បន្ទាយមានជ័យ ៖ អភិបាលថ្មីក្រុងប៉ោយប៉ែតបានចូលកាន់តំណែងនោះ បានអះអាងខិតខំដោះស្រាយបញ្ហាចំពោះមុខបន្ទាន់មួយចំនួនដែលជាការទទួលខុសត្រូវផងនិងឆ្លើយតបការរិះគន់ពីសាធារណ:ជនកាលពីអណត្តិអភិបាលចាស់ផង។
យោងរបាយការណ៍សង្ខេបរបស់រដ្ឋបាលក្រុងប៉ោយប៉ែតអោយដឹងក្នុងពីធីប្រកាសផ្ទេរ ភារកិច្ចអភិបាលក្រុងប៉ោយប៉ែតកាលពីម្សិលមិញ ដែលមានមន្ត្រីថ្នាក់ដឹកនាំ មន្ត្រីនិងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិរាប់រយនាក់ចូលរួមនោះថា: រយ:ពេលកន្លងមកចុងក្រោយនេះ ក្រុងខិតខំអនុវត្ត ហើយសម្រេចបានលទ្ធផលការងារលើគ្រប់វិស័យ។
ប៉ុន្តែចំពោះមុខនិងទៅខាងមុខ នៅមានបញ្ហាប្រឈមមួយចំនួនដូចជា: ហេដ្ឋារចនាសម្ពូ័ន្ធនៅប្រជុំជននិងជនបទនៅពុំទាន់គ្រប់គ្រាន់។សណ្តាប់ធ្នាប់សាធារណ: អនាម័យបរិស្ថានមិនទាន់ល្អ។ការរំលោភយកដីសាធារណ:នៅតែមាន។ តំបន់មាត់ច្រកទ្វារព្រំដែននៅតែមានការចតនិងការលក់ដូររញ៉េរញ៉ៃ និងបញ្ហាគ្រឿងញៀន ក្មេងហិតកាវជាដើម។
លោក សាន ស៊ានហូ អតីតអភិបាលស្រុកអូរជ្រៅ ត្រូវបានព្រះរាជក្រឹត្យរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទេរ តែងតាំងជាអភិបាលក្រុងប៉ោយប៉ែតជំនួសលោក ង៉ៅ ម៉េងជ្រួន អតីតអភិបាលក្រុងដែលត្រូវឡើងឋាន:កាន់តំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ។
លោកប្តេជ្ញាចិត្តថា នឹងសហការដោះស្រាយបញ្ហាខាងលើអោយបានតាមដែលអាចធ្វើបាន ហើយខិតខំបំពេញការងាររដ្ឋបាលនិងការងារបន្ថែមទៀតអោយបានលទ្ធផល ប្រសិទ្ធិភាពនិងប្រកបដោយការទទួលខុសត្រូវ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានជូនពរ អបអរសាទរនិងស្នើអោយលោក សាន ស៊ានហូ អភិបាលថ្មីក្រុងប៉ោយប៉ែតបន្តស្នាដៃពីរដ្ឋបាលក្រុងចាស់ ហើយរឹរឹតតែពង្រីក ពង្រឹងលើការងារអភិវឌ្ឍន៍ និងសូមមានឆន្ទៈប្រកបដោយមនសិការសម្បជ្ជញ្ញ:ដើម្បីដោះស្រាយសេចក្តីត្រូវការក្នុងដែនរដ្ឋបាលរបស់ខ្លួន ឆ្លើយតបការដាក់ទិសពីថ្នាក់លើ និងសំណូមពរពីពលរដ្ឋថ្នាក់ក្រោម៕ ដោយ ៖ បន្ទាយ