ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ បានសេចក្តីជូនដំណឹង ស្តីពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់តំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ ទាំងអស់ដែលត្រូវបានបញ្ឈប់ដោយសារគណបក្សត្រូវរំលាយ។
អង្គភាពប្រឆាំងអំពើពុករលួយ បានជម្រាបជូនដល់តំណាងរាស្ត្រ និងសមាជិក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ទាំងអស់ ដែលត្រូវបានបញ្ឈប់ដោយសារគណបក្សត្រូវរំលាយតាមអំណាចសាលដីកាតុលាការកំពូលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧ គឺតម្រូវឲ្យធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល ជូនមកអង្គភាពប្រឆាំងអំពើពុករលួយ យ៉ាងយូរ ៣០ថ្ងៃក្រោយចាក់ចេញពីមុខតំណែង ដូចមានចែងក្នុងមាត្រា១៨(របបប្រកាសទ្រព្យសម្បត្តិនិងបំណុល) នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
បើតាមអង្គភាពប្រឆាំងអំពើពុករលួយ ប្រការនេះលោកឡេង ប៉េងឡុង អគ្គលេខាធិការនិងជាប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងលោកសក់ សេដ្ឋា រដ្ឋលេខាធិការនិងជាប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយផ្នែករដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃ ក៏បានជូនដំណឹងថា លោក លោកស្រី អតីតជាសមាជិក សមាជិការរដ្ឋសភា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់ ទាំងអស់នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយសូមមេត្តាបំពេញកាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល យ៉ាងយូរ៣០ថ្ងៃ ក្រោយការចាកចេញពីមុខតំណែង ស្របតាមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ តាំងពីថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៧ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មកម្ល៉េះ។
អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានស្នើសូមបុគ្គលជាប់កាតព្វកិច្ចប្រកាសទាំងអស់ មេត្តារួរាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួន ឲ្យបានទាន់ពេលវេលា តាមការកំណត់របស់ច្បាប់ ដោយអញ្ជើញមកផ្ទាល់ ឬផ្ញើតាមក្រុមជនបង្គោល ប្រឆាំងអំពើពុករលួយ របស់ក្រសួងស្ថាប័ន ឬផ្ញើតាមបុគ្គលណាម្នាក់ ដែលខ្លួនទុកចិត្ត ឬផ្ញើតាមប្រៃសណីយ៍មកអបព៕ ដោយ៖កូឡាប