ ៤១៩,០៤ លានដុល្លារ) ស្មើនឹង ២៩,៧៥%។ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានការកើនឡើងនូវប្រាក់ពន្ធស្ទើរគ្រប់ប្រភេទពន្ធ ជាពិសេសប្រភេទពន្ធ-អាករសំខាន់ៗ មានជាអាទិ៍ ពន្ធលើប្រាក់ចំណូលកើនឡើង ៣១,១% អាករលើតម្លៃបន្ថែម កើនឡើង ២៩,៨ % ខណៈដែលអាករពិសេស កើនឡើង ១៥,០% និងពន្ធលើប្រាក់បៀវត្សរ៍មានការកើនឡើងចំនួន ៨,៦%។
ឆ្លៀតក្នុងឱកាសនោះដែរ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាពទាំងអស់ ដែលស្ថិតក្រោមឱវាទ របស់អគ្គនាយកដ្ឋានពន្ធដារ ឲ្យបន្តការអប់រំផ្សព្វផ្សាយឱ្យបានកាន់ តែទូលំទូលាយ និងឱ្យបានកាន់តែជ្រួតជ្រាបថែមទៀត ក្នុងចំណោមមជ្ឈដ្ឋានអ្នកជាប់ពន្ធ ពាក់ព័ន្ធនឹងវិធាននិងនីតិវិធី នៃការបង់ពន្ធតាមប្រភេទពន្ធនីមួយៗ។ យកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការគ្រប់គ្រងការស្នើសុំបង្វិល សងអាករលើតម្លៃបន្ថែម និងការដាក់លិខិតប្រកាស។ យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង ការគ្រប់គ្រងទារបំណុលពន្ធ ជាពិសេស បំណុលពន្ធរ៉ាំរ៉ៃជាយូរមកហើយ។
ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ជាពិសេស ពន្ធសម្រាប់ជាប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការប្រមូលចំណូលពន្ធទាំងនេះ។
ពង្រឹងការផ្តល់សេវាជូន អ្នកជាប់ពន្ធឱ្យបានកាន់តែប្រសើរ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងបំពាក់សម្ភារៈបរិក្ខាបច្ចេកវិទ្យា ព្រមទាំងពង្រឹងកិច្ចសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ទៅតាមការចាំបាច់។ បន្តធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ សម្រាប់ពន្ធលើអចលនទ្រព្យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណា ឱ្យការប្រមូលពន្ធប្រភេទនេះប្រព្រឹត្តទៅដោយរលូន។ ជំរុញការងារចុះបញ្ជីពន្ធដារ ឱ្យបានកាន់តែឆាប់រហ័សថែមទៀត តាមរយៈការពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្របសម្រួលការផ្តល់សេវា ចុះបញ្ជីពន្ធដារជូនអ្នកជាប់ពន្ធ។
បន្តយកចិត្តទុកដាក់អប់រំមន្ត្រីក្រោមឱវាទ ឱ្យរក្សាបាននូវអាកប្បកិរិយារួសរាយរាក់ទាក់ និងប្រើពាក្យសម្តីទន់ភ្លន់ទៅកាន់អ្នកជាប់ពន្ធ ចៀសវាងមានការថ្នាំងថ្នាក់ និងមិនសប្បាយចិត្តពីសំណាក់អ្នកជាប់ពន្ធដោយប្រកាណាមួយ។ រៀបចំសិក្ខាសាលាជូនមន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធគ្រប់មជ្ឈដ្ឋាន អំពីដំណើរការ និងនីតិវិធីនៃការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធតាមអនឡាញ ដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ឱ្យដំណើរការក្នុងពេលថ្មីៗនេះ។
ខិតខំបន្តកិច្ចសហការជាមួយ បណ្តាប្រទេសជាដៃគូនានា ដើម្បីជំរុញការងាររៀបចំកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតឱ្យទទួលបានជោគជ័យនិងប្រសិទ្ធភាពខ្ពស់។
បន្តរៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យពន្ធដារ ដើម្បីឆ្លើយតប និងសម្រួលដល់ការងារគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងមានភាពងាយស្រួល ច្បាស់លាស់សម្រាប់ការអនុវត្ត។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ក៏បានផ្តល់ការណែនាំបន្ថែម ដល់គ្រប់អង្គភាពឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ម៉ឺងម៉ាត់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឱ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំនិងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ៕ ដោយ៖បញ្ញាស័ក្តិ