ភ្នំពេញ ៖ ស្ត្រីម្នាក់ មកពិនិត្យជំងឺនៅមន្ទីរពេទ្យអន្តរជាតិ វ៉ិចតូរៀ តែបែរជាវេជ្ជបណ្ឌិត បង្ខិតបង្ខំឲ្យវះកាត់ បើមិនវះកាត់អាចត្រូវស្លាប់ ហេតុការណ៍នេះកើតឡើងនៅក្នុងមន្ទីរពេទ្យ វិចតូរៀ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក នាយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។
មន្ទីរពេទ្យវ៉ិចតូរៀបានបង្ខំឲ្យអ្នកជំងឺធ្វើការវះកាត់ នៅពេលវះរួចចេញតម្លៃអស់ដល់ទៅ ២០០០ដុល្លារ មិនមានលុយបង់គ្រប់ខាងមន្ទីរពេទ្យបានចាក់សោទ្វាមិនឲ្យអតថិជនចេញមកក្រៅ។
ស្ត្រីម្នាក់ បាននិយាយថា មុនដំបូងនាំកូនមកពិនិត្យជំងឺ ព្រោះតែចុកឈឺខ្លាំងពេក ស្រាប់តែមកដល់ពេទ្យ បានបង្ខំឲ្យកូនស្រីគាត់ឲ្យវះកាត់ ទោះជាថាគ្មានលុយក៏ដោយ បន្ទាប់មកពេទ្យបានវះកាត់រួច ចេញវិក្កយបត្រថ្លៃវះកាត់ សុទ្ធតែអក្សរចិន ២.០០០ដុល្លារ តែអ្នកជំងឺ មានតែ ៦០០ដុល្លារ។ ដោយសារតែ មិនមានលុយគ្រប់គ្រាន់សម្រាប់ថ្លៃវះកាត់ ទើបខាងមន្ទីរយកច្រវាក់បានចាក់សោនៅមាត់ទ្វា មិនឲ្យក្រុមគ្រួសារ និងអ្នកជំងឺចេញក្រៅ ។ ស្ត្រីរូបនោះ បានបញ្ជាក់ថា ខាងមន្ទីរពេទ្យធ្វើបែបនេះ ដូចជាចាប់ជំរិតអ៊ីចឹង ដូច្នេះសូមអស់លោកក្រសួងសុខាភិបាលមេត្តាចុះពិនិត្យនិងជួយចាត់វិធានការផង។ អ្នកជំងឺ ឈ្មោះ ហ៊ុយ ហ៊ាង។
ស្ត្រីរូបនោះ បាននិយាយថា អ្នកជំងឺបានមកពេទ្យចំនួន២ថ្ងៃហើយ ហើយបានធ្វើការវះកាត់កាលពីថ្ងៃម្សិលមិញ ហើយខ្ញុំបានសុំចេញ ព្រោះមិនមានលុយឲ្យគេ គឺខ្វះចំនួន១៤០០ដុល្លារទៀត ។ ស្ត្រីរូបបានបន្តថា បើចាប់ពីយប់នេះទៅ បើគ្មានលុយឲ្យគេទេ ចាប់ពីយប់នេះទៅ គេនឹងទារលុយ៥០០ដុល្លារសម្រាប់ថ្លៃព្យាបាលនិងសម្រាកក្នុងមន្ទីរទេព្យ ដែលនេះជាការគំរាមយើងតែម្តង ដែលនិយាយតាមអ្នកបកប្រែភាសាចិន។ សូម្បីតែម៉ែរបស់ខ្ញុំ គេយាមរហូតទោះបីជាចេញមករកទិញបាយហូប។ តាមពិតទៅ កាលពីដំបូង អ្នកជំងឺមកពិនិត្យរោកស្ត្រី ហើយពេទ្យជំរុញឲ្យយើងវះកាត់ ហើយស្រាប់តែចាប់យើងវះតែម្តង ដោយមិនបានប្រាប់តម្លៃមុន ឬធ្វើលិខិតស្នាមអ្វីឡើយ ហើយដល់ពេលវះហើយទើបចេញតម្លៃមក ក្នុងតម្លៃ២.០០០ដុល្លារ ៕ ដោយ ៖ រចនា