ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន៖ ក្រសួងពាណិជ្ជកម្ម បានផ្សព្វផ្សាយថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ក្នុងអំទ្បុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការ WTO លើកទី១១ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយលោក Hiroshige Seko រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានស្នើសុំជំនួយបច្ចេកទេស ដើម្បីកសាងរចនាសម្ព័ន្ធ សម្រាប់ពាណិជ្ជកម្ម តាមប្រព័ន្ធអេទ្បិចត្រូនិក រួមទាំងការកែលម្អ និងធ្វើឲ្យប្រសើរទ្បើង នូវប្រព័ន្ធស្វ័យប្រវត្តិកម្ម ជាពិសេសគម្រោងបញ្ជរជាតិតែមួយ និងការកសាងសមត្ថភាពមន្ត្រីពាក់ព័ន្ធ តាមរយៈការប្រកាសផ្តល់ជំនួយ របស់ជប៉ុន ក្នុងទឹកប្រាក់ ៣០០ លានដុល្លារ ដើម្បីការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេទ្បិចត្រូនិក ដល់ប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍសម្រាប់រយៈពេល៣ឆ្នាំ។
ជាការឆ្លើយតប លោក Hiroshige Seko បញ្ជាក់ថា លោកនឹងពិចារណា លើសំណើរបស់ប្រទេសកម្ពុជា ហើយនឹងបន្តរឹតបន្តឹង កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម៕ ដោយ៖បញ្ញាស័ក្តិ