កណ្តាល ៖ គ្រោះថ្នាក់ចរាចរផ្លូវទឹក បង្កឡើងដោយសាឡង់ដឹកខ្សាច់របស់ឈ្មួញវៀតណាម បើកបុកទូកនេសាទខ្មែរមូស្លីម
បណ្តាលឲ្យ កុមារាម្នាក់ជាកូនខ្មែរមូស្លីម អាយុ ២ ឆ្នាំ បានបាត់បង់ជីវិត រកសពមិនទាន់ឃើញ នាវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល។
ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនេះ បង្កឡើងដោយសាឡង់ដឹកខ្សាច់ ពណ៌ បៃតងចាស់ បើកបរដោយឈ្មោះ ចាំយុំសឺង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្នុងខេត្តតាំងថាន់បេ ប្រទេសវៀតណាម បើកបរក្នុងទិសដៅពីត្បូងទៅជើង ហើយរួមដំណើរឈ្មោះ តាំ ធី ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅប្រទេសវៀតណាម លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយនឹងទូកនេសាទត្រី ពណ៌បៃតងលាយខៀវ បើកបរដោយឈ្មោះ ស្លេះ មូសា ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល បើកបរក្នុងទិសដៅពីជើងទៅត្បូង រួមដំណើរ ៣នាក់ មាន ៖ ១.ឈ្មោះ យូ មៃយ៉ាន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិឃុំជាមួយគ្នា, ២.ឈ្មោះ ម៉ូ សាគីរីន ភេទប្រុស អាយុ៧ឆ្នាំ ស្ថិតនៅភូមិឃុំជាមួយគ្នា និង ៣.ឈ្មោះ ម៉ូ សាហារ៉ូន ភេទប្រុស អាយុ០២ឆ្នាំ នៅភូមិឃុំជាមួយគ្នា បាត់ខ្លួនរកមិនទាន់ឃើញ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បានឲ្យដឹងថា ជនល្មើសបើកបរសាឡង់ដឹកខ្សាច់ ដោយខ្វះការប្រុងប្រយ័ត្ន ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ យកមករក្សាទុកអធិការនគរបាលស្រុកខ្សាច់កណ្តាល៕ ដោយ ៖ បញ្ញាស័ក្តិ