តាម Daily Mail ហេតុការណ៍នេះកើតឡើងទាំងកណ្តាលថ្ងៃនៅទីក្រុង Shenzhen ខេត្ត Guangdong នាថ្ងៃដើមឆ្នាំថ្មី ២០១៩ ។
ជនល្មើសត្រកូល Liu (៣៧ឆ្នាំ) ក្រោយមកបានឆ្លើយប្រាប់ប៉ូលិសថា ខ្លួនគេគ្រាន់តែចង់ “លេងជាមួយក្មេង” ប៉ុណ្ណោះ ។
ប៉ុន្តែតាមកាមេរ៉ាសុវត្ថិភាពបង្ហាញឲ្យឃើញថា បុរសត្រកូល Liu ពាក់អាវក្រហម បានចូលកៀកក្មេងស្រីអាយុ ២ឆ្នាំ នៅមុខផ្សារទំនើប ! វេលាម៉ោង ១៦ ថ្ងៃទី ០១ ខែមករា ។ ក្មេងស្រីនេះស្ថិតនៅចម្ងាយពីម្តាយមីងខ្លួនប្រហែល ១ម៉ែត្រប៉ុណ្ណោះ ។
បុរសនោះបានស្រវ៉ាចាប់ក្មេងស្រី ហើយដើរយ៉ាងលឿនចេញទៅ ។ សំណាងល្អ ម្តាយមីង បានតាមរារាំងទាន់ ។ បុរសនេះ បានទម្លាក់ក្មេងចុះ រួចដើរចូលក្នុងហ្វូងមនុស្ស ។ Yin ដែលជាម្តាយរបស់ក្មេងស្រី ដែលនៅពុំឆ្ងាយពីនោះ បានប្រដេញតាមបុរស “អាវក្រហម” ក្នុងពេលដែលអ្នកដទៃទូរស័ព្ទប្រាប់ប៉ូលិស ។
ប៉ូលិសបានចាប់ឃាត់ខ្លួន ហើយព័ត៌មានបឋមឲ្យដឹងថា ជនល្មើស Liu ទើបមកពីអានហ៊ុយពីខែធ្នូ ធ្វើជាកម្មករបោះម៉ូយបន្លែឲ្យក្រុមហ៊ុនមួយ ។ តាមសាច់ញាតិជនល្មើសធ្លាប់ទៅព្យាបាលជំងឺសរសៃប្រសាទ ខណៈពេលជនល្មើសសារភាពថា ខ្លួនគេត្រូវបានពិនិត្យសុខភាពសរសៃប្រសាទដែរ ។
យ៉ាងណាប៉ូលិសកំពុងបន្តការស៊ើបអង្កេត ៕ ចន្ទ្រា