ខេត្តព្រះសីហនុ ៖ គណៈបញ្ជាកាឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ និងគ្រឿងចក្រ ចុះកាយប្រឡាយក ដើម្បីកំណត់បរិវេណដីព្រៃឈើសម្រាប់បម្រុងទុកជាប្រភពទឹកស្អាត មានទីតាំងនៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
សកម្មភាពនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបន្តចុះអនុវត្ត ចាប់ពីព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩នេះ ដោយបានបន្តដាក់បំរាម ជាដាច់ខាត ហាមមិនប្រជាពលរដ្ឋ គ្រប់ៗរូប ចូលទៅទន្ទ្រានកាប់រានដីព្រៃ បម្រុងទុកសម្រាប់រក្សាប្រភពទឹកស្អាត នៅតំបន់ក្បាលឆាយ ដើម្បីធ្វើកម្មសិទ្ធិឯកជនទៀតទេ។
នាឱកាសនោះដែរ លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ បានប្រកាសថា ដើម្បីការពារប្រភពទឹកក្បាយឆាយ នៅតំបន់ដីអនុក្រឹត្យក្បាលឆាយ ស្ថិតក្នុងសង្កាត់១ ក្រុងព្រះសីហនុ ឲ្យបានគង់វង្ស គឺ រដ្ឋបាលខេត្ត នឹងអនុវត្តន៍ផ្លូវច្បាប់ ដោយមិនលើកលែង ចំពោះបុគ្គលទាំងឡាយណា ដែលធ្វើឲ្យរាំងស្ទះ ចំណាត់ការ របស់អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ក្នុងសកម្មភាពការពារប្រភពទឹកស្អាតនៅតំបន់ក្បាលឆាយជាដាច់ខាត។
ត្រង់ចំណុចនេះ លោក ស៊្រុន ស៊្រន់ បានព្រមានថា ចំពោះប្រជាពលរដ្ឋមួយចំនួន ដែលបានព្យាយាមតវ៉ាជំទាស់ ទៅនឹងវិធានការ របស់រដ្ឋបាលខេត្តព្រះសីហនុ និងបន្តទាមទារការអនុគ្រោះពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដើម្បីទទួលបានការកាន់កាប់ដីរក្សាប្រភពទឹកស្អាត នៅតំបន់ក្បាលឆាយ នឹងមិនមានការអនុគ្រោះទៀតទេ។ជាងនេះទៀត ចំពោះការផ្តល់ដីសម្បទានសង្គមកិច្ច ក៏មិនមានទៀតដែរ។
បន្ថែមលើនេះ លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ បញ្ជាក់ថា កន្លងមករដ្ឋបាលខេត្ត បានអនុវត្តន៍តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានកាត់ឆ្វៀលដី ចេញពីតំបន់ក្បាលឆាយនេះ ចែកជូនប្រជាពលរដ្ឋ ធ្វើជាកម្មសិទ្ធិ ដែលខ្វះដីសង់ផ្ទះ មានចំនួនរាប់ពាន់គ្រួសាររួចមកហើយៗ ក៏បានប្រកាសដាច់ខាតថា នឹងមិនមានការផ្តល់ដីសម្បទានដីសង្គមកិច្ច សម្រាប់ចែកជូនប្រជាពលរដ្ឋទៀតទេ។ ព្រមជាមួយគ្នានេះ លោកថា រដ្ឋបាលខេត្តព្រះសីហនុ ក៏ធ្លាប់បានប្រកាសប្រាប់ប្រជាពលរដ្ឋ កុំចូលទៅកាប់រានដីព្រៃ នៅតំបន់ក្បាលឆាយ សម្រាប់រក្សាប្រភពទឹកស្អាតជាបន្តទៀត បើមិនដូច្នេះទេ អាជ្ញាធររដ្ឋបាលខេត្ត នឹងអនុវត្តតាមវិធានការច្បាប់មិនលើកលែងទេ។
តាមការសង្កេតឃើញថា ក្នុងអំឡុងពេលដែលអាជ្ញាធរ បានចុះទៅជីកកាយប្រឡាយ ដើម្បីកំណត់ព្រំដីអនុក្រឹត្យ សម្រាប់រក្សាប្រភពទឹកស្អាត នៅតំបន់ក្បាលឆាយ មានទីតាំងស្ថិតក្នុងសង្កាត់លេខ១ កាលពីព្រឹកថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងចម្រុះ របស់រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក ស៊្រុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ ក៏បានឃាត់ខ្លួនប្រជាពលរដ្ឋមួយចំនួនផង។ ក្នុងនោះ ក៏មានអតីតមន្ត្រីគណបក្សប្រឆាំង គឺលោក ឆាយ រដ្ឋ ម្នាក់ផងដែរ៕ ដោយ ៖ ដែន សីមា