ខេត្តកោះកុង ៖ ប្រជាពលរដ្ឋ និងមន្ត្រីឃ្លាំមើលបរិស្ថានប្រចាំខេត្តកោះកុង បានអះអាងថា រាល់ថ្ងៃនេះ មានមន្ត្រីគយចំនួន៣រូប នៅខេត្តកោះកុង បានធ្វើសកម្មភាពដឹកដី និងបូមខ្សាច់ចាក់លុបរំលោភយកចំណីព្រែកធម្មជាតិ ដែលជាសម្បត្តិសាធារណៈ របស់រដ្ឋ ធ្វើកម្មសិទ្ធិឯកជន យ៉ាងអនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ពីក្រសួង និងមន្ត្រីក្រសួងមន្ត្រីមន្ទីរ ស្ថាប័នពាក់ព័ន្ធណាមួយនោះទេ។
ពលរដ្ឋថា ចំណុចកើតមានភាពមិនប្រក្រតីខាងលើនេះ គឺនៅព្រែកអណ្ដូងទឹក ស្ថិតក្នុងភូមិចាម ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋខេត្តកោះកុង បានសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយអង្កេតទៅលើទង្វើបំពានច្បាប់ របស់មន្ត្រីគយទាំង ៣រូប ប្រចាំខេត្តកោះកុង ដែលបានធ្វើសកម្មភាពដឹកដី និងបូមខ្សាច់លុបដីចំណីព្រែកធម្មជា តិ នៅមូលដ្ឋានឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ឲ្យបានឆាប់ ដើម្បីឈានទៅទប់ស្កាត់សកម្មភាពល្មើស របស់មន្ត្រីគយទាំង៣រូបនៅខេត្តកោះកុង ឈានទៅការពារធនធានធម្មជាតិ ដែលនៅសេស សល់នាមូលដ្ឋាននេះ ឲ្យបានទាន់ពេល។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋខេត្តកោះកុង បានរិះគន់ និងចោទប្រកាន់ថា បទល្មើសបូមខ្សាច់ចាក់លុបដីចំណីមាត់ព្រែកធម្មជាតិខាង លើនេះ គឺទំនងជាអាចមានការឃុបឃិត ពីបុគ្គលជាអាជ្ញាធរមូលដ្ឋានឃុំ ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៃរដ្ឋបាលខេត្តកោះ កុងផង ទើបទុកបណ្តោយឲ្យបទល្មើសបូមខ្សាច់ចាក់លុបដីចំណីមាត់ព្រែក ផ្តើមដោយមន្ត្រីគយ និងរដ្ឋាករចំនួន៣រូប នាខេត្តកោះ កុង អាចធ្វើសកម្មភាពបានដោយរលូន និងគ្មានការហាមឃាត់ពីសមត្ថកិច្ចជំនាញមូលដ្ឋាននេះ។
បញ្ហានេះ ប្រជាពលរដ្ឋឃុំអណ្តូងទឹក ស្រុកបុទុមសាគរ បានចោទថា សកម្មភាពបូមខ្សាច់ របស់មន្ត្រីគយទាំង ៣រូបនាខេត្តកោះកុងនេះ គឺទំនងជាអាចមានការឃុបឃិតគ្នាជាប្រព័ន្ធក្នុងការបើកដៃឲ្យក្រុមមន្ត្រីគយទាំងនោះ អាចមានលទ្ធភាពចាក់ដី និងបូមខ្សាច់លុបចំណីព្រែក ទៅតាមទំនើងចិត្ត របស់ពួកគេ ដោយមិនមានការទប់ស្កាត់អ្វីបន្តិចសោះ ពីសមត្ថកិច្ចជំនាញ ចាប់ពីថ្នាក់មូលដ្ឋាន ឃុំ ស្រុក រហូតដល់ថ្នាក់ខេត្ត ទោះពីជាមន្ត្រីជំនាញ និងអាជ្ញាធរស្រុកបទុមសាគរ បានដឹងឮពីបទល្មើស និងទង្វើ ដែលមន្ត្រីគយខេត្តកោះកុងទាំង៣រូប បានប្រព្រឹត្តិល្មើសច្បាប់បែបណាក្តី។
តាមប្រភពព័ត៌មានពីមន្ត្រីរាជការ និងប្រជាពលរដ្ឋរស់នៅឃុំអណ្តូងទឹក ស្នើក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ដីចំណីព្រែក ដែលបុគ្គលមួយចំនួនពុងដឹកចាក់ និងបូមខ្សាច់ ចាក់លុបតាមតំបន់មាត់ព្រែក ស្ថិតក្នុងឃុំអណ្តូងទឹកខាងលើនេះ គឺមានបុគ្គលឈ្មោះ លោក សំ កុសល មានតួនាទីជាប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង និងលោក ចាប សាវ៉ាត មន្ត្រីសាខាគយខេត្តកោះកុង ដែលឈរជើងប្រចាំការនៅឃុំអណ្ដូងទឹកផ្ទាល់តែម្តង។ ហើយទីតាំងមួយកន្លែងទៀត ដែលមានសកម្មភាពដឹកដី និងបូមខ្សាច់ចាក់លុបចំណីព្រែកផងដែរនោះ ផ្តើមដោយ លោក កើត សម្រេច ប្រធានការិយាល័យ គយ ស្រុកស្រែអំបិល ដែលបុគ្គលទាំង៣រូបខាងលើនេះ គឺសុទ្ធសឹងតែជាមន្ត្រីស្ថិតក្នុងស្ថាប័នគយ និងរដ្ឋាករខេត្តកោះកុងតែម្តង។
ប្រភពដដែលបានចោទប្រកាន់ចំៗថា ចំពោះបទល្មើសដឹកដី និងបូមខ្សាច់ចាក់លុបចំណីមាត់ព្រែកធម្មជាតិខាងលើនេះ គឺពិតជាមានការឃុបឃិតគ្នា ពីសំណាក់បុគ្គលមួយចំនួន ចាប់ពីមន្ត្រីខ្លះ កំពុងបំរើការងារនៅឃុំអណ្តូងទឹក មន្ត្រីស្រុកបុទុមសាគរ និងកំពុងបំរើការងារនៅក្នុងរដ្ឋបាលខេត្តកោះកុងតែម្តង ទើបមន្ត្រីគយ និងរដ្ឋាករខេត្តកោះកុងទាំង ៣រូបខាងលើ ពួកគេហ៊ានដឹកដីចាក់លុប និងបូមខ្សាច់លុបរំលោភយកដីចំណីមាត់ព្រែកធម្មជាតិ ដែលជាសម្បត្តិសារធារណៈ របស់រដ្ឋ ធ្វើកម្មសិទ្ធិ ដោយមិនញញើតច្បាប់បែប នេះ។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ ក៏មានចម្ងល់ដែរថា មូលហេតុអ្វីបានជាបទល្មើសរំលោភយកដីចំណីមាត់ព្រែកធម្មជាតិ របស់រដ្ឋធ្វើសកម្មសិទ្ធិពីសំណាក់បុគ្គលមួយចំនួន នាឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ឃើញបទល្មើសជាក់ស្តែងនៅនឹងភ្នែក ហេតុអ្វីបែរជាមិន ឃើញមានមន្ត្រីពីស្ថាប័នជំនាញពាក់ព័ន្ធផ្នែកណាមួយ ចេញមុខទប់ស្កាត់ ឬបង្ក្រាបបែបនេះទៅវិញ។ បើទោះបីមន្ត្រីជំនាញទាំងនោះដឹងថា សកម្មភាពដឹកដី និងបូមខ្សាច់លុបព្រែកធម្មជាតិ ផ្តើមដោយមន្ត្រីគយទាំង ៣រូបខាងលើនេះ វាខុសផ្លូវច្បាប់ និងបានផ្គើនទៅបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន ដែលបានចេញបទបញ្ជាដល់មន្ត្រីក្រោមឱវាទ តាមខេត្តជាប់សមុទ្រទាំង ៤រួមមាន៖ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវការពារថែរក្សាដីចំណីបឹងអូរ មាត់សមុទ្រ ដីព្រៃកោងកាង និងដីព្រែកធម្មជាតិជាដើម ឲ្យបានគង់វង្ស ក៏ប៉ុន្តែមន្ត្រីតាមខេត្តជាប់សមុទ្រទាំង ៤នោះ មិនបានអនុវត្តតាមបទបញ្ជា របស់សម្តេច ប្រមុខដឹកនាំឲ្យមានប្រសិទ្ធភាពនោះទេ។ ផ្ទុយទៅវិញ ហាក់បានផ្គើន ចំពោះបទបញ្ជា របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលទៅវិញ។ ម្យ៉ាងទៀត ទំនងជាមន្ត្រីគយទាំង៣រូប នៅខេត្តកោះកុង មានខ្នងបង្អែកមានឋានៈខ្ពស់ ឬអាងខ្លួនជាមេគយមានឋានៈធំនៅខេត្តកោះកុងហើយមើលទៅ ទើបពួកគេហ៊ានចាក់ដីលុបចំណីព្រែក និងបូមខ្សាច់លុបចំណីព្រែក រំលោភធ្វើសកម្មសិទ្ធិ ដោយគ្មានញញើតច្បាប់បែបនេះ។
និយាយដល់ត្រង់នេះ ក្រុមអ្នកឃ្លាំមើលបរិស្ថាន និង ប្រជាពលរដ្ឋរស់នៅឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង បានសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជួយមានវិធានការទប់ស្កាត់ សកម្មភាព របស់មន្ត្រីគយចំនួូន ៣រូប នៅខេត្តកោះកុង ដែលបានធ្វើសកម្មភាពដឹកដី និងបូមខ្សាច់ចាក់លុបរំលោភដីចំណីមាត់ព្រែកធម្មជាតិ នៅក្នុងមូលដ្ឋានឃុំអណ្តូងទឹក ឲ្យបានឆាប់ ដើម្បីការពារធនធានធម្មជាតិ ឬព្រៃកោងកាង ដែលនៅសេសសល់កុំឲ្យបាត់បង់។ ជាងនេះទៀត ក៏ស្នើដល់ថ្នាក់ដឹកនាំស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវមានវិធានការផ្លូវច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធបទល្មើស ចូលទៅទន្ទ្រានដីចំណីមាត់ព្រែក ឬដីព្រៃកោងកាង នៅឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ឲ្យបានធ្ងន់ធ្ងរ ប្រសិនបើរកឃើញកំហុសឆ្គងថាបាន ចូលរួមបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ដើម្បីជាការព្រមានដល់មន្ត្រីដទៃទៀត កុំឲ្យយកគំរូតាម។
ឆ្លើយតបបញ្ហានេះ លោក កើត សម្រេច ប្រធានការរិយាល័យគយស្រុកស្រែអំបិល ខេត្តកោះកុង បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកពិតជាបានបូមខ្សាច់ ចាក់លុបចំណីមាត់ព្រែក នៅក្នុងឃុំអណ្តូងទឹកពិតប្រាកដមែន ប៉ុន្តែលោកថា សកម្មភាពដឹកដី និងបូមខ្សាច់ចាក់លុបមាត់ព្រែកខាងលើនេះ គឺលោកមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋានឃុំអណ្តូងទឹក អាជ្ញាធរស្រុកបុទុមសាគរ និងបានបង់សួយសារ ជូនទៅមន្ទីររ៉ែ និងថាមពលខេត្តកោះកុងថែមទៀតផង។
ទាក់ទិនបញ្ហានេះដែរ លោក ពៅ ចាន់ថន ប្រធានការរិយាល័យភូមិបាល ស្រុកបទុមសាគរ បានឲ្យដឹងតាមទូរស័ព្ទថា រឿងរ៉ាវមានបុគ្គលដឹកដីចាក់លុបចំណីព្រែក នៅចំណុចឃុំអណ្តូងទឹក ដែលពលរដ្ឋបានលើកឡើងនោះ គឺរូបលោកពុំបានដឹងនោះទេ។ ហើយថា កន្លងមករូបលោក ក៏ពុំបានអនុញ្ញាតច្បាប់ ឬក៏មិនបានចេញលិខិតណាមួយ ជូនបុគ្គលទាំងឡាយណា ឲ្យដឹកដី និងបូមខ្សាច់ចាល់លុបចំណីមាត់ព្រែក នៅឃុំអណ្តូងទឹកនោះទេ។ លោកបន្តថា ករណីនេះ បើមានបុគ្គលណាមួយមកអះអាងថា ពួកគេមានច្បាប់អនុញ្ញាតដឹកដី និងបូមខ្សាច់ចាក់រំលោភដល់ចំណីមាត់ព្រែក នៅលើទីតាំងខាងលើ ចេញច្បាប់អនុញ្ញាតិដោយរូបលោក ស្នើឲ្យបុគ្គលនោះ យកឯកសារមកការិយាល័យភូមិបាល ដើម្បីពិនិត្យឲ្យដឹងការពិត ជៀងវាងការក្លែងបន្លំ និងបង្ខូចកេរ្តិ៍ឈ្មោះដល់រូពលោក និងស្ថាប័នមួយនេះ។
ចំណែក លោក ទូ សាវុទ្ធ អភិបាលស្រុកបទុមសាគរ ខេត្តកោះកុង ក៏បានឲ្យដឹងតាមទូរស័ព្ទដែរថា ចំពោះរឿងរ៉ាវចាក់ដីលុបព្រែកខាងលើនេះ លោកមិនទាន់បានទទួលព័ត៌មាន ឲ្យបានច្បាស់លាស់នៅឡើយទេ ហើយរឿងនេះ រូបលោក ក៏បានបញ្ជូនមន្ត្រីជំនាញឲ្យចុះទៅពិនិត្យដល់ទីតាំងកើតមានបញ្ហានោះរួចហើយដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ខាងមន្ត្រីជំនាញទាំងនោះ នៅពុំទាន់បានរាយការណ៍វិលត្រឡប់មករូបលោកឲ្យបានដឹងព័ត៌មាន ជុំវិញករណីដឹកដី និងបូមខ្សាច់ចាក់លុបចំណីមាត់ព្រែកនៅឃុំអណ្តូងទឹកនោះ នៅឡើយទេ។
ត្រង់ចំណុចនេះ លោក ទូ សាវុទ្ធ សង្កត់ធ្ងន់ថា បើសិនជាមានករណីដឹកដី និងបូមខ្សាច់ចាក់លុបរំលោភដីចំណីព្រែកធម្មជាតិ ដូចការអះអាង របស់ប្រជាពលរដ្ឋមូលដ្ឋាននេះ លើកឡើងពិតមែននោះ គឺខាងអាជ្ញាធរលោកនឹងមិនចេញលិខិតកាន់កាប់ ឬប្លង់កម្មសិទ្ធិជូនបុគ្គលទាំងនោះជាដាច់ខាត។
យ៉ាងនេះក្តីអ្នកយកព័ត៌មាន ប្រចាំខេត្តកោះកុង នៅមិនទាន់អាចទាក់ទង លោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ដើម្បីស្នើការបំភ្លឺជុំវិញករណីខាងលើនេះ បានទេតាមទូរស័ព្ទ។
ចំណែកលោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង និងលោក ចាប សាវ៉ាត មន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង ក៏ពុំទាន់អាចស្នើសុំការបំភ្លឺបាននៅឡើយទេ ជុំវិញការចោទប្រកាន់ របស់ប្រជាពលរដ្ឋរស់នៅឃុំអណ្តូងទឹក ដែលអះអាងថា មានមន្ត្រីគយចំនួន៣រូប នៅខេត្តកោះកុង បានធ្វើសកម្មភាពដឹកដី និងបូមខ្សាច់ចាក់លុបរំលោភយកដីចំណីមាត់ព្រែក មានទីតាំងនៅត្រង់ចំណុចព្រែកអណ្ដូងទឹក ស្ថិតក្នុងភូមិចាម ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ បានទេ នៅរសៀលថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩នេះ៕ ដោយ ៖ ដែន សីមា