ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធ និងបើកការដ្ឋានសាងសង់សាលាហ្វឹកហ្វឺនចារកម្ម ហើយសម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា កងទ័ពមិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ ប៉ុន្តែកងទ័ពជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។ កងទ័ពត្រូវនៅអព្យាក្រឹតចំពោះមុខគណបក្សនយោបាយទាំងអស់។ កងទ័ពគឺមិនអាចអព្យាក្រឹតរវាង រដ្ឋ និងបក្សនយោបាយឡើយ ហើយបក្សនយោបាយក៏គ្មានសិទ្ឋិបញ្ជាកងទ័ពទេ។
នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធ និងបើកការដ្ឋានសាងសង់សាលាហ្វឹកហ្វឺនចារកម្ម ដែលស្ថិតនៅខណ្ឌព្រែក
ព្នៅ រាជធានីភ្នំពេញ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កងទ័ពជាតិគឺបង្កើតឡើងដើម្បីការពាររដ្ឋ គឺមានតែរដ្ឋទេទើបមានសិទ្ឋិបញ្ជាទ័ពបាន។ កងទ័ពជាតិត្រូវមានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយក៏មិនមែនជាកងទ័ពផ្តាច់ការដែរ។ យើងបានឃើញច្បាស់ណាស់ថា កងទ័ពដ៏សាហាវឃោរឃៅរបស់ខ្មែរក្រហមជាង ៨ម៉ឺននាក់ (១៧ មេសា ១៩៧៥- ៦ មករា ១៩៧៩) ដែលគ្មានការគាំទ្រពីប្រជាជន គឺត្រូវបានរលាយទាំងស្រុងនៅថ្ងៃទី ៧ មករា ១៩៧៩។ សំខាន់ណាស់ គឺកងទ័ពគឺត្រូវក្តាប់អោយជាប់នូវខឿនការពារជាតិរបស់ប្រជាពលរដ្ឋ ហើយខិតខំបម្រើប្រទេសជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋអោយបានល្អ។
សម្តេជតេជោ លើកឡើងថា យើងចងចាំបានថា កាលពី ៣៩ឆ្នាំមុន គឺកងទ័ពយើងកំពុងបោះជំហានយ៉ាងអង់អាចក្លាហានឈានឆ្ពោះមករំដោះទីក្រុងភ្នំពេញ និងប្រទេសជាតិទាំងមូល។ ខ្ញុំសូមអរគុណបងប្អូនកងទ័ពយើងជាច្រើនដែលបានចូលបម្រើប្រទេសជាតិជាង៤០ឆ្នាំមកហើយ ហើយកំពុងរស់រានមានជីវិតមកទល់ពេលនេះ។
សព្វថ្ងៃនេះ កងទ័ពជាតិយើងកំពុងរីកលូតលាស់ធំធាត់ទាំងកាយសម្បទារ និងសមត្ថភាព។ ជាប្រវត្តិសាស្ត្រ គឺកងទ័ពជាតិយើងបានចាប់កំណើតមកពី “កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃ ២ធ្នូ ឆ្នាំ ១៩៧៨ ។ កងទ័ពជាតិបានចូលរួមវិភាគទានយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិដែលបានធ្វើអោយប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃ។ ខ្ញុំសូមអរគុណ និងជូនពរ បងប្អូនកូនក្មួយកងទ័ពជាតិទូទាំងប្រទេស ដែលកំពុបម្រើការនៅក្នុងប្រទេស និងការពារទឹកដីនៅតាមព្រំដែន និងចូលរួមបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានាជាមួយអង្គការសហប្រជាជាតិ សូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។
ប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា “កងទ័ព គឺជា “ខឿនការពារជាតិរបស់ប្រជាពលរដ្ឋ”។ កងទ័ពជាតិកម្ពុជា គឺត្រូវតែមានសមត្ថភាព មានវិន័យថ្លៃថ្នូរ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់នូវសង្គ្រាម និងទប់ស្កាត់នូវបដិវត្តន៍ពណ៌គ្រប់ប្រភេទអោយបាន។ កងទ័ព គឺជាចំណុចស្នូលដ៏សំខាន់របស់ជាតិ។ កងទ័ពជាតិត្រូវចងចាំថា “កងទ័ពជាកូនចៅរបស់ប្រជាពលរដ្ឋ ហើយត្រូវធ្វើការអោយស្របទៅតាមផលប្រយោជន៍របស់ប្រជាពលរដ្ឋ”។
ថ្ងៃនេះ ខ្ញុំសូមប្រកាសបញ្ជាក់សារជាថ្មីថា ចំពោះអ្នកទាំងឡាយណាដែលកំពុងបញ្ជាបដិវត្តន៍ពណ៌ ឬបន្តរៀបចំគម្រោងបដិវត្តន៍ពណ៌នៅកម្ពុជា ទាំងកំពុងរស់នៅក្នុងប្រទេសកម្ពុជា ឬកំពុងបញ្ជាពីក្រៅប្រទេស គឺត្រូវតែបញ្ឈប់សកម្មភាពនេះជាដាច់ខាត និងជាបន្ទាន់”៕ ដោយ៖កូឡាប