ខេត្តតាកែវ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចខេត្តតាកែវសហការគ្នាចាប់ខ្លួនបានជាមួយនិងវត្ថុតាងដោយជាប់ពាក់ព័ន្ធករណីលួចកាច់សោ ក ម៉ូតូជាច្រើនលើកច្រើនសារប្រចាំខេត្តតាកែវ និងខេត្តកំពតនាពេលកន្លងមក។
នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់ ទៅសមត្ថកិច្ចដើមបណ្តឹងខេត្តកំពត ដែលសហការគ្នាចាប់បានកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៩ ដោយជាប់ពាក់ព័ន្ធករណីលួចកាច់ សោ ក ម៉ូតូនាពេលកន្លងមក។ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចុះអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៖ ៥៩ព្រ.ទ/១៦ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ របស់លោក ខៀវ ផាន់ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត ទៅលើជនសង្ស័យឈ្មោះ វ៉ុក វឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលសំបូរ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ជាប់ចោទពីបទលួចកាច់សោ ក ម៉ូតូ នៅចំនុចភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ វ៉ុក វឿន បានប្រាប់ថារូបគេបានធ្វើសកម្មភាពលួចកាច់សោ ក ម៉ូតូចំនួន០៦លើក ក្នុងនោះទឹកដីខេត្តកំពតចំនួន០២លើកនិងទឹកដីខេត្តតាកែវចំនួន០៤លើក បានសម្រេចទាំង០៦លើក។ ក្រៅពីនេះជនសង្ស័យក៏បានសារភាពទៀតថា ខ្លួនធ្លាប់ទទួលទិញម៉ូតូកាច់សោ ក ពីមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណច្បាស់លាស់ចំនួន០៦លើក បានម៉ូតូ០៦គ្រឿង នៅទីតាំងហាងលក់គុយទាវមួយកន្លែង ស្ថិតនៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ហើយម៉ូតូទាំង១២គ្រឿងនេះខ្លួនបានយកទៅលក់នៅផ្សារទន្លាប់ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញបានចុះប្រតិបត្តិការដល់ទីតាំងទទួលទិញផលចោរកម្មមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ជូ សំបូរ ហៅអាក្របី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចចាប់បាន រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃស្នងការនគរបាលខេត្តតាកែវ ប្រគល់ជូនកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពតយកទៅចាត់ការបន្តតាមនីតិវិធី៕ ដោយ ៖ តាកែវ