ភ្នំពេញ ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សា បន្តលើពង្រាងអនុក្រឹត្យ ស្តីពីស្លាកលេខរថយន្តពិសេស ដើម្បីកែសម្រួលខ្លឹមសារ និង បទដ្ឋាននីតិវិធីសម្រាប់ការលក់ និងផ្ទេរលេខពិសេសផ្ទាល់ខ្លួន ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង ដើម្បីគ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល និងមន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធ ថ្ងៃសុក្រទី៤ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
លោក ស៊ុន ចាន់ថុល បានថ្លែងថា ខ្លឹមសារនៃពង្រាងអនុក្រឹត្យនេះ អនុញ្ញាតឱ្យម្ចាស់យានជំនិះ ស្នើសុំរក្សាលេខចុះបញ្ជី យានជំនិះ ដែលកំពុងប្រើប្រាស់ សម្រាប់ចុះបញ្ជីលើយានជំនិះថ្មីរបស់ខ្លួនបាន ស្របតាមបែបបទ និង នីតិវិធីនៃការចុះបញ្ជីយានយន្ត ការផ្តល់ស្លាកលេខយានយន្ត និងការលុបចេញពីបញ្ជីយានយន្ត និងត្រូវបង់កម្រៃសេវាសាធារណៈ ដែលកំណត់ដោយប្រកាសអន្តរក្រសួង រវាងរដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕ ដោយ ៖ បញ្ញាស័ក្តិ