ភ្នំពេញ ៖ លោក ម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើឱ្យមានការបង្កើនការផ្តល់នូវកញ្ចប់ថវិកា សម្រាប់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារ ដែលហៅកាត់ថា (គ.ក.ស.ក.) ដើម្បីបង្កើនលទ្ធភាព ក្នុងការចុះអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៩នេះ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតជួយដល់ស្ត្រីនិងកុមារ ដែលងាយនឹងរងគ្រោះនៅតាមសហគមនានាក្នុងរាជធានីភ្នំពេញ ។
ការស្នើបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបឆ្លុះបញ្ចាំងលទ្ធផលផែនការសកម្មភាពឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩របស់ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ នៃក្រុនប្រឹក្សារាជធានីភ្នំពេញ ដែលបានប្រារពធ្វើនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោក ម៉ប់ សារិន បានមានប្រសាសន៍ថា ឆ្លងតាមរបាយការណ៍ និងសកម្មភាព របស់ គ.ក.ស.ក.ឃើញថា រាល់សកម្មភាព ដែលបានអនុវត្ត ជាក់ស្តែងក្នុងឆ្នាំកន្លងមក បានឆ្លុះបញ្ចាំងពីការចូលរួម យ៉ាងសកម្ម ក្នុងការយកចិត្ត គិតគូរដល់ការគាំទ្រ ចំពោះ ស្រី្ត និងកុមារ នៅក្នុងសហគមក្រីក្រ ដែលងាយរងគ្រោះក្នុងរាជធានី លើវិស័យអប់រំ សុខាភិបាល យេនឌ័រ និង វិស័យសំខាន់ៗជាច្រើន ដើម្បីឱ្យពួកគាត់ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរស់នៅក្នុងសង្គមស៊ីវិល័យមួយនេះ។
ជាមួយគ្នានោះលោក ប្រធានក្រុមប្រឹក្សា ក៏បានផ្តល់នូវអនុសាសន៍ដ៏ល្អសម្រាប់យកទៅអនុវត្ត ជាពិសេសបានជម្រុញលើកទឹកចិត្តដល់ស្រី្តឱ្យមានភាពក្លាហានចូលរួមក្នុងសកម្មភាពដឹកនាំនៅគ្រប់កម្រិត និងបានជម្រុញឱ្យស្ត្រីជាថ្នាក់ដឹកនាំ បន្តបង្កើនសមត្ថភាព ដើម្បីបំពេញការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លើសពីនេះ សុំឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងបន្តយកចិត្តទុកដាក់ ថែទាំ សុខភាព មាតានិងទារក ដោយចូលរួមអប់រំ ផ្សព្វផ្សាយ បង្ការ និងទប់ស្កាត់ នូវជំងឺដង្កាត់នានា ដោយផ្តល់នូវអាហារូបត្ថម្ភ ឱ្យបានគ្រប់គ្រាន់ដល់កុមារក្រីក្រ ព្រោះពួកគេ ជាធនធានដ៏មានតម្លៃបំផុតរបស់ប្រទេសជាតិ ទៅថ្ងៃពេលអនាគត។
លោក បានបញ្ជាក់ថា ថ្នាក់ដឹកនាំ គ.ក.ស.ក. ត្រូវតែជជែកគ្នាឱ្យបានល្អិតល្អន់ ដើម្បីស្វែងរកយន្តក្នុងការទទួលថវិកាមូលនិធិរួមរបស់សង្កាត់ឱ្យបានលឿន មកប្រើប្រាស់ សម្រាប់អនុវត្តសកម្មភាព បម្រើដល់ដំណើរការរបស់ខ្លួននឹងបន្តក្តាប់សភាពការណ៍ ក្នុងមូលដ្ឋានឱ្យគ្រប់ជ្រុងជ្រោយ ហើយធ្វើរបាយការណ៍មកអាជ្ញាធរមូលដ្ឋានចុះទៅដោះស្រាយឱ្យបានទាន់ពេលវេលា និងតម្រូវការចាំបាច់ជាក់ស្តែង។
លោកបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ២០២០ទៅ ថវិកា មូលនិធិរួមរបស់សង្កាត់នឹងត្រូវបានបង្កើនយ៉ាងហោចណាស់២០ភាគរយបន្ថែមសម្រាប់អនុវត្តសកម្មភាពនិងផែនការនៅតាមមូលដ្ឋានគ្រប់គ្រងឱ្យមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានោះដែល លោកស្រី ឃួន គឹមនី សមជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធាន គ.ក.ស.ក. ក៏បានធ្វើរបាយករណ៍លម្អិតពាក់ព័ន្ធនឹងសកម្មភាពកន្លងមក ក៏ដូចជាបង្ហាញនូវផែនការសម្រាប់ឆ្នាំ២០១៩ជូនអង្គប្រជុំ ដើម្បីឱ្យការដំណើរការរបស់ គ.ក.ស.ក.ប្រព្រឹត្តទៅដោយរលូន តម្លាភាព ប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់។ លោកស្រី បានលើកឡើងថា ក្នុងឆ្នាំ២០១៨ គ.ក.ស.ក.បានអនុវត្តផែនការសកម្មភាព ដែលបានអនុវត្តដោយក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ ចំនួន២លើក ក្នុងលើកទី១ សកម្មភាពនិងថវិកា ដែលគាំទ្រដោយរដ្ឋបាលរាជធានី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ និងលើកទី២ សកម្មភាពនិងថវិកាដែលគាំទ្រដោយយូនីសេហ្វ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០។ ជាមួយគ្នានោះ គ.ក.ស.ក. រាជធានី បានទទួលការគាំទ្រថវិកាមួយចំនួនពីសប្បុរសជនថែមទៀត។ សរុបថវិកាសម្រាប់អនុវត្តផែនការសកម្មភាព ក្នុងឆ្នាំ២០១៨ មានចំនួន១៣.៦៦៨ដុល្លារ ស្នើនឹង ៥៤.៦៧២.០០០រៀល។
របាយការណ៍របស់ គ.ក.ស.ក. បានលើកឡើពីផលលំបាក របស់ គ.ក.ស.ក. រាជធានី គឺ សមាជិក គ.ក.ស.ក. រាជធានីមួយចំនួន ចូលរួមកិច្ចប្រជុំសាមញ្ញប្រចាំខែមិនបានទៀងទាត់ ដោយជាប់ភារកិច្ចច្រើននៅវិស័យរបស់ខ្លួន និងមានសមាជិកខ្លះអវត្តមានរហូតពេញឆ្នាំ។ ការផ្តល់របាយការណ៍តាមវិស័យនីមួយៗ របស់សមាជិក គ.ក.ស.ក. រាជធានី ខ្លះមានភាពយឺតយ៉ាវ និងការអនុវត្តផែនការសកម្មភាពរបស់សមាជិក គ.ក.ស.ក. រាជធានីខ្លះ ដែលប្រើប្រាស់ថវិកាមន្ទីរសាមីពុំបានសម្រេច ដោយសារជួបការលំបាកលើថវិកា។
គ.ក.ស.ក. ខណ្ឌមួយចំនួននៅតែជួបការលំបាកលើថវិកា ។ គ.ក.ស.ក. សង្កាត់ នៅតែជួបការលំបាកលើបញ្ហាថវិកា ដោយកញ្ចប់ថវិកាមានតិច ៤លានរៀលក្នុងមួយឆ្នាំ ក្នុងនោះមានសង្កាត់ខ្លះបើកបុរេប្រទានបានតែ២លានរៀល ក្នុងមួយឆ្នាំ មិនអាចដោះស្រាយការងារ សេវាសង្គម បានតាមត្រូវការប្រជាពលរដ្ឋជាអាទិភាព និងមានសង្កាត់ខ្លះខ្វះស្មៀន ជួបការលំបាកលើការប្រើប្រាស់ និងទូទាត់ថវិកា៕ ដោយ ៖ កូឡាប