ខេត្តតាកែវ ៖ ស្ត្រីរងគ្រោះដែលមានកូនខ្ចីម្នាក់ ត្រូវបានស្ត្រី២នាក់ បងប្អូននាំគ្នាមកព្រួតវាយដោយសារតែខឹង និងជនរងគ្រោះថា បាននិយាយដើមគ្រួសាររបស់គេ ខណៈដែលជនរងគ្រោះកំពុងដេកបំប៉ៅដោះកូននៅលើគ្រែមុខផ្ទះរបស់ខ្លួន ។
ហេតុការណ៍បង្កហិង្សាដាក់ស្ត្រីកូនខ្ចីនេះបានកើតឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៤និង០៥នាទីរសៀល ស្ថិតនៅផ្ទះជួលជនរងគ្រោះក្នុងភូមិស្នោ សង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ ។ តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា រូបគាត់មានឈ្មោះ ទាត់ តុលា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សព្វថ្ងៃមកជួលផ្ទះគេលក់ដូរជាមួយនិងប្តីនៅភូមិស្នោ សង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ ។ ស្ត្រីរងគ្រោះបានបន្តថា នៅវេលាម៉ោងកើតហេតុខាងលើដោយប្តីរបស់គាត់ចេញទៅធ្វើការបាត់រូបគាត់ត្រូវបានស្ត្រី២នាក់បងប្អូនដែលមានឈ្មោះ គ្រុយ អូន ភេទស្រី និងឈ្មោះ ឡៃ ភេទស្រី បាននាំគ្នាជិះម៉ូតូមកព្រួតវាយដោយពុំដឹងមូលហេតុ ខណៈដែលគាត់កំពុងដេកបំប៉ៅដោះកូននៅលើគ្រែមុខតូបលក់ដូររបស់ខ្លួន។ ហើយសកម្មភាពដែលស្ត្រី២នាក់វាយនោះគឺ យកស្បែកជើងកែងចោទវាយលើក្បាលជាច្រើនស្បែកជើង និងទាត់ធាក់ផងដែរ បណ្តាលអោយមានស្នាមរបួសត្រង់ក្បាលចំហៀងខាងស្តាំ ។
ក្រោយកើតហេតុរូបគាត់បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលរកាក្នុង ទៅលើស្ត្រីទាំង២នាក់នេះ ហើយពីបទបង្កហិង្សាដោយចេតនានិងសូមឲ្យសមត្ថកិច្ចមេត្តាចាត់ការពួគគាត់តាមនីតិវិធីផងចុះ។
សូមបញ្ជាក់ផងដែរថា ក្រោយពេលកើយហេតុបានមួយថ្ងៃ ប៉ូលីសនៃប៉ុស្តិរដ្ឋបាលរកាក្នុងបានទៅធ្វើកំណត់ហេតុដល់កន្លែងកើតហេតុផ្ទះរបស់ជនរងគ្រោះ ខណៈពេលដែលប៉ូលិសកំពុងកើតហេតុនោះ ជនបង្ករក៏បានមកក្បែរ ហើយអង្គុយចាំមើលប៉ូលិសធ្វើរបាយការណ៍យ៉ាងរំភើយ ដោយធ្វើខ្លួនដូចជាមិនខ្លាចច្បាប់អ្វីបន្តិចសោះឡើយ ។
មជ្ឈដ្ឋាននៅជុំវិញបាននិងកំពុងចាំមើលថា តើសមត្ថកិច្ចអាចមានសមត្ថភាពឃាត់ខ្លួន ស្ត្រីជើងខ្លាំងពីរនាក់បងប្អូន មកវាយគេដល់ក្នុងផ្ទះ ហើយមកអង្គុយចាំមើលប៉ូលិសបានដែរឬអត់ ៕ តាកែវ