ភ្នំពេញ ៖ កម្មវិធីនៃការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃផែនការសកម្មភាពជាតិគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក George Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនលោក George Edgar ជាប្រធានគណ៖ប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់នៅក្នុងកិច្ចខិតខំប្រឹងប្រែងនានា ក្នុងការរៀបចំផែនការសកម្មភាពជាយុទ្ធសាស្ត្រនេះ ដែលបានបង្កើតឡើងដោយមានការគាំទ្រពីគំនិតផ្តួចផ្តើមដើម្បីកាត់បន្ថយហានិភ័យគីមី ជីវសាស្ត្រ វិទ្យុសកម្មនិងនុយក្លេអ៊ែររបស់មជ្ឈមណ្ឌលជាន់ខ្ពស់ គីមី ជីវសាស្ត្រ វិទ្យុសកម្មនិងនុយក្លែអ៊ែរនៃសហគមន៍អឺរ៉ុប។
ក្នុងកម្មវិធីបើកនេះផងដែរ លោក Francesco Marelli ជាប្រធានកម្មវិធីអភិបាលកិច្ចនៃសន្តិសុខ និងការកាត់បន្ថយហានិភ័យគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់វិទ្យាស្ថានស្រាវជ្រាវយុត្តិធម៌និងបទឧក្រិដ្ឋ អន្តរតំបន់នៃ អង្គការសហប្រជាជាតិ (UNICRI) បានសម្តែងពីស្ថានភាពពិតនៃកម្ពុជាដែលប្រទេសកម្ពុជា សព្វថ្ងៃនេះ មានលិខិតូបករណ៍ដ៏សំខាន់មួយសម្រាប់ការសម្របសម្រួលថ្នាក់ជាតិនិងអន្តរជាតិ និងាករបែងចែកនូវធនធាននានាដើម្បីពង្រឹងសមត្ថភាពក្នុងការដោះស្រាយហានិភ័យគីមីជីវសាស្ត្រវិទ្យុសកម្ម និងនុយក្លេអ៊ែរ។
សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់មជ្ឈមណ្ឌលជាន់ខ្ពស់គីមី ជីវសាស្ត្រ និងនុយក្លេអ៊ែរ របស់សហគមន៍អឺរ៉ុប និងវិទ្យាស្ថានស្រាវជ្រាវយុត្តិធម៌ និងបទឧក្រិដ្ឋអន្តរតំបន់ នៃអង្គការសហប្រជាជាតិ ព្រមទាំងសហគមន៍អន្តរជាតិ បន្តផ្ដល់ជំនួយដល់កម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាពជាតិ ដែលជាបេសកកម្មមនុស្សធម៌ប្រវត្តិសាស្ត្ររបស់ខ្លួនប្រកបដោយជោគជ័យ និងឆ្លើយតបបានទាន់ ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាជន។
សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ ក្នុងការធានាថា កិច្ចខិតខំប្រឹងប្រែងនានាដែលមាន ភាពដាច់ដោយឡែកពីគ្នាត្រូវបានដាក់ បញ្ចូលទៅក្នុងវិធីសាស្ត្ររួមគ្នាតែមួយ ក្នុងការបង្ការហានិភ័យគីមី ជីវសាស្ត្រ វិទ្យុសកម្ម នុយក្លេអ៊ែរ នឹងបង្កើតបានជាចក្ខុវិស័យថ្នាក់ជាតិមួយ ដើម្បីកសាងនិងពង្រឹង សមត្ថភាព ឆ្លើយតបទៅនឹងឧបទ្ទវហេតុ ដែលអាចនឹងកើតមានឡើងជាយថាហេតុបណ្ដាលមក ពីគ្រោះ ធម្មជាតិ ការលិចធ្លាយ ការធ្វេសប្រហែស ការប្រើប្រាស់បរិក្ខារមិនមានស្តង់ដារសម្រាប់ការ ដឹកជញ្ជូន ក៏ដូចជាការរក្សាទុក ការផ្ទុះជំងឺ។ល។
ម្យ៉ាងទៀតផែនការសកម្មភាពនេះមានគោលដៅខិតខំធ្វើយ៉ាងណា ឱ្យចក្ខុវិស័យថ្នាក់ជាតិមួយនេះ កាត់បន្ថយឱ្យខាងតែបាននូវ ហានិភ័យគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ និងកំណត់ឱ្យបាន នូវអាទិភាពសម្រាប់ ពង្រឹងសមត្ថភាពក្នុងវិស័យនេះ។
ផែនការសកម្មភាពជាតិ របស់កម្ពុជាគឺផ្អែកទៅលើវិធីសាស្ត្រដែលពាក់ព័ន្ធ ទៅនឹងការដោះស្រាយនូវរាល់គ្រោះថ្នាក់ផ្សេៗ រួមមានហានិភ័យដែលទាក់ទងទៅនឹងឧក្រិដ្ឋកម្មផ្សេងៗ (ការរីកសាយគីមី ជីវសាស្ត្រ វិទ្យុសកម្មនិង នុយក្លេអ៊ែរ អំពើចោរកម្ម ការបំផ្លិចបំផ្លាញ ការជួញដូរខុសច្បាប់ និងអំពើភេរវកម្ម) ហើយព្រឹត្តិការណ៍ ជាយថាហេតុផ្សេៗ (គ្រោះថ្នាក់នៅក្នុវិស័យឧស្សាហកម្ម កន្លែងប្រព្រឹត្តកម្មកាកសំណល់ ឧបទ្ទវហេតុក្នុង ការដឹកជញ្ជូន) ក៏ដូចជាព្រឹត្តិការណ៍ធម្មជាតិផ្សេងៗ (ការផ្ទុះជំងឺឆ្លង និងជំងឺដែលពាក់ព័ន្ធដោយសារតែ សារធាតុគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ ដែលបង្កឡើងដោយគ្រោះធម្មជាតិ)។
ប្រសិនបើបញ្ហាទាំងនេះមិនត្រូវបានដោះស្រាយឱ្យបានត្រឹមត្រូវនោះទេ លទ្ធផលនៃព្រឹត្តិការណ៍ទាំងនោះ នឹងអាចប៉ះពាល់ទៅដល់សុខភាព បរិស្ថាន កសិកម្ម សន្តិសុខ សេដ្ឋកិច្ច និងសង្គមទាំងមូល ហើយវាក៏ ជាបញ្ហាដែលប៉ះពាល់ដល់កម្រិតថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផ្សេៗដែរ៕ ដោយ៖បញ្ញាស័ក្តិ