កំពង់ស្ពឺ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់សឺ្ព បានឲ្យដឹងថា នៅថ្ងៃទី៣ខែមករាឆ្នាំ២០១៩ ជនល្មើស២នាក់ ប្រើល្បិចក្លែងឯសារធនាគារ បោកលុយបាន៧០.០០០ដុល្លារ ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ។
លោកហង់ ស៊ីថា ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យខ្លួនជាបណ្តោះអាសន្ន លើជនសង្ស័យទាំងពីរនាក់ ឈ្មោះ ម៉ា រ័ត្នមុន្នី ភេទស្រីអាយុ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅក្រុម១៦ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា និងឈ្មោះស៊ុន សុភា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងបញ្ចាំ CX ស្នាក់នៅភូមិអណ្តូង ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពីបទ ឆបោក (ប្រាក់) ប្រព្រឹត្តទៅនៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលរពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ , ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ លោកចៅក្រម ក៏បានបង្គាប់ឲ្យប្រធានពន្ធនាគារ ខេត្តកំពង់ស្ពឺ ឬមណ្ឌលឃុំខ្លួន ទទួលយកជននេះ និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ ផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានបើកប្រតិបត្ដិការស៊ើបអង្កេតស្រាវជ្រាវតាមបណ្ដឹងរបស់ជនរងគ្រោះ និងបានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យពាក់ព័ន្ធចំនួន ២ នាក់ ៖
១-ឈ្មោះ ម៉ា រ័ត្នមុន្នី ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅផ្ទះលេខ 84E1 ផ្លូវលេខ១៤១ ក្រុមទី៦ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើរតួរជាអ្នកខ្ចីប្រាក់ (ធ្វើជាកូនបំណុល)។
២-ឈ្មោះស៊ុន សុភា ភេទប្រុស អាយុ ២៩ឆ្នាំ រស់ នៅភូមិអណ្ដូង ឃុំត្រពាំងគង ស្រុកសំរោងទងខេ ត្តកំពង់ស្ពឺ ដើរតួ ជាអ្នកសម្របសម្រួលលើការរកអ្នកមានប្រាក់(ជំនួយ ការផ្នែកច្បាប់ និងធានាផ្នែកហិរញ្ញវត្ថុ) ចំណែកបក្ខពួកមួយចំនួនទៀតបានគេចខ្លួន។
រឿងរ៉ាវដំបូងនោះគឺក្រុមគេដើរតួស្វែងរកអ្នកមានប្រាក់ និងប្រកបមុខរបររកស៊ីចងការប្រាក់ បន្ទាប់មកផ្ដល់លេខទូរ ស័ព្ទអោយទៅបក្ខពួកខ្លួនខ្ចីប្រាក់ ទូរស័ព្ទប្រាប់ថាមានគេចង់ខ្ចីប្រាក់បង់ផ្ដាច់នៅតាមធនាគារឯកជន ដើម្បីសុំខ្ចីបន្ដទៀតដោយគេខ្ចីរយៈពេលខ្លីទេនិងផ្ដល់ការប្រាក់ខ្ពស់។ បន្ទាប់ពីទំនាក់ទំនងគ្នារួចគឺគេបាននាំមនុស្សម្នាក់ដើរតួជាអ្នកធ្វើឯកសារខ្ចីប្រាក់អតិថិជនកន្លងមក)ដើម្បីឲ្យម្ចាស់បំណុលចង់សួរនាំថាតើប្រាក់ដែលត្រូវផ្ដល់មកវិញបាន លឿនទេ? ប៉ុន្មានថៃ្ងដែរ ពេលនោះក្រុមគេដែលបាន រៀបចំរួចជាស្រេច បានឆ្លើយថាឯកសារនេះមិនយូរទេឆាប់ៗ ២ ឫ ៣ថៃ្ងបានលុយហើយ។បន្ទាប់ពីបានប្រាក់ពីម្ចាស់បំណុលរួចគឺគេបានណាត់ថានៅពេលខាងធនាគារហៅបើកប្រាក់ គឺគេនិងនាំម្ចាស់បំណុលទៅបើកប្រាក់ផ្ទាល់តែម្ដងកុំអោយពិបាកយកមកសងដល់ផ្ទះ ប៉ុន្តែនៅពេលដល់ថៃ្ងណាត់ គឺគេបាននាំម្ចាស់បំណុលទៅមែន តែទៅដល់ធនាគារ ពួកគេប្រើល្បិចមួយទៀត គឺធ្វើភ្លេចយកអត្ដសញ្ញាណប័ណ្ណជាដើម (ឈ្មោះ ម៉ា រ័ត្នមុន្នី) គេបានសុំពេលមកយកឯកសារនៅផ្ទះ រួចក៏គេចខ្លួនរហូត (រឿងចម្លែកបំផុតគឺម្ចាស់បំណុលមុនឲ្យប្រាក់ខ្ចី គឺគាត់ចង់មើលឯកសារដែលកូនបំណុលជំពាក់ខាងធនាគារមួយណា ហើយលុយដែលនៅសល់មានប៉ុន្មានជាក់ស្ដែង តែឯកសារដែលគេយកមកបង្ហាញនោះ គឺជាឯកសារក្លែងទាំងអស់ដែលឈ្មោះស៊ុនសុភា ជាអ្នករៀបចំអោយ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ថាក្រុមនេះនៅមានបក្ខពួកមួយចំនួនទៀត ដែលខាងជំនាញកំពុងតែបន្ដនីតិវិធីស្រាវជ្រាវដើម្បីធ្វើការឃាត់ខ្លួន យកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ។
ជាការសំណូមពររបស់ជំនាញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានមុខរបររកសុីចងការប្រាក់លក្ខណៈឯកជន សូមមេត្ដាប្រុងប្រយ័ត្ននិងពិនិត្យមេីលមនុស្ស ឯកសារអោយបានជាក់លាក់មុននិងផ្ដល់ប្រាក់កម្ចីជូនទៅកូនបំណុល ព្រោះបច្ចប្បន្នក្រុមនេះមានបណ្ដាញនិងមេក្លោងជាអ្នកមានអំណាច ខ្លាំងនៅពីក្រោយខ្នងពិសេសករណីមានគេឃាត់ខ្លួនឬចាប់គឺពួកគេមិនព្រមឆ្លេីយដាក់មេក្លោងជាដាច់ខាត និយាយរួមខ្លាំងជាងមេចោរប្លន់ទៅទៀត ដោយពួក គេត្រូវបានមេក្លោងបញ្ចេះថានេះជារឿងកិច្ចសន្យាមិនមែនរឿងព្រហ្មទណ្ឌនោះទេ ទោសមិនជាប់ពន្ធនាគារទេ យ៉ាងច្រើនគេត្រឹមឲ្យតែសងប្រាក់ទៅដើមបណ្ដឹងវិញតាមលទ្ធភាពតែប៉ុណ្ណោះ ត្រង់ចំណុចនេះហើយអ្នកដែលចាញ់បោ កគេគឺក្លាយជាឧបករណ៍របស់មេក្លោង សំរាប់ប្រេីដេីរបោកប្រាស់ប្រាក់ពីជនរងគ្រោះព្រោះតែជឿការញុះញង់ និងការធានាពីមេរបស់ពួកគេ៕ ដោយ ៖ កូឡាប